វីតាមីន D មានសារៈសំខាន់សម្រាប់សុខភាពរបស់យើង។ វីតាមីន D ជួយទ្រទ្រង់ដល់ដំណើរការក្នុងរាងកាយដូចជាការស្រួបយកកាល់ស្យូម សុខភាពឆ្អឹង ការលូតលាស់របស់កោសិកា មុខងារប្រព័ន្ធភាពស៊ាំ និងមុខងារសាច់ដុំ។ សម្រាប់គ្នាយើងដែលខ្វះវីតាមីន D តែងប្រើប្រាស់អាហារបំប៉នដើម្បីបង្គ្រប់វីតាមីន D ប៉ុន្តែការញ៉ាំវីតាមីន D ច្រើនក៏អាចបង្កផលប៉ះពាល់ដល់សុខភាពដែរ។
១. លើសជាតិកាល់ស្យូមក្នុងឈាម (Hypercalcemia)
ផលប៉ះពាល់ពីការញ៉ាំវីតាមីន D ច្រើនគឺការលើសជាតិកាល់ស្យូមក្នុងឈាម។ នៅពេលរាងកាយទទួលបានវីតាមីន D ច្រើនអាចបង្កឲ្យឆ្អឹងបញ្ចេញកាល់ស្យូមទៅក្នុងឈាម ហើយកាល់ស្យូមច្រើននៅក្នុងឈាមអាចបង្កផលវិបាក និងរោគសញ្ញាមួយចំនួន។ រោគសញ្ញាធ្ងន់ធ្ងររួមមានបាត់បង់ចំណង់អាហារ រាករូស ទល់លាមក ច្របូកច្របល់ លើសសម្ពាធឈាម ចង្អោរ ក្អួត ឈឺចាប់សន្លាក់ និងសាច់ដុំ។
២. ខូចតម្រងនោម
ការមានកាល់ស្យូមច្រើនក្នុងឈាមអាចបង្កឲ្យក្រួសនៅជាលិកាទន់ៗ ដែលក្រួសទាំងនេះបង្កឲ្យមានការខូចខាតជាលិកា និងឈានដល់ការខូចខាតសរីរាង្គ។ តម្រងនោមគឺងាយនឹងមានកាល់ស្យូមស្តុកណាស់ ព្រោះតម្រងនោមមានតួនាទីចម្រោះ។ នៅពេលកាល់ស្យូមជាប់នឹងជាលិកាតម្រងនោមច្រើន នោះ nephrocalcinosis អាចនឹងកើតឡើង ហើយក្នុងករណីធ្ងន់ធ្ងរអាចបង្កឲ្យមានការខូចខាតជាអចិន្ត្រៃយ៍លើតម្រងនោម និងអាចឈានទៅខ្សោយតម្រងនោម។ រោគសញ្ញានៃ nephrocalcinosis មានដូចជាចង្អោរ ក្អួត គ្រុនក្ដៅ គ្រុនរងា ឈឺចាប់ខ្លាំងនៅពោះ ចំហៀងខ្នង ឬនៅក្រលៀន។
៣. គាំងបេះដូង
បញ្ហាលើសកាល់ស្យូមក្នុងឈាមក៏អាចបន្ថយ ឬផ្លាស់ប្ដូរសមត្ថភាពរបស់មុខងារកោសិកាបេះដូងដែរ។ ភាគច្រើនអ្នកមានបញ្ហាលើសកាល់ស្យូមក្នុងឈាមធ្ងន់ធ្ងរតែងមានបញ្ហាចង្វាក់បេះដូងមិនប្រក្រតី។ ម៉្យាងទៀត អ្នកជំងឺនេះក៏អាចមានកាល់ស្យូមកកស្ទះនៅសរសៃអាកទែរ ឬប្រឹសបេះដូងដែរ។ រោគសញ្ញានៃផលវិបាកលើបេះដូងបង្កដោយការលើសវីតាមីន D រួមមានចង្វាក់បេះដូងមិនប្រក្រតី ឈឺទ្រូង អស់កម្លាំងដោយគ្មានមូលហេតុ លើសសម្ពាធឈាម និងវិលមុខ។
៤. ឈឺចាប់ក្នុងឆ្អឹង
នៅពេលមានកាល់ស្យូមក្នុងឈាមច្រើន រាងកាយនឹងមិនមានអ័រម៉ូនគ្រប់គ្រាន់ក្នុងការភ្ជាប់ជាតិរ៉ែទៅនឹងឆ្អឹងឲ្យមានប្រសិទ្ធភាព។ រោគសញ្ញាដែលកើតមានលើឆ្អឹងដោយសារលើសវីតាមីន D មានឈឺចាប់ក្នុងឆ្អឹង ឈរមិននឹង ងាយនឹងដួល ឆ្អឹងងាយបាក់ ឈឺខ្នងខ្លាំង និងឈឺសន្លាក់។
៥. រលាកលំពែង
ការលើសកាល់ស្យូមក្នុងឈាមបង្កឲ្យមានការរលាកលំពែងដែរ។ រោគសញ្ញានៃជំងឺរលាកលំពែងមានឈឺចាប់ពោះផ្នែកខាងលើ និងរាលទៅខ្នង ចង្អោរ ក្អួត ជីពចរដើរលឿន ស្រកទម្ងន់ និងគ្រុនក្ដៅ។
[embed-health-tool-bmi]