ប្រព័ន្ធរំលាយអាហារ មានតួនាទីរំលាយអាហារដែលយើងបានញ៉ាំ ស្រូបយកសារធាតុចិញ្ចឹម និងប្រើប្រាស់សារធាតុចិញ្ចឹមទាំងនោះជាថាមពល និងរក្សារាងកាយឲ្យមានសុខភាពល្អ។
ប្រព័ន្ធរំលាយអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពទូទៅរបស់មនុស្សយើង។ មួយវិញទៀត ប្រព័ន្ធរំលាយអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងខួរក្បាល និងដើរតួសំខាន់ក្នុងប្រព័ន្ធការពាររាងកាយដែរ។ តាមការស្រាវជ្រាវ កោសិកាប្រព័ន្ធភាពសាំជាង៧០ភាគរយ មាននៅក្នុងប្រព័ន្ធរំលាយអាហារ។ ដោយសារតែប្រព័ន្ធរំលាយអាហារមានតួនាទីសំខាន់បែបនេះហើយ បានជាយើងត្រូវដឹងតិចនិកមួយចំនួនជួយប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។
១. ញ៉ាំអាហារមានជាតិសរសៃ និងprobiotics
កាកសរសៃនៅក្នុងបន្លែ ផ្លែឈើ ជាសារធាតុចិញ្ចឹមជួយកាត់បន្ថយហានិភ័យជំងឺមេតាប៉ូលិស ដោយជួយរំញោចដល់ការលូតលាស់ និងបង្កើតភាពចម្រុះរបស់បាក់តេរីល្អនៅក្នុងពោះវៀន។ ដំឡូងជ្វា ស្ពៃពួយឡេង ការ៉ុត សុទ្ធតែជាបន្លែដែលមានជាតិសរសៃល្អសម្រាប់ពោះវៀន។ ក្រៅពីនេះ បន្លែ និងផ្លែឈើផ្សេងទៀត ក៏សុទ្ធសឹងតែមានជាតិសរសៃល្អចំពោះពោះវៀនដូចគ្នា។
អាហារប្រភេទជ្រក់ ឬផ្អាប់ដូចជាយ៉ាអ៊ួ គីមឈី គឺសុទ្ធតែមានលទ្ធភាពជំរុញឲ្យពោះវៀនមានសុខភាពល្អ ដោយសារតែមានវត្តមានជាតិprobiotics។ យ៉ាអ៊ូ ត្រូវគេដឹងថាអាចជួយសម្រួលដល់បញ្ហាក្រពះពោះវៀន ដូចជារាករូស ជំងឺរលាកពោះវៀន និងទល់លាមកជាដើម។
![]()
២. ហាត់ប្រាណជាប្រចាំ
ការធ្វើចលនារាងកាយ ជាឱសថជួយដល់រាងកាយរបស់យើង និងរួមទាំងមីក្រូសារពាង្គកាយក្នុងខ្លួនយើងផងដែរ។ ការសិក្សាទាំងលើមនុស្ស និងសត្វបានរកឃើញថា ការបញ្ចេញកម្លាំងពលកម្ម និងហាត់ប្រាណជាប្រចាំ ជួយឲ្យបង្កើតបាក់តេរីល្អច្រើនប្រភេទក្នុងពោះវៀន។ ការសិក្សាបានរកឃើញទៀតថា ការមានរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណបានទៀងទាត់ បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាពោះវៀនឲ្យមានសុខភាពល្អ។
៣. កាត់បន្ថយការផឹកគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងច្រើនពេកនឹងមានផលប៉ះពាល់អវិជ្ជមានដល់បាក់តេរីល្អក្នុងពោះវៀនដែរ។ ការផឹកគ្រឿងស្រវឹងជោគជាំជាប្រចាំអាចនាំឲ្យរលាកក្រពះ មានបញ្ហាពោះវៀន អាចនាំឲ្យរលាកបាន។ ការរលាកពោះវៀនអាចនាំឲ្យមានអាការៈក្រហាយទ្រូង ឧស្សាហ៍មិនស្រួលក្នុងខ្លួន និងអាចមានដំបៅ ឬឆ្លងរោគនៅពោះវៀនផងដែរ។
ការផឹកគ្រឿងស្រវឹងច្រើនមានទំនាក់ទំនងទៅនឹងការរលាកពោះវៀនតូច ដែលអាចជាសញ្ញានៃសុខភាពមិនល្អលើប្រព័ន្ធរំលាយអាហារ។ ការសិក្សាបង្ហាញថា ការរលាកបែបនេះអាចធ្វើឲ្យប្រែប្រួលតួនាទីរបស់បាក់តេរីក្នុងពោះវៀន និងបាត់បង់តុល្យភាពផងដែរ។
៤. កាត់បន្ថយស្រ្តេស
បញ្ហាស្រ្តេសមិនមែនគ្រាន់តែជារឿងផ្លូវចិត្តប៉ុណ្ណោះទេ។ អ្នកជំនាញខាងប្រព័ន្ធរំលាយអាហារបានអះអាងពីទំនាក់ទំនងដ៏ល្អរវាងប្រព័ន្ធរំលាយអាហារ និងខួរក្បាល និងបានចាត់ទុកប្រព័ន្ធរំលាយអាហារជាខួរក្បាលទីពីរផងដែរ។
អ្នកស្រាវជ្រាវលើកឡើងថាបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្ត អាចមានផលប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារ ហើយផ្ទុយមកវិញបញ្ហាក្រពះពោះវៀន ក៏អាចធ្វើឲ្យមានបញ្ហាថប់បារម្ភនេះ ដែរ។ ការសិក្សាបញ្ជាក់ទៀតថា អ្នកមានបញ្ហាបាក់ទឹកចិត្ត ប្រឈមកាន់តែខ្ពស់នៃបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ ហើយអ្នកមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ ក៏អាចជួបបញ្ហាផ្លូវចិត្តផងដែរ។
ចូរស្វែងរកវិធីដែលអាចគ្រប់គ្រងស្ត្រេសឲ្យបានល្អ បើសិនជាគ្នាយើងជួបបញ្ហានេះ ដើម្បីកាត់បន្ថយហានិភ័យនាំឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារថែមទៀត។ វិធីកាត់បន្ថយស្ត្រេសងាយៗមានដូចជាធ្វើលំហាត់ប្រាណជាប្រចាំ អាចដើរហាត់ប្រាណ ក៏ជាការល្អ។ ការសិក្សាបង្ហាញថាការហាត់ប្រាណជួយបង្កើនបរិមាណ និងគុណភាពបាក់តេរីល្អក្នុងពោះវៀន។
[embed-health-tool-bmr]




















