ទោះបីជាសាច់ជាផ្នែកមួយដ៏សំខាន់នៅក្នុងរបបអាហារក៏ពិតមែន ប៉ុន្តែការញ៉ាំសាច់ច្រើនជ្រុលក៏អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់យើងដូចគ្នា។ ខាងក្រោមនេះ គឺជាហានិភ័យសុខភាពមួយចំនួនដែលកើតឡើង នៅពេលដែលយើងញ៉ាំសាច់ច្រើន។
១. ក្រួសតម្រងនោម
ប្រូតេអ៊ីននៅក្នុងសត្វសាច់មានសមាសធាតុជាច្រើន ដែលហៅថា Purine ហើយវានឹងបំបែកទៅជាអាស៊ីដUric។ នៅពេលដែលរាងកាយយើងផ្ទុកអាស៊ីដមួយប្រភេទនេះច្រើនជ្រុល វាអាចវិវត្តទៅជាក្រួសតម្រងនោម។ យ៉ាងណាមិញ គ្នាយើងគប្បីញ៉ាំសាច់នៅក្នុងបរិមាណសមល្មម និងញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការក្រួសតម្រងនោម។
២. កង្វះជាតិទឹក
ពីព្រោះតែបរិមាណលើសនៃអាស៊ីដUric យើងអាចនឹងមានអារម្មណ៍ស្រេកទឹកលើសពីធម្មតា។ ពិតណាស់ តម្រងនោមរបស់យើងត្រូវការទឹកដើម្បីរំលាយកាកសំណល់ពុល ដូច្នេះហើយ យើងចាំបាច់ញ៉ាំទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
៣. ទល់លាមក
អាហារដែលធ្វើពីសាច់មានផ្ទុកប្រូតេអ៊ីនច្រើន ប៉ុន្តែវាមិនមានជាតិសរសៃឡើយ។ ជាទូទៅ ការទល់លាមក និងឈឺចាប់ពេលបន្ទោបង់ អាចជាសញ្ញាដំបូង ដែលបង្ហាញថាយើងញ៉ាំអាហារដែលមានជាតិសរសៃទាប។ ដូច្នេះហើយ គ្នាយើងគប្បីបន្ថែមអាហារដែលមានជាតិសរសៃដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិទាំងមូល ។
៤. ឈឺក្បាល
កង្វះជាតិទឹកក៏អាចបណ្ដាលឲ្យយើងឈឺក្បាលដែរ។ វាធ្វើឲ្យឈាមកាន់តែខាប់ ដោយកាត់បន្ថយលំហូរអុកស៊ីសែនទៅក្នុងខួរក្បាល។ ម្យ៉ាងវិញទៀត ផលិតផលសាច់មួយចំនួនដូចជាHotdog សាច់ក្រកជ្រូក (Salami) ផ្ទុកសារធាតុនីត្រាត ដែលអាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាលរបស់យើង បណ្ដាលឲ្យមានអាការៈឈឺក្បាលដែរ។
៥. បញ្ហាបេះដូង
ជាតិសរសៃដែលមាននៅក្នុងរបបអាហារ មានគុណប្រយោជន៍ជួយការពារសុខភាពបេះដូងរបស់យើង។ ប៉ុន្តែ ប្រសិនបើយើងញ៉ាំសាច់ច្រើន ជាតិសរសៃនៅក្នុងរាងកាយប្រាកដជាមានកម្រិតទាប ដែលជាហេតុនាំឲ្យមានហានិភ័យខ្ពស់នៃការកើតជំងឺបេះដូង។
៦. ឧស្សាហ៍ឈឺ
ជាមួយគ្នានេះដែរ ខ្លាញ់ឆ្អែតនៅក្នុងសាច់ក្រហម និងសាច់កែច្នៃមិនមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលចាំបាច់សម្រាប់ឲ្យរាងកាយប្រឆាំងនឹងការរលាកណាមួយបានឡើយ។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំអាហារមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មឲ្យបានច្រើន ដែលមាននៅក្នុងបន្លែ និងផ្លែឈើ។
៧. ឆ្អឹងចុះខ្សោយ
បន្ថែមពីនេះ បរិមាណប្រូតេអ៊ីនខ្ពស់អាចបង្កើនការបាត់បង់ជាតិកាល់ស្យូមតាមរយៈទឹកនោម ហើយជាតិកាល់ស្យូមនេះដែរ មានសារសំខាន់ណាស់ចំពោះសុខភាពឆ្អឹង។ ជាក់ស្ដែង រាងកាយរបស់យើងមិនអាចផលិតជាតិកាល់ស្យូមបានឡើយ ហើយវាទទួលបានជាតិកាល់ស្យូមតាមរយៈអាហារ ឬថ្នាំបំប៉នប៉ុណ្ណោះ។
[embed-health-tool-bmr]