និយមន័យ
១- អ្វីជាការជំងឺមហារីកប្លោកនោម?
ជំងឺមហារីកប្លោកនោមគឺជាប្រភេទជំងឺមហារីកដែលកើតលើសរីរាង្គរាងពងក្រពើសំរាប់ផ្ទុកទឹកនោមដែលស្ថិតនៅក្នុងអាងត្រគាក។ មហារីកប្លោកនោមចាប់ផ្តើមកើតនៅក្នុងកោសិកាខាងក្នុងប្លោកនោម ភាគច្រើនបើធ្វើរោគវិនិច្ឆ័យឃើញនៅដំណាក់កាលដំបូងៗគឺអាចព្យាបាលជាក្នុងអត្រាខ្ពស់ តែក៏អាចកើតឡើងវិញដែរ។ ដូចនេះហើយ ជំងឺមហារីកប្លោកនោមត្រូវធ្វើការតាមដានច្រើនឆ្នាំបន្ទាប់ពីព្យាបាល ដើម្បីរកមើលការកើតឡើងវិញនៃជំងឺនេះ។
២- តើជំងឺមហារីកប្លោកនោមកើតច្រើនដែរឬទេ?
ជំងឺមហារីកប្លោកនោមធម្មតាប៉ះពាល់ដល់មនុស្សវ័យចំណាស់ ទោះជាជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យក៏ដោយ។ យោងតាមវិទ្យាស្ថានសុខាភិបាលជាតិ (National Institutes of Health) របស់អាមេរិក បានឱ្យដឹងថាក្នុងមួយឆ្នាំគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺនេះលើបុរសប្រមាណ ៤៥ ០០០ នាក់និងស្ត្រី ១៧ ០០០ នាក់នៅប្រទេសនេះ។
ទោះជាយ៉ាងណាជំងឺនេះយើងអាចគ្រប់គ្រង និងកាត់បន្ថយកត្តាហានិភ័យបាន។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
១- រោគសញ្ញាជំងឺមហារីកប្លោកនោម
មនុស្សភាគច្រើនដែលមានជំងឺមហារីកប្លោកនោមអាចមានឈាមនៅក្នុងទឹកនោម ប៉ុន្តែមិនមានការឈឺចាប់ពេលកំពុងបត់ជើងនោះទេ។ រោគសញ្ញាមួយចំនួនដែលអាចបង្ហាញថាមានជំងឺមហារីកប្លោកនោមមានដូចជា ការអស់កម្លាំង ការស្រកទម្ងន់ និងឈឺឆ្អឹង ជាដើម។ យើងគួរតែយកចិត្តទុកដាក់លើរោគសញ្ញាដូចខាងក្រោម៖
– មានឈាមនៅក្នុងទឹកនោម
– នោមឈឺ
– នោមញឹក
– នោមបន្ទាន់
– នោមទាស់
– ឈឺនៅតំបន់ពោះ
– ឈឺនៅខាងក្រោយខ្នង
២- ពេលណាដែលយើងត្រូវទៅជួបគ្រូពេទ្យ?
ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅដំណាក់កាលដំបូងៗបានទាន់ពេលអាចបញ្ឈប់ និងបង្ការស្ថានភាពជំងឺឲ្យកាន់តែអាក្រក់បាន ដូច្នេះសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់ដើម្បីការពារស្ថានភាពធ្ងន់ធ្ងរ។
ប្រសិនបើយើងមានរោគសញ្ញាដែលបានរៀបរាប់ខាងលើ សូមរពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយសារតែរាងកាយរបស់មនុស្សយើងគ្រប់រូបធ្វើការខុសៗគ្នា វាល្អបំផុតក្នុងការពិភាក្សាជាមួយវេជ្ជបណ្ឌិតពីស្ថានភាពរបស់យើង។
មូលហេតុ
១- មូលហេតុជំងឺមហារីកប្លោកនោម
រហូតមកដល់ពេលនេះមូលហេតុពិតប្រាកដនៃជំងឺមហារីកផ្លោកនោមនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ជំងឺនេះកើតឡើងនៅពេលដែលកោសិកាមិនធម្មតាបានរីកធំធាត់ ហើយកើនឡើងឆាប់រហ័សមិនអាចគ្រប់គ្រងបាន និងអាចរាលដាលទៅជាលិកាដទៃទៀត។
គេចែកជំងឺមហារីកប្លោកនោមជា ៣ ប្រភេទមាន៖
– កោសិកាមហារីក Transitional cell carcinoma៖ ជាប្រភេទជំងឺមហារីកប្លោកនោមកើតច្រើនជាងគេ។ មហារីកនេះចាប់ផ្តើមពី transitional cells នៅក្នុងស្រទាប់ខាងក្នុងនៃប្លោកនោម។ Transitional cells គឺជាកោសិកាដែលផ្លាស់ប្តូររូបរាងដោយមិនបានខូចខាតនៅពេលដែលជាលិកាត្រូវបានទាញ។
– កោសិកាមហារីក Squamous cell carcinoma៖ នៅសហរដ្ឋអាមេរិក កោសិកានេះជាប្រភេទមហារីកដ៏កម្រមួយ។ កោសិកានេះចាប់ផ្តើមស្តើង សំប៉ែតនៅក្នុងកោសិកាប្លោកនោមក្រោយពីមានការឆ្លង ឬរលាកនៅក្នុងប្លោកនោម។
– កោសិកាមហារីក Adenocarcinoma៖ នៅសហរដ្ឋអាមេរិកវាជាក៏ប្រភេទមហារីកដ៏កម្រមួយផងដែរ។ កោសិកា glandular វាចាប់ផ្តើមកើតឡើងក្រោយពីការរលាកនៅពេលនៅក្នុងប្លោកនោម។ Glandular cells បង្កើតឡើងដោយក្រពេញ Mucus–secreting glands នៅក្នុងរាងកាយ។
កត្តាប្រឈម
១- កត្តាប្រឈមជំងឺមហារីកប្លោកនោម
យើងនឹងមានហានិភ័យខ្ពស់កើតជំងឺមហារីកផ្លោកនោមប្រសិនបើមានលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
– ការជក់បារី៖ ការជក់បារីស៊ីហ្គា ឬបំពង់បឺតអាចបង្កើនការប្រឈមជំងឺមហារីកប្លោកនោមដោយសារធាតុគីមីក្នុងបារីដែលបានប្រមូលផ្តុំនៅក្នុងទឹកនោម។
– វ័យកាន់តែចាស់៖ ហានិភ័យជំងឺមហារីកប្លោកនោមកើនឡើងទៅតាមអាយុរបស់យើង។ ជំងឺមហារីកប្លោកនោមអាចកើតមានគ្រប់វ័យ ប៉ុន្តែវាកម្រកើតលើមនុស្សដែលមានអាយុតិចជាង ៤0 ឆ្នាំ។
– សម្បុរស៖ អ្នកមានសម្បុរស្បែកសមានហានិភ័យខ្ពស់ជាងសម្បុរផ្សេងទៀត។
– បុរស៖ ប្រុសៗកើតច្រើនជាងស្ត្រី។
– ការប៉ះពាល់ទៅនឹងសារធាតុគីមី៖ តម្រងនោមរបស់យើងមានតួនាទីយ៉ាងសំខាន់ក្នុងការច្រោះសារធាតុគីមីពីឈាម ហើយហូរចូលទៅក្នុងប្លោកនោម ដូចនេះហើយសារធាតុគីមីខ្លះអាចបង្កើនហានិភ័យនៃជំងឺមហារីកប្លោកនោមបាន។
– ការប្រើថ្នាំជំងឺទឹកនោមផ្អែម៖ អ្នកដែលកំពុងប្រើថ្នាំ pioglitazone (Actos) សម្រាប់ជំងឺទឹកនោមផ្អែមរយៈពេលច្រើនជាងមួយឆ្នាំ នឹងមានហានិភ័យកើតជំងឺមហារីកប្លោកនោម។
– ការរលាកប្លោកនោមរ៉ាំរ៉ៃ (Chronic bladder inflammation)៖ ការរលាកប្លោកនោមរ៉ាំរ៉ៃ ឬឡើងវិញ (cystitis) ដូចជាការដាក់បំពង់បង្ហូរទឹកនោមរយៈពេលយូរអាចបង្កើនហានិភ័យនៃជំងឺមហារីកប្លោកនោម squamous cell bladder cancer បាន។
– មានប្រវត្ដិ ឬគ្រួសារធ្លាប់កើតជំងឺមហារីក៖ បើយើងធ្លាប់កើតជំងឺមហារីកប្លោកនោម នោះយើងនឹងអាចកើតវាម្តងទៀតបាន។ បើយើងមានសាច់ញាតិមួយ ឬច្រើននាក់មានប្រវត្តិកើតជំងឺនេះ នោះយើងក៏អាចមានការកើនឡើងហានិភ័យនៃជំងឺនេះដែរទោះបីជាករណីកម្រក៏ដោយ។
ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសំរាប់ពត័មានបន្ថែម។
១– រោគវិនិច្ឆ័យជំងឺមហារីកប្លោកនោម
គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជំងឺមហារីកប្លោកនោមដោយប្រើវិធីសាស្រ្តមួយ ឬច្រើនដូចខាងក្រោមនេះ៖
– ការធ្វើតេស្តទឹកនោម៖ គឺជាសំណុំនៃការធ្វើតេស្តដើម្បីរកមើលបំណែកកោសិកា និងសារធាតុខ្លះដូចជាគ្រីស្តាល់ ឬភាគល្អិតនៅក្នុងទឹកនោម។
– ការពិនិត្យក្នុងពោះ ដោយប្រើម្រាមដៃគ្រូពេទ្យ លូកចូលទៅក្នុងទ្វារមាស ឬរន្ធគូថដើម្បីរកដុំពកដែលអាចលូតលាស់មកពីដុំមហារីក។
– Cystoscopy គឺជាបំពង់តូចមួយដែលមានកាមេរ៉ាតូច សំរាប់ដាក់ចូលទៅក្នុងប្លោកនោមអ្នកតាមបំពង់បង្ហូរទឹកនោម។
– ការច្រិបសាច់ធ្វើកោសល្យវិច័្ឆយ៖ គ្រូពេទ្យដាក់ឧបករណ៍តូចមួយចូលតាមបំពង់បង្ហូរទឹកនោមរហូតដល់ប្លោកនោមដើម្បីកាត់យកសាច់គំរូធ្វើតេស្តរកមហារីក។
– ការស្កេន CT ដើម្បីពិនិត្យមើលប្លោកនោម
– An intravenous pyelogram (IVP)
– ការថតកាំរស្មីអ៊ិច (X–rays)
គ្រូពេទ្យអាចវាស់កំរិតមហារីកប្លោកនោមបានតាមកំរិតពី ០ ដល់ ៤ ដើម្បីកំណត់ពីការរាលដាលនៃមហារីក។ កំរិតទាំងនោះមាន៖
– កំរិត ០ មហារីកមិនរីករាលដាលឆ្លងកាត់ស្រទាប់របស់ប្លោកនោមទេ។
– កំរិតទី ១ មហារីកអាចរាលដាលឆ្លងកាត់ស្រទាប់ប្លោកនោម ប៉ុន្តែមិនបានរាលដាលដល់ស្រទាប់របស់សាច់ដុំទេ។
– កំរិតទី ២ មហារីកអាចរាលដាលដល់ស្រទាប់សាច់ដុំបាន។
– កំរិតទី ៣ មហារីកបានរាលដាលទៅជាលិការជុំវិញប្លោកនោម។
– កំរិតទី ៤ មហារីករាលដាលចេញពីប្លោកនោមទៅកន្លែងផ្សេងទៀតដែលនៅជិតៗប្លោកនោមនៅក្នុងរាងកាយ។
២– ការព្យាបាលជំងឺមហារីកប្លោកនោម
ការព្យាបាលគឺអាស្រ័យលើកំរិតនៃមហារីកប្លោកនោម៖
– ការព្យាបាលកំរិតទី ០ និងទី ១៖ មានការវះកាត់យកដុំសាច់ចេញពីប្លោកនោម ការព្យាបាលដោយប្រើគីមី ឬការព្យាបាលដោយវិទ្យុសកម្ម រួមនឹងការប្រើថ្នាំដើម្បីឱ្យប្រព័ន្ធភាពស៊ាំទៅវាយប្រហារលើកោសិកាមហារីក។
– ការព្យាបាលកំរិតទី ២ និងទី ៣៖ ការព្យាបាលជំងឺមហារីកប្លោកនោមកំរិតទី ២ និងកំរិតទី ៣ អាចរួមមាន៖
– កាត់យកចេញនៃផ្នែករបស់ប្លោកនោមខ្លះក្រោយពីធ្វើការព្យាបាលដោយសារធាតុគីមី
– កាត់យកប្លោកនោមចេញទាំងមូល ហើយវះកាត់បង្កើតផ្លូវទឹកនោមថ្មីចេញពីរាងកាយ។
– ការព្យាបាលគីមី ការព្យាបាលដោយកាំរស្មី ឬការព្យាបាលលើប្រព័ន្ធភាពស៊ាំ អាចជួយកាត់បន្ថយដុំសាច់មហារីកមុនពេលវះកាត់បាន ដើម្បីព្យាបាលមហារីកដែលមិនអាចវះកាត់ សម្លាប់កោសិកាមហារីកដែលនៅសេសសល់បន្ទាប់ពីការវះកាត់ ឬដើម្បីទប់ស្កាត់ការលាប់ឡើងវិញនៃមហារីក។
– ការព្យាបាលកំរិតទី ៤៖ ការព្យាបាលជំងឺមហារីកប្លោកនោមកំរិតទី ៤ មាន៖
– ការព្យាបាលដោយគីមីដោយគ្មានការវះកាត់ដើម្បីបន្ថយរោគសញ្ញា និងពន្យារជីវិត
– ការវះកាត់ប្លោកនោមទាំងមូល និងយកចេញនូវកូនកណ្តុរដែលនៅជុំវិញ បន្ទាប់មកធ្វើការវះកាត់ដើម្បីបង្កើតផ្លូវទឹកនោមថ្មីចេញពីខ្លួន។
– ការព្យាបាលដោយគីមី ការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលលើប្រព័ន្ធភាពស៊ាំក្រោយវះកាត់ដើម្បីសម្លាប់កោសិកាមហារីកដែលនៅសល់ ឬដើម្បីបន្ថយរោគសញ្ញា និងពន្យារអាយុជីវិត។
– ថ្នាំសាកល្បង
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងជំងឺមហារីកប្លោកនោម?
គន្លឹះខាងក្រោមនេះអាចជួយយើងឱ្យជៀសវាងពីជំងឺមហារីកប្លោកនោមបាន៖
– ជៀសវាងការជក់បារី
– ជៀសវាងការត្រូវផ្សែងបារី
– ជៀសវាងសារធាតុគីមីដែលអាចបង្កឲ្យកើតមហារីកបាន
– ផឹកទឹកឱ្យបានច្រើន
[embed-health-tool-bmi]