ជំងឺលើសសម្ពាធឈាមជាបញ្ហាចម្បងមួយសម្រាប់សុខភាពសាធារណៈរបស់ពលរដ្ឋខ្មែរយើង ដែលជាទូទៅវាជាមូលហេតុចម្បងដែលតម្រូវឲ្យអ្នកជំងឺមកជួបគ្រូពេទ្យ។ ជំងឺនេះអាចបង្កនូវផលវិបាកច្រើន ដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាល បេះដូង សរសៃឈាម និងតម្រងនោម។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ជំងឺលើសសម្ពាធឈាម ជាកត្តាដែលបង្កឲ្យមានកំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងដែលអាចបណ្ដាលឲ្យមានជំងឺស្ទះសរសៃឈាមបេះដូង។ ជំងឺនេះធ្វើឲ្យសាច់ដុំបេះដូងឡើងក្រាស់ ដែលជាកត្តាមួយធ្វើឲ្យសាច់ដុំបេះដូងត្រូវការអុកស៊ីសែនលើសពីធម្មតា ដែលបណ្ដាលឲ្យមានជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។ អ្នកជំងឺនឹងបង្ហាញរោគសញ្ញាខ្លះៗដូចជា៖
– ឈឺទ្រូងចាក់ទៅ ក ឬដើមដៃឆ្វេង
– ហត់នៅពេលធ្វើការងារប្រចាំថ្ងៃ ឬក៏ហត់នៅពេលសម្រាក។
ជំងឺលើសសម្ពាធឈាមបង្កឲ្យមានខ្លាញ់កកនៅក្នុងសរសៃឈាម សរសៃឈាមរីកប៉ោងធំ បែកសរសៃឈាមធំ ស្ទះសរសៃឈាមនៅជើង ដែលបណ្ដាលឲ្យអ្នកជំងឺពិបាកដើរ ឬដើរមិនបានយូរ។
ផលប៉ះពាល់ប្រព័ន្ធប្រសាទ
ជំងឺលើសសម្ពាធឈាម អាចបង្កឲ្យមានជាជំងឺស្ទះសរសៃឈាមខួរក្បាល ឬបែកសរសៃឈាមនៅខួរក្បាល ដែលអ្នកជំងឺបង្ហាញរោគសញ្ញាមួយចំនួនដូចជា ទន់ដៃទន់ជើង ឬមួយចំហៀងខ្លួន និយាយមិនច្បាស់ ឈឺក្បាល និងបាត់បង់ស្មារតី។
ជំងឺលើសសម្ពាធឈាម អាចបង្កឲ្យអ្នកជំងឺខ្សោយតម្រងនោម ដែលធ្វើឲ្យមានជាតិសាច់ចេញតាមទឹកនោម (ទឹកនោមប្រៃ) ដោយសារតែផលប៉ះពាល់ទៅលើសរសៃឈាមតម្រងនោម ហើយធ្វើឲ្យលើសសម្ពាធឈាមកាន់តែធ្ងន់ធ្ងរ ដែលរោគសញ្ញាស្ដែងចេញមានដូចជា ហើមជើងទាំងសងខាង ហើមមុខ ពិសេសត្របកភ្នែក។
ក្រៅពីនេះ ជំងឺលើសសម្ពាធឈាម ក៏អាចប៉ះពាល់ទៅដល់ភ្នែក ដែលបណ្ដាលឲ្យគំហើញរបស់ភ្នែកមានការធ្លាក់ចុះ ឬធ្ងន់ធ្ងររហូតដល់មើលមិនឃើញ។ មន្ទីរពេទ្យ កាល់ម៉ែត បន្តថា ផលពិបាកទាំងនេះ អាចបង្ការបានដោយតម្រូវឲ្យអ្នកជំងឺ៖
– លេបថ្នាំតាមវេជ្ជបញ្ជា
– តាមដានសុខភាពតាមការណាត់ជួយជាមួយគ្រូពេទ្យអោយបានជាប់លាប់
– ធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដូចជា ការតមញ៉ាំប្រៃ និងហាត់ប្រាណឲ្យបានជាប្រចាំ។ល។