ការទៅនោមញឹកញាប់អាចមកពីយើងផឹកទឹក ឬភេសជ្ជៈផ្សេងៗច្រើនក្នុងមួយថ្ងៃ។ យ៉ាងណាក៏មានមូលហេតុផ្សេងៗមួយចំនួនទៀតដែរ នាំឲ្យយើងចេះតែចង់ទៅបន្ទប់ទឹក។ ជាធម្មតា យើងអាចបត់ជើងតូចប្រហែលប្រាំបីដងក្នុងមួយថ្ងៃ រាប់ពីពេលយើងភ្ញាក់ពីគេង ដល់ពេលយើងចូលគេងវិញ។
បើគ្នាយើងផឹកទឹកតិចជាងពីរលីត្រក្នុងមួយថ្ងៃ យើងអាចបត់ជើងតូចតិចជាងប្រាំបីដង ឬត្រឹមបួនដងក្នុងមួយថ្ងៃ ដែលការណ៍នេះអាចថាយើងខ្វះជាតិទឹកក្នុងខ្លួនហើយ។ ដូចគ្នាដែរបើយើងផឹកទឹកគ្រប់គ្រាន់ យើងទំនងជាអាចត្រូវបត់ជើងតូចប្រហែលជាប្រាំបីដងក្នុងមួយថ្ងៃ ឬអាចលើសនេះដែរបើយើងផឹកភេសជ្ជៈផ្សេងៗថែមទៀត។
ចុះបើយើងបត់ជើងច្រើនជាងប្រាំបីដងក្នុងមួយថ្ងៃ អាចមកពីកត្តាផ្សេងទៀតទេ?
១. ផឹកជាតិកាហ្វេអ៊ីនច្រើនពេក
ជាតិកាហ្វេអ៊ីនមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្អែមមួយចំនួនទៀត ដែលសុទ្ធតែអាចធ្វើឲ្យយើងបត់ជើងតូចញឹកញាប់។
ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ២០១៣ បានរកឃើញថា ស្រ្តីដែលផឹកកាហ្វេបីពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ មានប្រហែលជា៧០ភាគរយនៃអ្នកចូលរួមការសិក្សាមានអាការៈបត់ជើងតូចញឹកញាប់ជាងអ្នកដែលមិនផឹកច្រើនបែបនេះ។
ដូចនេះហើយ បើយើងសង្កេតឃើញថាពេលផឹកកាហ្វេច្រើននាំឲ្យយើងចង់បត់ជើងតូចញឹកញាប់ យើងគួរបន្ថយបរិមាណកាហ្វេដែលត្រូវផឹកប្រចាំថ្ងៃហើយ។ ក្រៅពីកាហ្វេ មានស្រាបៀរ និងស្រា ក៏ជាហេតុធ្វើឲ្យយើងនោមញឹកផងដែរ។
២. ឆ្លងរោគនៅផ្លូវទឹកនោម
ការឆ្លងរោគនៅផ្លូវទឹកនោម គឺមានការឈឺចាប់ ហើយវាបង្កដោយបាក់តេរីឆ្លងចូលទៅក្នុងប្លោកនោមរបស់យើង។ បើយើងមានបញ្ហានេះ យើងនឹងចង់តែទៅនោម ទោះទើបតែនោមហើយក៏ដោយ ហើយពេលខ្លះយើងអាចមានអារម្មណ៍ថាក្រហាយពេលនោមទៀតផង។ បើមានអាការៈបែបនេះគ្នាយើងគួរជួបពិគ្រោះជាមួយគ្រូពេទ្យហើយ។
៣. សាច់ដុំអាងត្រគាកខ្សោយ
សាច់ដុំអាងត្រគាករបស់យើងជួយទ្រទ្រង់សរីរាង្គប្រព័ន្ធទឹកនោមជាច្រើន រួមទាំងប្លោកនោមផងដែរ។ ប៉ុន្តែ បើសាច់ដុំនេះចុះខ្សោយ អាចធ្វើឲ្យសរីរាង្គខ្លះភ្លាត់ចេញពីកន្លែងដើមបន្តិច ហើយនាំឲ្យយើងត្រូវបត់ជើងតូចញឹកញាប់។ ការភ្លាត់ចេញនេះអាចមកពីកត្តាច្រើនយ៉ាង ដូចជាយើងសម្រាលកូនតាមធម្មជាតិ ក៏ដូចជាវ័យកាន់តែច្រើនជាដើម។
៤. ប្លោកនោមធ្វើការខ្លាំងពេក
ស្រ្តីប្រហែល១៥ភាគរយអាចមានបញ្ហាផ្លោកនោមធ្វើការខ្លាំងពេក ដែលការណ៍នេះនាំឲ្យស្រីៗត្រូវទៅបត់ជើងតូចញឹកញាប់។ បញ្ហានេះអាចកើតមានលើស្រ្តីគ្រប់វ័យ តែវាទំនងជាកើតមានច្រើនលើស្រ្តីវ័យចំណាស់ និងក្រោយពេលអស់រដូវ ដោយសារជាលិកាផ្លោកនោមមានការរំខាន ព្រោះខ្វះអ័រម៉ូនអឺស្រ្តូហ្សែន។
ពេលណាត្រូវទៅជួបពេទ្យ?
ប្រសិនបើយើងឃើញថា ក្រោយពីកាត់បន្ថយការញ៉ាំកាហ្វេហើយ យើងនៅតែចង់ទៅនោមញឹកញាប់ទៀត យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ក្រែងមានជំងឺប្រចាំកាយណាមួយ។
ដូចគ្នាដែរ បើយើងមានការឈឺចាប់ពេលបត់ជើងតូច មានឈាម ឬមានល្បាយសៗដូចពពក ឈឺខ្នង ក្ដៅខ្លួន ចង្អោរ ឬក៏មានធ្លាក់ស ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ។
[embed-health-tool-bmi]