backup og meta

ជួបបញ្ហាឡើង​កូលេស្តេរ៉ូល គួរធ្វើរឿងទាំង ៥ យ៉ាងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Sep 02, 2020

    ជួបបញ្ហាឡើង​កូលេស្តេរ៉ូល គួរធ្វើរឿងទាំង ៥ យ៉ាងនេះ

    នៅ​ពេល​មានបញ្ហា​កម្រិត​កូលេស្តរ៉ូល​ឡើង​ខ្ពស់ ក្រៅ​ពី​ព្យាបាល​ដោយប្រើ​ថ្នាំបញ្ចុះ​ខ្លាញ់គ្នា​យើង​​គួរ​ធ្វើការផ្លាស់​ប្តូររបៀប​រស់​នៅ​ប្រចាំ​ថ្ងៃដូច​គ្នា​។ ខាង​ក្រោម​នេះ​ជា​ការណែ​នាំខ្លះ​សម្រាប់​គ្នា​យើង​ដោះស្រាយ​បញ្ហា​ឡើង​កូលេស្តេរ៉ូល​​។

    បរិភោគ​អាហារល្អសម្រាប់​សុខភាពបេះដូង

    កម្រិត​កូលេស្តេរ៉ូល​បង្កើន​ការ​ប្រឈម​នៃជំងឺ​គាំង​បេះ​ដូង​ ឬជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ វា​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ៖ 

    បរិភោគខ្លាញ់ល្អ

    ខ្លាញ់​​ឆ្អែត(Saturated fats) ​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​កើន​ឡើង ​និង​បង្កើន​បរិមាណខ្លាញ់​មិន​ល្អ LDL។ ខ្លាញ់​ឆ្អែតមាន​នៅ​ក្នុង​សាច់​ក្រហម និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ។ កាឡូរីដែល​យើង​​បាន​មក​ពីខ្លាញ់​ឆ្អែត​ ក្នុងការ​ញ៉ាំ​​ម្តង​ត្រូវ​​ឲ្យ​​តិច​ជាង​៧%​នៃកាឡូរី​សរុប​ប្រចាំ​ថ្ងៃ។ យើង​គប្បី​ប្រើប្រេង​អូលីវ និងប្រេង​បន្លែ​​សម្រាប់​ចម្អិនម្ហូប ​ពីព្រោះ​វា​ជា​ប្រភេទ​ប្រេង​​មាន​ជាតិ​​ខ្លាញ់​​ទាប monounsaturated ​ល្អ​សម្រាប់​សុខភាព។ ក្រៅ​ពីនេះ យើង​ក៏​ត្រូវ​ចៀស​វាង​ខ្លាញ់ប្រភេទ trans fats ពីព្រោះ​វា​បង្កើន​កម្រិតខ្លាញ់​មិន​ល្អ LDL និង​ បន្ថយ​កម្រិតខ្លាញ់​ល្អ ​HDL អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ថ្លើម​ និង​បង្កើន​ការ​ប្រឈម​នឹង​ការ​​គាំង​បេះ​ដូង។ ម្ហូបប្រភេទ​ចៀន និងផលិតផល​ដែល​ធ្វើ​លក់​ដូចជា​នំដុត នំធុង ឬអាហារ​សម្រន់គឺ​ជា​ប្រភព​នៃ​ខ្លាញ់trans fats

    បន្ថែមអាស៊ីដខ្លាញ់អូមេហ្កា៣

    អាស៊ីដ​ខ្លាញ់អូមេហ្គា៣ ​អាច​បង្កើន​កម្រិត​ខ្លាញ់​ល្អ HDL​កូលេស្តេរ៉ូល បន្ថយ​កម្រិត​ខ្លាញ់ triglycerides និង​បញ្ចុះ​សម្ពាធ​ឈាម។ ដើម្បី​បាន​អាស៊ីដ​​ខ្លាញ់​អូមេហ្កា៣ យើង​គប្បី​ញ៉ាំ​ត្រី​សាល់ម៉ុន ត្រី​ស្បៃកា ឬ​ត្រី​ហារ៉ុង ឬញ៉ាំ​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដូច​ជា​​គ្រាប់​​វ៉ល​ណាត់ ​គ្រាប់​អាល់​ម៉ុន និង​គ្រាប់ flaxseeds

    បរិភោគអាហារសរសៃរលាយ

    អាហារ​សរសៃ​មាន​ពីរ​ប្រភេទ គឺអាហារ​សរសៃ​រលាយ​ និង​មិន​រលាយ ដែល​​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព​បេះដូង ប៉ុន្តែ​អាហារ​សរសៃ​រលាយ​អាច​បន្ថយ​កម្រិត​ខ្លាញ់មិនល្អ LDL កូលេស្តេរ៉ូល។ ប្រភព​ចំបង​របស់​អាហារ​សរសៃ​​រួម​មាន​គ្រាប់​ធញ្ញជាតិ ផ្លែឈើ គ្រាប់​សណ្តែក គ្រាប់​lentils និង​បន្លែ។

    ហាត់​ប្រាណ​

    កូលេស្តេរ៉ូល​អាចស្ថិត​នៅ​កម្រិតល្អ​ដោយ​ការ​ហាត់​ប្រាណ។ ការ​ហាត់​កម្រិត​​មធ្យម​អាច​ជួយ​បង្កើន​បរិមាណ​ខ្លាញ់​ល្អ HDL។ សម្រាប់​គ្នា​យើង​ជួប​បញ្ហា​ឡើង​កូលេស្តេរ៉ូន​អាច​សុំការណែនាំពី​គ្រូពេទ្យ ដែល​ទំនងជា​​អាច​ហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទី​រៀង​​រាល់​ថ្ងៃ។ យើង​ក៏​អាច​បន្ថែម​ការ​ហាត់​ប្រាណ​ផ្សេង​ទៀត​ដើម្បី​បាន​លទ្ធ​ផល​ប្រសើរដែរ៖​

    · ដើរ​លឿន​ៗ​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់

    · ជិះ​កង់​ទៅ​ធ្វើ​ការ

    · ហែល​ទឹក

    · លេង​កីឡា

    ឈប់ជក់បារី

    វា​ជា​ការ​ចាំ​បាច់​ដែលយើង​​​ត្រូវ​ឈប់​ជក់​បារី ពេល​ដឹងថា​កូលេស្តេរ៉ូល​ឡើង​ខ្ពស់​ហើយនោះ ​ដើម្បី​ទទួល​បាន​​កម្រិត​កូលេស្តេរ៉ូល​​ល្អ​មក​វិញ​។ មួយ​​ឆ្នាំ​ក្រោយយើង​ឈប់​ជក់​បារី ឱកាស​ដែល​កើត​ជំងឺ​បេះដូង​​នឹង​ត្រូវ​កាត់​បន្ថយ៥០%​ បើ​​ប្រៀប​ធៀប​​ជា​មួយ​អ្នក​ជក់​បារី។ បើ​យើង​ឈប់​បាន​រយៈ​ពេល​១៥​ឆ្នាំ ​នោះ​ឱកាស​ដែល​កើត​ជំងឺបេះ​ដូងគឺ​​ស្មើ​នឹង​អ្នក​មិន​ធ្លាប់​ជក់ដែរ​។​

    សម្រក​ទម្ងន់

    ការ​ឡើង​គីឡូធ្វើ​ឲ្យ​​យើង​មាន​បញ្ហា​កូលេស្តេរ៉ូល។ ការ​ស្រក​ពី​៥ទៅ​១០​ភាគ​រយ​នៃ​ទម្ងន់​រាង​កាយ​អាច​មាន​ប្រយោជន៍​ដល់​សុខ​ភាព​របស់​យើង​។ ប្រសិន​បើយើង​ទម្លាប់ញ៉ាំអាហារ​​នៅ​ពេល​មួរម៉ៅ ឬ​ខឹង គប្បីប្តូរ​ទៅ​ជា​ការ​ដើរ​ហាត់​ប្រាណ​ជំនួស​វិញ។ ប្រសិន​បើ​អាហារ​ថ្ងៃ​ត្រង់ជា​ប្រភេទ​អាហារ fast food (បឺហ្គ័រ ឬភីហ្សា) យើង​​គួរ​តែប្តូរ​ទៅ​ជា​អាហារ​ចម្អិត​​មកពី​ផ្ទះវិញ។ ចំពោះ​អាហារ​សម្រន់ យើង​​គួរ​ញ៉ាំ​ការ៉ុត ឬ​ពោត​បំពង​ជា​ជាង​ដំឡូង​កំប៉ុង។ លើស​ពី​នេះ​យើង​​គួរ​ប្រើ​ជណ្តើរ​ជើង​ជំនួស​ការ​ប្រើ​ជណ្តើរ​​យន្ត​ ឬ​ចត​ឡាន​ឲ្យ​ឆ្ងាយ​ពី​ការិយាល័យ​ដើម្បី​បាន​ដើរ​ខ្លះ​។

    . បន្ថយការផឹក​គ្រឿង​ស្រវឹង​

    ប្រសិន​បើ​យើង​​ផឹក​គ្រឿង​ស្រវឹង គប្បីផឹក​​នៅ​កម្រិត​​ល្មម​បាន​ហើយ​។ ការ​ផឹកគ្រឿង​ស្រវឹង​​ច្រើន​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​ឡើង​ខ្ពស់ មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល និង​ជំងឺ​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​ទៀត។ ចំពោះ​ស្ត្រីគ្រប់​វ័យ និង​បុរស​ចាស់​ជាង​៦៥​ឆ្នាំ​ ដែល​មាន​សុខភាព​ល្អ អាច​ផឹក​១កែវ​ក្នុង​១​ថ្ងៃ។ មនុស្ស​ប្រុស​ដែល​ក្មេង​ជាងនេះ​​អាច​ផឹក២​កែវ​ក្នុង​១ថ្ងៃ។ ទោះ​បី​ជា​ផឹកកម្រិត​​មធ្យម​អាច​ទាក់​ទង​នឹង​ការ​ឡើង​ខ្ពស់​នៃ​កម្រិត ខ្លាញ់ល្អ ​HDL​កូលេស្តរ៉ូល​ ប៉ុន្តែ​វា​មិន​ផ្តល់​ផល​ប្រយោជន៍​ច្រើន​គ្រប់​គ្រាន់​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Sao Solynet · កែ Sep 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម