គ្នាយើងប្រហែលជាធ្លាប់បានឃើញដែរហើយដូចជាក្នុងភាពយន្តជាដើម ពេលមនុស្សយើងភ័យខ្លាច មានអ្នកខ្លះលេចនោម ហើយក្នុងជីវិតប្រចាំថ្ងៃក៏ដូចគ្នា បើយើងមានអារម្មណ៍ភ័យខ្លាចក៏អាចធ្វើឲ្យយើងមានអារម្មណ៍ចង់ទៅបត់ជើងតូចដែរ។
ហេតុអ្វីបានជាងពេលភ័យមនុស្សយើងខ្លះមានអារម្មណ៍ចង់បត់ជើងតូច?
ពេលមនុស្សយើងមានអារម្មណ៍ធម្មតា ប្លោកនោមយើងក៏ធ្វើការធម្មតា ដោយផ្ដើមបំពេញទឹកនោមចេញពីតម្រងនោមមកជារឿយៗរហូតពេញ។ ជាទូទៅប្លោកនោមមានសុខភាពល្អអាចដាក់ទឹកនោមបានរហូតដល់ពីរពែង ហើយពេលថង់ដាក់ទឹកនោមពេញ ប្លោកនោមនឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាយើងត្រូវទៅបន្ទប់ទឹកហើយ។ ទោះបីជាមានការបញ្ជូនសញ្ញាបែបនេះក៏ដោយ សម្រាប់មនុស្សយើងក្នុងអារម្មណ៍ធម្មតា អាចទ្រាំយូរបន្តិចចាំទៅបត់ជើងតូចក៏បាន។
ប៉ុន្តែសម្រាប់មនុស្សយើងពេលមានអារម្មណ៍ភ័យខ្លាច ទំនងជាពិបាកទ្រាំបន្តិច។ នៅពេលយើងចាប់ផ្ដើមភ័យ អ្វីៗនៅក្នុងរាងកាយរបស់យើងនឹងលែងដំណើរការល្អដូចមុន។ ប្លោកនោមរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធភ័យខ្លាចក្នុងខ្លួនមនុស្សយើង។ នៅពេលដែលប្រព័ន្ធនេះចាប់ផ្ដើមដំណើរការ ធ្វើឲ្យតម្រងនោមរបស់យើងផលិតទឹកនោមកាន់តែច្រើន ហើយសាច់ដុំប្លោកនោមចាប់ផ្ដើមកន្ត្រាក់ និងដាក់សម្ពាធដល់ប្លោកនោម ហើយឲ្យសញ្ញាមកមនុស្សយើងថាត្រូវទៅបន្ទប់ទឹក។
ដូចនេះហើយ នៅពេលដែលយើងមានអារម្មណ៍ភ័យ ប្រព័ន្ធឆ្លើយតបនឹងភាពភ័យខ្លាចក្នុងខ្លួនយើងនឹងត្រូវភ្ញោចខ្លាំងជ្រុលទៅលើយន្តការនានារបស់ប្លោកនោមក្នុងការគ្រប់គ្រងទឹកនោម ដែលនេះនាំឲ្យយើងមានអារម្មណ៍ថាចង់តែលេចនោម។ ដូចគ្នាដែរ ការភ័យខ្លាចនេះក៏បានធ្វើតម្រងនោមធ្វើការខ្លាំងជាងធម្មតា នាំឲ្យមនុស្សដែលភ័យមានទឹកនោមច្រើនខុសប្រក្រតី។
ក៏មានដែរ ពេលយើងភ័យ យើងអាចមានអារម្មណ៍ចង់ទៅនោម តែធាតុពិតយើងមិនមានទឹកនោមច្រើនដែលត្រូវតែទៅបន្ទប់ទឹកបន្ទាន់នោះទេ។ អ្នកជំនាញថានេះជាការបញ្ឆោតរបស់ខួរក្បាលនៅពេលយើងកំពុងភ័យ។
បើតាមអ្នកជំនាញ ពេលយើងមានអារម្មណ៍ថាភ័យ ហើយចង់ទៅបត់ជើងតូចទៀតនោះ តែមិនអាចរកកន្លែងគួរសមបាន យើងអាចសម្រាកបន្តិច ធ្វើសមាធិរំងាប់ចិត្ត និងសាច់ដុំ ដែលការណ៍នេះអាចជួយសម្រួលអារម្មណ៍យើងបានមួយចំណែក។
[embed-health-tool-bmi]