ជាទូទៅ អាហារដែលយើងញ៉ាំត្រូវការពេលចន្លោះពី២៤ទៅ៧២ម៉ោងដើម្បីឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ ពេលវេលាជាក់លាក់ណាមួយ គឺអាស្រ័យលើប្រភេទអាហារ និងបរិមាណអាហារដែលយើងញ៉ាំ។
ល្បឿននៃការរំលាយអាហារក៏អាស្រ័យលើកត្តាភេទ ការធ្វើមេតាប៉ូលិស និងថាតើប្រព័ន្ធរំលាយអាហាររបស់យើងមានបញ្ហាដែរឬអត់។
បើយើងញ៉ាំសាច់ និងត្រី ការរំលាយអាហារអាចស៊ីពេលដល់ទៅពីរថ្ងៃ។ ប្រូតេអ៊ីន និងខ្លាញ់មានម៉ូលេគុលសាំញ៉ាំដែលត្រូវការពេលយូរក្នុងការបំបែក។ ប៉ុន្តែសម្រាប់បន្លែ និងផ្លែឈើ សម្បូរជាតិសរសៃវិញ អាចអាចធ្វើដំណើរឆ្លងកាត់ប្រព័ន្ធរំលាយអាហារយើងតិចជាងមួយថ្ងៃផង។ ជាការពិតអាហារសម្បូរសារធាតុសរសៃ នឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ធ្វើការមានប្រសិទ្ធភាព។
ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការពារខ្លួនពីបញ្ហារាក ឬទល់លាមក យើងគួរអនុវត្តតិចនិកទាំងនេះ។
ញ៉ាំបន្លែ ផ្លែឈើ៖ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ សម្បូរទៅដោយជាតិសរសៃ ដែលជាតិសរសៃជួយឲ្យរំលាយអាហារបានស្រួល និងលឿន។
កម្រិតការញ៉ាំសាច់ក្រហម៖ ការសិក្សាមួយចំនួនរកឃើញថាសាច់ក្រហមមានបញ្ចេញសារធាតុគីមីម្យ៉ាងដែលមានទំនាក់ទំនងទៅនឹងជំងឺបេះដូង។
ហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំជួយឲ្យរាងកាយយើងមានចលនា និងធ្វើឲ្យប្រព័ន្ធរំលាយអាហារយើងធ្វើចលនាដែរ។ យើងអាចដើរបន្តិចបន្ទាប់ពីញ៉ាំអាហារ ដើម្បីការពារបញ្ហាហើមពោះ។ ការហាត់ប្រាណជួយឲ្យទម្ងន់ខ្លួនយើងនៅថេរល្អ ដែលអាចជួយយើងបន្ថយហានិភ័យកើតជំងឺមហារីកមួយចំនួន និងជំងឺផ្សេងមួយចំនួនទៀតទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។
គេងឲ្យបានគ្រប់គ្រាន់៖ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងធាត់បាន ដែលនេះ អាចធ្វើឲ្យយើងមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។
កាត់បន្ថយស្ត្រេស៖ កើតស្ត្រេសខ្លាំងពេកអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារយើងមានបញ្ហា ដូចជាចាល់អាស៊ីដក្រពះ និងបញ្ហាពោះវៀន។ វិធីកាត់បន្ថយស្ត្រេស មានដូចជាធ្វើសមាធិ ហាត់យ៉ួហ្កា ដែលអាចជួយឲ្យចិត្តយើងស្ងប់បាន។
[embed-health-tool-bmr]