តែទឹកកកគឺជាភេសជ្ជៈដ៏ពេញនិយមមួយ ពីព្រោះវាផ្ដល់ភាពស្រស់ស្រាយ និងមានកាឡូរីទាប។ យ៉ាងណាមិញ អ្នកដែលចូលចិត្តផឹកតែទឹកកកក៏អាចប្រឈមហានិភ័យខ្ពស់នៃការវិវត្តទៅជាក្រួសតម្រងនោមដូចគ្នា។ យោងតាមការស្រាវជ្រាវមួយពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យLoyola បានពន្យល់ថា តែទឹកកកផ្ទុកកម្រិតសារធាតុOxalateខ្ពស់ ជាសារធាតុគីមីដែលនាំឲ្យកកើតគ្រីស្តាល់តូចៗធ្វើពីជាតិរ៉ែ និងអំបិលនៅក្នុងទឹកនោម។
ទោះបីជាគ្រីស្តាល់ទាំងនេះ មិនបង្កគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែនៅពេលដែលវាកាន់តែធំទៅៗ វាអាចនឹងជាប់នៅបំពង់តូចៗដែលភ្ជាប់បង្ហូរទឹកនោមពីតម្រងនោមទៅកាន់ប្លោកនោម។ ដូច្នេះហើយ សម្រាប់អ្នកដែលងាយប្រឈមនឹងការកើតក្រួសតម្រងនោម ដូចជាមានជំងឺរលាកពោះវៀន ឆ្លងមេរោគលើផ្លូវទឹកនោមញឹកញាប់ ឬធាត់ជ្រុល មិនគួរផឹកតែទឹកកកច្រើនឡើយ។
បុរសងាយកើតក្រួសតម្រងនោមច្រើនជាងស្ត្រី?
ពិតណាស់ បុរសងាយកើតក្រួសតម្រងនោមច្រើនជាងស្ត្រីរហូតដល់៤ដង ហើយហានិភ័យនេះកើនឡើងចំពោះបុរសដែលមានអាយុច្រើនជាង៤០ឆ្នាំ។ មួយវិញទៀត ស្ត្រីដែលអស់រដូវដែលមានកម្រិតអ័រម៉ូនEstrogenទាប និងអ្នកដែលវះកាត់យកដៃស្បូនចេញ ក៏មានអត្រាកើតក្រួសតម្រងនោមខ្ពស់ផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតក្រួសតម្រងនោម យើងចាំបាច់ត្រូវរក្សាជាតិទឹកក្នុងខ្លួន ដោយការញ៉ាំទឹកធម្មតាឲ្យបានច្រើន។
តិចនិកការពារខ្លួនពីការកើតក្រួសតម្រងនោម
គ្នាយើងគប្បីធ្វើការកែតម្រូវតិចតួចទាក់ទងនឹងរបបអាហារ ដើម្បីបង្ការក្រួសតម្រងនោម តាមវិធីសាស្ត្រដូចខាងក្រោម។
រក្សាជាតិទឹកក្នុងខ្លួន ដោយការញ៉ាំទឹកធម្មតាយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ ញ៉ាំអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម ដូចជាទឹកដោះគោ ទឹកដោះគោជូរ និងឈីសដែលមានជាតិខ្លាញ់ទាប។ ជៀសវាងញ៉ាំសូដ្យូមច្រើន ដូចជាពពួកអាហារកែច្នៃ ស៊ុបកំប៉ុង បន្លែកំប៉ុង អាហារដែលផ្ទុកសារធាតុmonosodium glutamate និងSodium nitrate។ល។ កាត់បន្ថយការញ៉ាំអាហារសម្បូរជាតិOxalate ដូចជាសូកូឡា ដំឡូងជ្វា កាហ្វេ សណ្ដែកដី។ ញ៉ាំពពួកប្រូតេអ៊ីនពីសាច់សត្វតិចតួច ដូចជាសាច់ជ្រូក សាច់គោជាដើម។ ជៀសវាងញ៉ាំអាហារបំប៉នវីតាមីនC។