២. តើកូនចៅ គួរថែទាំអ្នកជំងឺ Alzheimer ដូចម្ដេច?
រឿងដំបូងគេ កូនប្រុស-ស្រី សមាជិកគ្រួសារ ឬអ្នកថែទាំ ត្រូវដឹងថា ជំងឺ Alzheimer មិនអាចព្យាបាលបានទេ ប៉ុន្ដែកូនចៅ អាចជួយកាត់បន្ថយហានិភ័យនានា និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ នៅដំណាក់កាលដំបូង។ កូនចៅ គួរនាំអ្នកជំងឺ ដើរលំហែរឲ្យបានញឹកញាប់ ឬបញ្ចេញសកម្មភាពរាងកាយនៅខាងក្រៅ ដើម្បីជួយរំញោចមុខងារចងចាំ និងកាត់បន្ថយការបាត់បង់ការចងចាំ។
បើឈានដល់ដំណាក់កាលទី២ អ្នកជំងឺ ចាំបាច់ត្រូវមានអ្នកថែទាំឲ្យបានម៉ត់ចត់ មិនអាចទុកអ្នកជំងឺឲ្យនៅម្នាក់ឯងបានទេ ដោយសារការកើនឡើងការខូចមុខងារចងចាំ។ អ្នកជំងឺ ក៏ប្រហែលត្រូវឧបករណ៍តាមដានផ្ទាល់ខ្លួនផងដែរ ដើម្បីចៀសវាងការវង្វេង ឬប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដោយសារការធ្លាក់ចុះមុខងារខួរក្បាល។