នៅពេលសម្ពាធឈាមឡើងខ្ពស់ កម្លាំងដែលឈាមបុកនឹងជញ្ជាំងសរសៃឈាមអាក់ទែក៏ខ្លាំងដូចគ្នា។ បើបញ្ហានេះមិនមានការព្យាបាលបានត្រឹមត្រូវ សម្ពាធឈាមខ្ពស់នឹងធ្វើឲ្យខូចសរសៃឈាមអាក់ទែ បេះដូង តម្រងនោម និងសរីរាង្គផ្សេងៗទៀត។ ការណ៍នេះ នឹងអាចធ្វើឲ្យមនុស្សយើងមានបញ្ហាគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោម។
បញ្ហាសម្ពាធឈាមឡើងខ្ពស់ ដែលមិនទទួលការព្យាបាលបានត្រឹមត្រូវ ក៏បង្កឲ្យមានបញ្ហាខ្សោយគំហើញ និងការចងចាំ ខ្សោយលិង្គ ទឹកក្នុងស្រោមសួត ឈឺទ្រូង និងបញ្ហាសុខភាពផ្សេងៗមួយចំនួនទៀត។
ខាងក្រោមនេះជាគន្លឹះមួយចំនួនជួយឲ្យយើងរក្សាសម្ពាធឈាមឲ្យនៅទាបក្នុងកម្រិតសុខភាពល្អ៖
១. របបអាហារ
សម្រាប់អ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ គួរមានរបបអាហារដែលសម្បូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់មាន់មិនជាប់ស្បែក និងសាច់គ្មានខ្លាញ់។ ដូចគ្នាដែរ អ្នកមានបញ្ហានេះត្រូវកម្រិតការញ៉ាំអាហារប្រៃ អាហារមានខ្លាញ់ឆ្អែត និងខ្លាញ់ចម្រាញ់ និងអាហារ ឬភេសជ្ជៈមានបន្ថែមជាតិស្ករ ដូចជាភេសជ្ជៈកំប៉ុង ជាដើម។ ជាការណែនាំ មនុស្សយើងមានសុខភាពធម្មតាគួរញ៉ាំអំបិលត្រឹម២៣០០ក្រាមក្នុងមួយថ្ងៃ និង១៥០០ក្រាមក្នុងមួយថ្ងៃ ចំពោះអ្នកមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។
២. ហាត់ប្រាណជាប្រចាំ
បើសិនជាយើងមានជំងឺបេះដូង ឬបញ្ហាសុខភាពផ្សេងទៀតគួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងចាប់ផ្ដើមហាត់ប្រាណក្នុងទម្រង់ណាមួយ។ បើយើងមិនធ្លាប់ហាត់ប្រាណពីមុនមកទេ យើងត្រូវចាប់ផ្ដើមហាត់ប្រាណយឺតៗកុំបង្ខំ និងចាប់ផ្ដើមហាត់បន្តិចម្ដងៗ។
នៅពេលយើងស៊ាំ យើងអាចហាត់ប្រាណ តាមប្រភេទដែលយើងចង់ ដូចជារត់ ជិះកង់ ឬដើរ ឲ្យបាន៣០នាទីក្នុងមួយថ្ងៃ និងធ្វើឲ្យបានច្រើនដងក្នុងមួយសប្ដាហ៍។
៣. តាមដានទម្ងន់ខ្លួន
បើយើងជាមនុស្សលើសទម្ងន់ ការស្រកគីឡូតិចតួច ប្រហែលជា៥ភាគរយនៃទម្ងន់ខ្លួនក៏មានប្រយោជន៍ដល់សម្ពាធឈាមដែរ។
៤.គ្រប់គ្រងស្ត្រេសឲ្យបានល្អ
ស្ត្រេសអាចធ្វើឲ្យសម្ពាធឈាមកើនឡើង ដូចនេះយើងគួរគ្រប់គ្រងស្ត្រេសឲ្យបានល្អ។ លំហាត់ប្រាណ និងការគេងបានគ្រប់គ្រាន់អាចជួយកាត់បន្ថយភាពតាតឹងក្នុងចិត្តបាន។ មួយវិញទៀតយើងក៏អាចរកពេលសម្រាកនៅកន្លែងស្ងាត់ឲ្យបាន១៥នាទីក្នុងមួយថ្ងៃ ក៏អាចជួយបានដែរ។ បើសិនជាយើងមានបញ្ហាពិបាកចិត្ត គួរតែស្វែងរកជំនួយពីមិត្តភ័ក្តិ និងគ្រួសារ ដើម្បីជួយដោះស្រាយ។
៥.ឈប់ជក់បារី
បើសិនជាយើងជាអ្នកជក់បារី ត្រូវឈប់ជក់បារី។ បើសិនជាយើងមិនមែនជាអ្នកជក់បារី ត្រូវនៅឲ្យឆ្ងាយពីផ្សេងបារី តាមដែលអាចធ្វើទៅបាន ព្រោះថាផ្សែងបារីអាចធ្វើឲ្យប៉ះពាល់សុខភាពបេះដូង។
៦. ញ៉ាំថាំតាមវេជ្ជបញ្ជា
បើយើងមានបញ្ហាលើសសម្ពាធឈាម និងគ្រូពេទ្យបានចេញថ្នាំឲ្យប្រើប្រាស់ យើងត្រូវប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមវេជ្ជបញ្ជាជាដាច់ខាត។
៧. កាត់បន្ថយការផឹកគ្រឿងស្រវឹង
សម្រាប់មនុស្សស្រីយើងមិនគួរផឹកស្រាបៀរលើសពីមួយប៉ុងក្នុងមួយថ្ងៃ ហើយមនុស្សប្រុសមិនគួរលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ។ យ៉ាងណា បើយើងមានបញ្ហាលើសសម្ពាធឈាម គួរពិភាក្សាជាមួយគ្រូពេទ្យពីកម្រិតគ្រឿងស្រវឹងដែលយើងអាចញ៉ាំបាន។
[embed-health-tool-heart-rate]