brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចេញអាការៈ ៧នេះ អាចមានបញ្ហាក្រពេញប្រូស្តាតរីកធំ

ក្រពេញប្រូស្តាតរីកធំជាមូលហេតុទូទៅបំផុតដែលបង្កឱ្យបុរសមានបញ្ហា​ប្រព័ន្ធទឹកនោម។ បុរសម្នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុលើសពី ៥០ឆ្នាំអាចមានបញ្ហា​ប្រព័ន្ធទឹកនោម។ តើអាការៈរបស់ក្រពេញ​ប្រូស្តាត​រីកធំមានអ្វីខ្លះ?

ចេញអាការៈ ៧នេះ អាចមានបញ្ហាក្រពេញប្រូស្តាតរីកធំ

ក្រពេញប្រូស្តាតគឺជាក្រពេញដែលមានទំហំប៉ុនគ្រាប់វ៉ុលណាត់ (Walnut) និងស្ថិតនៅពីក្រោម​ប្លោក​នោម ហើយព័ទ្ធជុំវិញបង្ហួរនោមដែលជាបំពង់បញ្ចេញទឹកនោមពីប្លោកនោម។ ក្រពេញ​ប្រូស្តាត​មាន​តួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធបន្តពូជរបស់បុរស ដោយជួយចិញ្ចឹម និងដឹកនាំមេជីវិតឈ្មោល​ចេញ​ពី​ពងស្វាសនៅពេលមានការបញ្ចេញទឹកកាម។

អ្នកដែលមានក្រពេញប្រូស្តាតរីកធំមិនសូវមានរោគសញ្ញា ឬអាការៈទេ។ ប៉ុន្តែនៅពេលដែល​ក្រពេញ​​ប្រូស្តាត​រីកកាន់តែធំ នោះអាចសង្កត់លើផ្នែកខាងក្រៅនៃបង្ហួរនោម ដែលបណ្តាលឱ្យបង្ហួរនោម​រួមតូច និងបង្កឱ្យមានអាការៈដូចជា៖

  • ពិបាកនោម ឬចេញទឹកនោមខ្សោយ
  • មានអារម្មណ៍ថានោមមិនអស់ (ប្លោកនោមនៅមានទឹកនោម)
  • ពិបាកនោម
  • មានទឹកនោមតក់ៗ​បន្ទាប់ពីនោមរួច
  • នោមញឹក ជាពិសេសនៅពេលយប់
  • ត្រូវការនោមជាបន្ទាន់ (ពេលខ្លះយើងអាចលេចនោមមុនពេលចូលដល់បន្ទប់ទឹក)
  • លំហូរនោម​បែកជាពីរ

ចង់ស្វែងយល់បន្ថែមពីបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ!

នោមញឹក

កត្តាមួយចំនួនអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ

១. អាយុ

នៅពេលបុរសមានអាយុកាន់តែច្រើន ហានិភ័យនៃការមានក្រពេញ​ប្រូស្តាត​​​រីកធំមានកាន់តែខ្ពស់។

២. កម្រិតអ័រម៉ូន

នៅពេលបុរសមានអាយុច្រើន តុល្យភាពរបស់អ័រម៉ូនអ៊ឹស្ត្រូសែន និងតេស្តូស្តេរ៉ូន​មាន​ការផ្លាស់ប្តូរ​ដែល​អាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ។

៣. ប្រវត្តិគ្រួសារ

ប្រសិនបើយើងមានសមាជិកគ្រួសារដែលមានបញ្ហាប្រពេញប្រូស្តាតរីកធំ យើង​ទំនងជាអាចមាន​ប្រពេញ​ប្រូស្តាតរីកធំដែរ។

៤. ជំងឺមេតាប៉ូលីស

តាមការស្រាវជ្រាវបានឱ្យដឹងថា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការធាត់ បង្កើន​ហានិភ័យ​ក្នុងការធ្វើឱ្យក្រពេញប្រូស្តាតរីកធំ។

ក្រពេញប្រូស្តាតរីកធំមិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាល​អាចកាត់​បន្ថយ​រោគសញ្ញា ​និងអាការៈ ព្រមទាំងអាចជួយកែលម្អគុណភាពជីវិតរបស់យើងបាន។ យើងអាច​ព្យាបាល​​ក្រពេញប្រូស្តាតរីកធំដោយកែប្រែរបៀបរស់នៅ ប្រើថ្នាំ ឬធ្វើការវះកាត់ អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរនៃជំងឺ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 24/01/2023