backup og meta

ធ្លាប់តែឮជំងឺលើសឈាម ចុះជំងឺ​បម្រុងលើសសម្ពាធឈាមម៉េចវិញ? ការពារដោយវិធីណា?


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 09, 2021

    ធ្លាប់តែឮជំងឺលើសឈាម ចុះជំងឺ​បម្រុងលើសសម្ពាធឈាមម៉េចវិញ? ការពារដោយវិធីណា?

    គ្នាយើង​ធ្លាប់​ឮ​ពី​ជំងឺ​លើសឈាម​ហើយ ប៉ុន្តែ​ធ្លាប់​ដឹង​ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​ទេ? ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម (Prehypertension)​ បង្កជា​ឱកាស​ខ្ពស់​​ក្នុង​ការ​វិវត្ត​ទៅ​ជា​​ជំងឺ​លើស​ឈាម​។  ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​គឺ​ជា​ស្ថានភាព​សម្ពាធ​ឈាម​​ខ្ពស់​ជាង​កម្រិត​ធម្មតា​ដែល​ស្ថានភាពនេះ​មាន​ចាប់ពី​ ១២០/៨០​មិល្លីម៉ែត្រ​បារត ទៅ១៣០/៨៩​មិល្លីម៉ែត្រ​បារត។  ជំងឺ​បម្រុង​​លើស​​សម្ពាធឈាម​ជា​សញ្ញាព្រមាន​មួយ​ថា​យើង​អាច​នឹង​កើត​មាន​ជំងឺ​លើសឈាមបាន​។​ ប៉ុន្តែ​យើង​អាច​បង្ការ​មិន​ឲ្យ​ជំងឺនេះ​​​​វិវត្ត​ទៅ​ជា​ជំងឺ​លើសឈាម​បាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ​​។

    ១. របប​អាហារ

    សម្រាប់​របប​អាហារ​គួរ​ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​។ អាហារ​ទាំង​នេះ​ជួយ​គ្រប់គ្រង​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល។ ម៉្យាងទៀត​គួរ​​កំណត់​​បរិមាណ​​ជាតិ​​សូដ្យូម​ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ និង​បន្ថែម​អាហារ​មាន​ជាតិ​កាល់ស្យូម ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ច្រើន​ព្រោះ​ជាតិ​រ៉ែ​ទាំង​នេះ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។

    ២. បន្ថយ​អំបិល

    អ្នក​ជំនាញ​ជាច្រើន​បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​អំបិល​ដោយ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ ​ពិនិត្យ​មើល​ស្លាកសញ្ញាលើកញ្ចប់​អាហារថាតើមានអំបិល​កម្រិតណា ប្រើ​គ្រឿង​ទេស​ជំនួស​អំបិល និង​កាត់បន្ថយ​ការ​ដាក់​អំបិល​ច្រើន​ពេល​ចម្អិន​អាហារ។ សមាគម​ជំងឺ​បេះដូង​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អំបិល ឬ​ជាតិ​សូដ្យូម​ ១ ៥០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើ​នឹង​១​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។

    ៣. ហាត់ប្រាណ

    យក​ល្អ​យើង​គួរ​ហាត់ប្រាណ​​ជា​ប្រចាំ​ទោះ​មិន​មែនជា​ការ​ហាត់​ប្រាណ​ដោយ​​ប្រើ​កម្លាំង​ខ្លាំង​​ក៏​ដោយ ក៏អាច​ហាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​។

    ៤. រក្សា​ទម្ងន់

    ការ​លើស​ទម្ងន់​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​បាន ហើយ​របប​អាហារ​ដែល​ល្អ និង​ការ​ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​ច្រើន​គឺ​អាច​ជួយ​សម្រក​ទម្ងន់​ដែល​លើស​បាន។

    សម្រកទម្ងន់

    ៥. កាត់បន្ថយ​គ្រឿង​ស្រវឹង

    ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ដូចនេះ​សម្រាប់​បុរស​គួរ​ផឹក​ត្រឹម​តែ​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​គួរ​ផឹក​តែ​មួយ​កែវ​ក្នុង​មួយថ្ងៃ។

    ៦. គ្រប់គ្រង​ស្ត្រេស

    រាងកាយ​របស់​យើង​នឹង​ផលិត​អ័រម៉ូន​ច្រើន​នៅ​ពេល​ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស ហើយ​អ័រម៉ូន​ទាំង​នេះ​បង្កើន​សម្ពាធ​ឈាម​ក្នុង​រយៈពេល​ខ្លី​ដោយ​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ និង​សរសៃ​ឈាម​រួម​តូច។ ទោះ​បី​មិន​មាន​ភស្តុតាង​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ស្ត្រេស​អាច​បង្ក​ឲ្យ​លើស​សម្ពាធ​ឈាម​រយៈពេល​វែង​ក៏​ដោយ​ ប៉ុន្តែ​ការ​ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស​អាច​បង្កើន​ហានិភ័យ​នេះ​ដោយ​យើង​អាច​ញ៉ាំ​ច្រើន​លើស​កំណត់ ជក់​បារី ផឹក​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ជាដើម។ ដូចនេះ​យក​ល្អ​យើង​គួរ​គ្រប់គ្រង​ស្ត្រេស​តាម​វិធី​ដែល​ល្អ​សម្រាប់​សុខភាព។

    ៧. តាមដាន​សម្ពាធ​ឈាម

    បើ​អាច​យើង​គួរ​តាមដាន​សម្ពាធ​ឈាម​មួយ​ថ្ងៃ​ពីរ​ដង​ដោយ​វាស់​នៅ​ពេល​ព្រឹក និង​ពេល​យប់។ យើង​អាច​ទិញ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​ និង​តាមដាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ ឬ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ក៏​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម