ជាទូទៅជំងឺឫសដូងបាតស្តែងចេញនូវរោគសញ្ញាសំខាន់ៗចំនួន ៣ ទី១អ្នកជំងឺបន្ទោបង់មកមានឈាម ទី២មានលៀនចេញដុំក្នុងទ្វារធំ និងទី៣មានដុំឈាមកកនៅខាងក្រៅរន្ធគូទ ជិតក្រសាល់គូទ។
ទោះយ៉ាងណា ការបន្ទោរបង់មានឈាមមកជាមួយ មិនមែនសុទ្ធតែជាសញ្ញានៃជំងឺឫសដូងបាតនោះទេ។ បើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សញ្ញាច្បាស់លាស់របស់ជំងឺឫសដូងបាត គឺបន្ទោបង់មកមានឈាមដូចអារកមាន់ មានន័យថា ជាឈាមក្រហមស្រស់ដែលធ្លាក់ក្រោយពេលបន្ទោបង់លាមក។
លោកវេជ្ជបណ្ឌិតបានបន្តថា ប្រជាពលរដ្ឋខ្មែរយើងតែងតែច្រឡំ និងគិតថា ឲ្យតែបន្ទោបង់មានឈាម កើតជំងឺឫសដូងបាតទាំងអស់ តែតាមពិតមិនមែនបែបនោះទេ មានករណីខ្លះបន្ទោបង់មកឈាមលាយសម្បោរ ដែលបញ្ហានេះ បើកើតមានរយៈពេលយូរ មិនមែនជារោគសញ្ញាឫសដូងបាតទេ អាចជាឈាមដោយសារមហារីកនៅម្តុំរន្ធបាត។
“តាមការពិតឈាមមិនសុទ្ធពេកទេ ដែលខ្ញុំប្រើពាក្យសាមញ្ញថា ដូចកោសរម្អិលឈាមត្រី ដែលយើង ទើបតែធ្វើស្រកាត្រីរួច យើងកោសទៅឈាមហ្នឹងក្រហម ហើយមានរម្អិលអន្តាយៗ នោះភាគច្រើនមិនមែនជាឈាមរបស់ឫសដូងទេ គឺជាឈាមរបស់មហារីកទៅវិញ’។
[embed-health-tool-bmr]