១. រោគសញ្ញាជំងឺ Alzheimer
រោគសញ្ញានៃជំងឺនេះ នៅដំណាក់កាលដំបូង អ្នកជំងឺ មានអាការៈភ្លេចភ្លាំង និងបាត់បង់ការចងចាំរយៈពេលខ្លី។ នៅដំណាក់កាលបន្ទាប់មកទៀត អ្នកជំងឺបាត់បង់ការចងចាំរយៈពេលវែង និងច្រើនជាងមុន ដូចជាភ្លេចសូម្បីតែឈ្មោះកូនចៅ។ នៅដំណាក់នេះ អ្នកជំងឺ មានបញ្ហាផ្លូវចិត្ត ស្ពឹកស្មារតី និងឆាប់ខឹង។ ដំណាក់កាលចុងក្រោយ សាច់ដុំរបស់អ្នកជំងឺ លែងដំណើរការ ដោយសារការខូចមុខងារចងចាំ។ ពេលនោះ អ្នកជំងឺពិបាកញ៉ាំ ឬលេប សូម្បីមានកូនចៅបញ្ចុក ក៏ពិបាកលេបអាហារដែរ។
២. តើកូនចៅ គួរថែទាំអ្នកជំងឺ Alzheimer ដូចម្ដេច?
រឿងដំបូងគេ កូនប្រុស-ស្រី សមាជិកគ្រួសារ ឬអ្នកថែទាំ ត្រូវដឹងថា ជំងឺ Alzheimer មិនអាចព្យាបាលបានទេ ប៉ុន្ដែកូនចៅ អាចជួយកាត់បន្ថយហានិភ័យនានា និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ នៅដំណាក់កាលដំបូង។ កូនចៅ គួរនាំអ្នកជំងឺ ដើរលំហែរឲ្យបានញឹកញាប់ ឬបញ្ចេញសកម្មភាពរាងកាយនៅខាងក្រៅ ដើម្បីជួយរំញោចមុខងារចងចាំ និងកាត់បន្ថយការបាត់បង់ការចងចាំ។