backup og meta

​លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 14, 2020

    ​លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា?

    ​ជំងឺ​លើស​ឈាម ស្តាប់​ទៅ​អាច​គិត​ថា​ធម្មតា​ ប៉ុន្តែ​ទាំង​អស់​គ្នាដឹង​អត់ លើស​ឈាម ជា​មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​មាន​ជំងឺ​កាច​សាហាវ​ជាច្រើន រាប់​ទាំង​ទឹក​នោម​ផ្អែម និង​ជំងឺ​តម្រង​នោម ព្រោះ​គ្រប់​សរីរាង្គ​ទាំង​អស់​ពឹង​ផ្អែក​លើ​សរសៃ​ឈាម​ បើ​លំហូរ​ឈាម​មាន​បញ្ហា នឹង​ប៉ះ​ពាល់​ដំណើរ​ការ​សរីរាង្គ​ទាំង​អស់។ “Hello គ្រូពេទ្យ’ នឹង​លើក​ពី​ទំនាក់​ទំនង​រវាង ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម​ ឲ្យ​គ្នា​យើង​បាន​យល់ អាច​ការ​ពារ​កុំ​ខូច​តម្រង​នោម​បាន។

    ១- ទំនាក់​ទំនង​រវាង​ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម

    ប្រព័ន្ធសរសៃ​ឈាម និង​តម្រង​នោម មាន​នាទី​ជួយ​សម្រួល​គ្នា​ទៅ​វិញ​ទៅ មក​ដើម្បី​ធានា​សុខភាព​រាងកាយ​របស់​យើង។ តម្រង​នោម ជា​សរីរាង្គ​មាន​នាទី​ច្រោះ​ជាតិ​ពុល និង​កាក​សំណល់​ចេញ​ពី​ឈាម។ នៅ​ពេល​សរសៃ​ឈាម​មាន​ការ​ខូចខាត ហើយ​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ មិន​អាច​ទៅ​ចិញ្ចឹម​តម្រង​នោម​បាន នឹង​ធ្វើ​ឲ្យ​មុខងារ​ច្រោះ​ទឹកនោម​មិន​បាន​ល្អ ហើយ​ភាសា​បច្ចេក​ទេស ហៅ​ថា Nephrons។ សម្ពាធ​ឈាម​ឡើង​ខ្លាំង អាច​ជា​មូលហេតុ​ជំងឺ​តម្រង​នោម និង​ជំងឺ​ខូច​តម្រង​នោម ដំណាក់​កាល​ចុង​ក្រោយ។

    បើ​មិន​ព្យាបាល ​បញ្ហា​តម្រងនោម មិន​យូរ​មិន​ឆាប់ វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ជុំវិញ​តម្រង​នោម រួម​តូច​ ក្រិន និង​ខ្សោយ​បាត់បង់​មុខងារ ហើយ​ពេល​ដែល​សរសៃ​ឈាម​ខូចខាត ឈាម​ដែល​ទៅ​ចិញ្ចឹម​ជាលិកា​តម្រង​នោម ក៏​មិន​គ្រប់​គ្រាន់​ដែរ។ ករណី​ខូចខាត​ការ​ច្រោះ​របស់​តម្រងនោម ដោយ​សារ​ជំងឺ​លើស​ឈាម បណ្ដាល​ឲ្យ​ការ​រាងកាយ​មិន​អាច​បញ្ចេញ​ជាតិ​ពុល​បាន។

    ពេល​ជំងឺ​តម្រងនោម​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ វិធី​មួយ​អាច​សង្គ្រោះ​ជីវិត​បាន មាន​តែលាង​ឈាម​ជា​ប្រចាំ ឬត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្តង ដើម្បី​មុខងារ​លាង​ឈាម​អាច​ដំណើរ​ការ​ឡើង​វិញ ប៉ុន្តែ​វិធី​ព្យាបាល​ប្តូរ​តម្រង​នោម វិធី​ព្យាបាល​នេះ គឺ​មាន​តែ​នៅ​បរទេស​ប៉ុណ្ណោះ។

    លើសឈាម និងជំងឺ​តម្រងនោម Hello គ្រូពេទ្

    ២- រោគ​សញ្ញា​ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រងនោម

    គ្នា​យើង​មាន​ជំងឺ​លើស​ឈាម​ភាគ​ច្រើន មិន​ងាយ​លេច​ចេញ​រោគ​សញ្ញា​នោះ​ទេ បើ​មាន​នេះ​មែន អាច​ត្រឹម​លេច​ឡើង​អាការៈ​ឈឺ​ក្បាល​ប៉ុណ្ណោះ ក៏​ជា​ករណី​កម្រ​ផង​ដែរ។

    ជំងឺ​តម្រងនោម ក៏​ដូច​គ្នា នៅ​ដំណាក់​កាល​ដំបូង គ្មាន​ងាយ​មាន​រោគ​សញ្ញា​សម្គាល់​ទេ។ ប៉ុន្តែ​ រោគ​សញ្ញា​ពាក់​ព័ន្ធ​ខ្លះៗ អាច​មាន​ហើម​ជើង កជើង និង​​ហើម​ដៃ ដោយ​សារ​មិន​អាច​បញ្ចេញ​ជាតិ​ទឹក និង​អំបិល​ដែល​លើស​ចេញ​ពី​រាង​កាយ​បាន។ នៅ​ពេល​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ នឹង​អាច​លេច​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

    – ចង្អោរ ក្អួត លែង​ឃ្លាន​អាហារ

    – ស្រក​ទម្ងន់

    – ងងុយ​គេង

    – ពិបាក​ផ្ចង់​អារម្មណ៍

    – គេង​មិន​លក់

    – នោម​ច្រើន ឬ​នោម​ទាស់

    – ស្ពឹក

    – ពិបាក​ដក​ដង្ហើម

    – ឈឺ​ទ្រូង

    ៣- វិធី​ការ​ពារ

    វិធី​ការ​ពារ​បឋម​ចំពោះ​ជំងឺ​តម្រង​នោម បណ្ដាល​មក​លើស​ឈាម គឺ​ត្រូវ​គ្រប់​គ្រង​សម្ពាធ​ឈាម​មុន​សិន ត្រូវ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ប្រចាំ ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។ ពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ពី​របប​អាហារ​ណា​មួយ ដើម្បី​ជួយ​ការពារ​ជំងឺ​លើស​ឈាម (DASH) របប​អាហារ​ទាំង​នោះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ញ៉ាំ​បន្លែ​ច្រើន អាហារ​មាន​ជាតិ​អង្ករ​ច្រើន ផ្លែ​ឈើ និង​អាហារ​មាន​ជាតិ​សូដ្យូម​ទាប ព្រម​ទាំង​ចៀសវាង​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់។

    បន្ថែម​ពី​លើ​នេះ ហាត់​ប្រាណ ក៏​អាច​ជួយ​បាន​មួយ​កម្រិត​ដែរ។ ហាត់​ប្រាណ​ជា​ប្រចាំ អាច​សម្រួល​​ដល់​លំហូរ​ឈាម បន្ថយ​សម្ពាធ​ឈាម និង​បង្ការ​កត្តា​ប្រឈម​បញ្ហា​សុខភាព​ផ្សេងៗ។ យើង អាច​ប្រឹក្សា​យោបល់​ជាមួយ​ឯកទេស​សុខភាព អាច​ណែនាំ​ពី​របៀប​ហាត់​ប្រាណ​ល្អៗ និង​មាន​ប្រយោជន៍​ស័ក្ដិសម​សុខភាព​យើង។ អាច​ដើរ ៣០​នាទី ជា​រៀង​រាល់​ថ្ងៃ ឬ​ធ្វើ​ការ​តិចតួច ដូចជា បោស​ផ្ទះ និង​ដាំដុះ​រុក្ខជាតិ​ផ្សេងៗ​ជា​ដើម។ ក្រៅ​ពី​នេះ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ តាម​វេជ្ជ​បញ្ជា​គ្រូពេទ្យ។

    ៤- វិធី​ព្យាបាល

    វិធី​ព្យាបាល​ល្អ​បំផុត ត្រូវ​ពិនិត្យ​តាម​ដាន​សម្ពាធ​ឈាម​ឲ្យ​ល្អ និង​អាច​ប្រើ​ថ្នាំ​មាន​មុខងារ​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ជួយ​ការ​ពារ​តម្រង​នោម ពី​ការ​ខូចខាត​ដោយ​សារ​ថ្នាំ​ក្រុម​ថ្នាំ​លើស​ឈាម ACE ឬ​ ARB។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម