លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព COVID-19 កាលពីម្សិលមិញថា ការព្យាបាលអ្នកផ្ទុក COVID-19 មិនទាន់មានពិធីសារ ឬក៏ថ្នាំប្រភេទនេះ ឬប្រភេទនោះច្បាស់លាស់ សម្រាប់កំណត់ព្យាបាល COVID-19 ជានោះទេ។ តែអ្វីដែលគ្រូពេទ្យកម្ពុជា និងពិភពលោកកំពុងអនុវត្តន៍ គឺសិក្សាស្រាវជ្រាវ និងធ្វើតាមបទពិសោធន៍កន្លងមក។
លោកជំទាវវេជ្ជបណ្ឌិតបានបន្តទៀតថា អ្នកជាសះស្បើយ COVID-19 ពេលជា គឺជាហើយ មិនអាចនាំឲ្យរលាកសួតទៅថ្ងៃមុខទៀតទេ។ អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំគឺចាំបាច់ណាស់ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ពោលគឺក្នុងមន្ទីរពេទ្យរដ្ឋដែលជាមន្ទីរពេទ្យកំណត់ដោយក្រសួងសុខាភិបាល ការពិនិត្យ ព្យាបាលអ្នកជំងឺ COVID-19។ ដូចនេះប្រជាពលរដ្ឋបើដឹងពីប្រភេទថ្នាំទាំង ២ ខាងលើ មិនអាចទៅរកទិញថ្នាំទាំងនោះលេបដោយខ្លួនឯងបានទេ។