backup og meta

ផឹកទឹកច្រើន នោមញឹកមានបញ្ហាដល់សុខភាពអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 21, 2020

    ផឹកទឹកច្រើន នោមញឹកមានបញ្ហាដល់សុខភាពអត់?

    នៅ​ពេល​យើង​ចាប់ផ្ដើម​ផឹក​ទឹក​បន្ថែម យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹកញាប់​ហើយ​នេះ​អាច​បង្ក​ជា​ការ​រំខាន​ដល់​យើង​បាន ប៉ុន្តែ​នេះ​ជា​រឿង​ធម្មតា​មិន​បង្ក​ជា​បញ្ហា​ទេ។

    រាងកាយ​របស់​យើង​ផលិត​ទឹក​នោម​ដើម្បី​កម្ចាត់​កាកសំណល់ និង​ទឹក​ដែល​រាងកាយ​មិន​ត្រូវការ។ សរីរាង្គ​ដែល​ផលិត​ទឹកនោម​គឺ​តម្រង​នោម ប្លោកនោម និង​រន្ធ​បង្ហួរនោម។ តម្រងនោម​មាន​តួនាទី​ច្រោះ​កាកសំណល់​ពី​ក្នុង​ឈាម​ដែល​កាកសំណល់​បាន​មក​​ពី​ការ​រំលាយអាហារ​។ តម្រង​នោម​ក៏​ទាញ​ជាតិ​ទឹក​ដែល​លើស​ចេញ​ពី​ក្នុង​ឈាម​ដែរ​ដើម្បី​រក្សា​តុល្យភាព​អេឡិចត្រូលីត។ បរិមាណ​​ទឹក​​ដែល​យើង​ផឹក​គឺ​សមាមាត្រ​នឹង​​បរិមាណ​ទឹក​នោម​ដែល​រាងកាយ​យើង​ផលិត។ ហេតុ​នេះ​ហើយ​ការ​ផឹក​ទឹក​ច្រើន ហើយ​​ចូល​បន្ទប់​ទឹក​ច្រើន​​ដងគឺ​ជា​រឿង​ធម្មតា។ មនុស្ស​ពេញ​វ័យ​ហើយ​មាន​សុខភាព​ល្អ​អាច​នឹង​ផលិត​ទឹកនោម​បាន​ចន្លោះ ៨០០-២០០០​មិល្លីលីត្រ​ ប្រសិនជា​ផឹក​ទឹក​២​លីត្រ​ក្នុង​មួយ​ថ្ងៃ។

    គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​បត់ជើងតូច​ប៉ុន្មាន​ដង​ទើប​ចាត់​ទុក​ថា​ញឹកញាប់។ យោង​តាម​សមាគម​ផ្នែក​ប្លោក​នោម និង​ពោះវៀន​របស់​ប្រទេស​អង់គ្លេស​ គឺ​មិន​មាន​ចម្លើយ​ច្បាស់​លាស់​ទៅ​លើ​សំណួរ​នេះ​ទេ។ មនុស្ស​ភាគច្រើន​អាច​នោម​ ៦-៧​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ពេល​ខ្លះ​អាច​ស្ថិត​នៅ​ចន្លោះ ៤-១០​ដង​ដែល​នេះ​ក៏​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ដែរ។​

    ដោយឡែក​បើ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​រហូត​ដោយ​មិន​អាច​សម្គាល់​ដឹង​ពី​មូលហេតុ យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អាការៈ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​បត់​ជើង​តូច​ច្រើន​មាន​ដូចជា៖

  • ជំងឺ​ទឹកនោមផ្អែម
  • ជំងឺ​រលាក​ប្លោកនោម
  • បញ្ហា​ក្រពេញ​ប្រូស្តាត
  • ជំងឺ​បេះដូង
  • ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគៀក​ធ្វើ​ការ​មិន​ល្អ (Interstitial cystitis)
  • ក្រួស​ក្នុង​ប្លោកនោម (Bladder stones)
  • អាការៈ​ថប់​បារម្ភ។
  • ការ​បត់ជើងតូច​ញឹក​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ប្លោកនោម​សកម្ម​ខ្លាំង។ ក្នុង​​ករណី​នេះ​​យើង​​អាច​​នឹង​​មាន​អារម្មណ៍​​ថា​ចង់​បត់ជើង​តូច​​គ្រប់​​ពេល​ទោះ​យើង​មិន​បាន​ផឹក​ទឹក​ច្រើន​ក៏​ដោយ។ ម៉្យាងទៀត យើង​ពិបាក​ក្នុង​ការ​ទប់​ និង​ពេល​ខ្លះ​លេច​នោម​តែម្ដង​ប្រសិន​ជា​យើង​​មិន​ទៅ​បន្ទប់ទឹកទាន់​ពេល​។ មួយ​វិញ​ទៀត ប្រសិន​ជា​យើង​ផឹក​ទឹក​ច្រើន​ ប៉ុន្តែ​មិន​ទៅ​បន្ទប់​ទឹក​នេះ​ក៏​អាច​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដែរ។ ​បញ្ហា​នេះ​អាច​បង្ក​ដោយ​កត្តា​ផ្សេងៗ​ដូចជា៖

    • ទល់នោម
    • ការ​រីក​នៃ​ក្រពេញ​ប្រូស្តាត
    • បាត់បង់​ឈាម
    • ជំងឺ​តម្រងនោម ឬ​ខ្សោយ​តម្រងនោម។

    សម្រាប់គ្នាយើង​ដែល​ផឹកទឹកច្រើន ហើយ​នោម​តិច ឬ​នោមញឹកតែ​មិន​បាន​ផឹក​ច្រើន យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម