មនុស្សមួយចំនួនមិនសូវជាចាប់អារម្មណ៍នឹងអាការៈឈឺចុកចាប់នៅលើរាងកាយទេ ដោយគិតថាវាគ្រាន់តែឈឺមួយភ្លែតៗ តែមានគ្នាយើងណា ដែលឧស្សាហ៍ឈឺចុកក្នុងទ្រូងដោយមិនដឹងពីមូលហេតុច្បាស់លាស់ទេ? បើមានអាការៈឈឺចុកនៅតំបន់ទ្រូង អាចបណ្ដាលមកពីជំងឺខ្យល់ក្នុងទ្រូង។
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺខ្យល់ក្នុងទ្រូង ឬ Pneumothorax ធ្វើឲ្យសួតក្រពឹង ឬត្បៀត។ ជាទូទៅ ជំងឺនេះកើតឡើងនៅពេលលេចខ្យល់នៅកន្លែងចន្លោះសួត និងជញ្ជាំងទ្រូង ហើយវាក៏អាចកើតឡើងផងដែរនៅពេលដែលមានការមុត ឬបុកប៉ះទ្រូង ធ្វើឲ្យមានប្រហោងក្នុងទ្រូង ឬក៏អាចកើតឡើងនៅពេលមានជំងឺរលាកសួតរ៉ាំរ៉ៃ។ ខ្យល់នេះ រុញច្រានសួតទៅម្ខាងជញ្ជាំងទ្រូងដែលធ្វើឲ្យសួតក្រពត។
ចំពោះជំងឹខ្យល់ក្នុងទ្រូងនេះ អាចបណ្ដាលឲ្យអ្នកជំងឺបង្ហាញរោគសញ្ញាដែលអាចដឹងចំៗ និងមានកត្តាមួយចំនួនដែលបណ្ដាលឲ្យកើតមានដូចជា៖
រោគសញ្ញា
– ឈឺទ្រូងខ្លាំងភ្លាមៗ
– ពិបាកដកដង្ហើម
– ដង្ហក់។
កត្តាដែលនាំឲ្យកើតមាន
– ភេទប្រុសច្រើនជាងស្ត្រី
– ជក់បារី
– អាយុចន្លោះពី២០-៤០ឆ្នាំ (មនុស្សខ្ពស់ ហើយស្គម)
– តំណពូជ
– ជំងឺសួត
– អ្នកជំងឺដែលដកដង្ហើមតាមម៉ាស៊ីន
– ធ្លាប់មានជំងឺនេះពីមុនមក។
ទាក់ទងនឹងជំងឺខ្យល់ទ្រូង មន្ទីរពេទ្យ កាល់ម៉ែត បន្តថា កាលដែលកើតឡើងជំងឺនេះ គឺអាចបណ្ដាលមកពីមូលហេតុមួយចំនួនដែលមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ដូចជារបួសទ្រូងដោយការបុក និងប៉ះទង្គិចចាក់ចូល ជំងឺសួតរ៉ាំរ៉ៃ បែកធ្លាយថង់ខ្យល់នៅក្នុងសួត ការដកដង្ហើមតាមម៉ាស៊ីន (Mechanical Ventilation)។
បើតាមការណែនាំរបស់មន្ទីរពេទ្យ កាល់ម៉ែត ក្នុងករណីដែលមានគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រូង ឬឈឺចុកទ្រូងដោយមិនដឹងពីមូលហេតុ គួរទៅពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានទាន់ពេលវេលា ចៀសវាងជំងឺរាលដាលពីតូចទៅធំ។
[embed-health-tool-bmr]