រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?
យើងប្រាកដជាធ្លាប់ដឹងហើយពីជំងឺពោះវៀនដុះខ្នែង ដែលធ្វើឲ្យឈឺចុកចាប់ពោះ តែមានដែលដឹងអីទាក់ទងនឹងជំងឺរលាកខ្នែងពោះវៀនឬអត់? ជំងឺរលាកខ្នែងពោះវៀន ជាជំងឺមួយដែលរលាកនៅខ្នែងពោះវៀនរបស់យើង ហើយវាអាចកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់។ នេះបើតាមការចុះផ្សាយលើបណ្ដាញសង្គមរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ជំងឺរលាកខ្នែងពោះវៀននេះ ក្រុមគ្រូពេទ្យចែកចេញជា៣ប្រភេទគឺ រលាកស្រួចស្រាវ រលាកដោយមានខ្ទុះ ជាអាប់សែ និងរលួយខ្នែងតែម្ដង។ ជំងឺរលាកខ្នែងពោះវៀន អាចបង្កឡើងដោយមូលហេតុដូចជា៖
១. ការបង្ករោគដោយពពួកវីរុស ឬបាក់តេរីនៅក្នុងពោះវៀន
២. ដុំលាមករឹង (ដុំលាមកតូចៗទៅ ស្ទះរន្ធខ្នែងពោះវៀន)
៣. ជាពពួកប៉ារ៉ាស៊ីត
៤. ដុំតូចៗផ្សេងទៀតទៅស្ទះរន្ធខ្នែងពោះវៀន
នៅពេលដែលអ្នកជំងឺឈឺ តែងមានចេញសញ្ញាគួរកត់សម្គាល់ដូចជា ឈឺពោះខ្លាំងនៅផ្នែកខាងស្ដាំក្រោមផ្ចិត ក្ដៅខ្លួន ក្អួតចង្អោរ ញ៉ាំបាយមិនបាន អណ្ដាតឡើងស។ល។ មិនតែប៉ុណ្ណោះ ការរលាកខ្នែងពោះវៀន ជាជំងឺដែលត្រូវវះកាត់បន្ទាន់ភ្លាមៗ។ បើយើងមិនឆាប់ព្យាបាលដោយការវះកាត់ទេ អ្នកជំងឺអាចមានគ្រោះថ្នាក់ដល់ជីវិត។ ពេលខ្នែងពោះវៀនរលាកយូរៗទៅ វាបណ្ដាលឲ្យរលួយស្អុយក្នុងពោះ ដែលធ្វើឲ្យសាយភាពមេរោគ ដែលកើតជាជំងឺមួយទៀតហៅថា “រលាកស្រោមពោះ”។
មន្ទីរពេទ្យ កាល់ម៉ែត បន្តថា សម្រាប់ការព្យាបាលជំងឺនេះមាន២ប្រភេទ គឺវះកាត់ដោយចោះ និងការវះកាត់ពោះផ្ទាល់នៅផ្នែកក្រោមផ្ចិត ប៉ុន្តែការវះកាត់ដោយចោះ អ្នកជំងឺសម្រាកពេទ្យតិចថ្ងៃ និងគ្មានការឈឺចាប់ក្រោយពេលវះកាត់រួចឡើយ។
[embed-health-tool-bmr]