និយមន័យ
១‑ អ្វីទៅជាជំងឺរលាកក្រពះ?
រលាកក្រពះ ជាជំងឺកើតឡើងដោយសារការរលាក ឬហើមស្រទាប់កម្រាលនៃក្រពះ។ ជំងឺនេះ អាចកើតឡើងភ្លាមៗ ឬកើតមានរាប់ឆ្នាំហើយដោយយើងមិនបានដឹងជាមុន។ យ៉ាងណា រលាកក្រពះ មិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ អាចព្យាបាលជាក្នុងពេលខ្លី បើសិនជាព្យាបាលបានត្រឹមត្រូវ។ តែករណីខ្លះ ជំងឺនេះអាចនឹងវិវត្តជាដំបៅក្រពះ នាំឲ្យប្រឈមមុខ កើត ជំងឺមហារីកក្រពះ ទៀតផង។
២‑ រលាកក្រពះកើតញឹកញាប់ដែរអត់?
ជំងឺនេះ កើតមានជាញឹកញាប់ណាស់ ហើយកាន់តែសម្បូរចំពោះគ្នាយើងប្រើថ្នាំបំបាត់ការឈឺចាប់ និងផឹកស្រា។
រោគសញ្ញា
៣‑ រោគសញ្ញាជំងឺរលាកក្រពះមានអ្វីខ្លះ?
អ្នកជំងឺ ភាគច្រើនមិនមានរោគសញ្ញានោះទេ ប៉ុន្តែរោគសញ្ញាឧស្សាហ៍ជួបបំផុតរួមមាន៖
– មិនឃ្លានអាហារ
– ក្អួតចង្អោរ
– ចុកពោះផ្នែកខាងលើ (ចុងដង្ហើមជាដើម)
– ណែនពោះក្រោយពេលញ៉ាំ។
បើសិនជាមានហូរឈាមក្នុងស្រទាប់កម្រាលក្រពះ យើងអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
– លាមកខ្មៅ
– ក្អួតឈាម ឬក្អួតពណ៌កាហ្វេ
ជំងឺនេះ អាចមានរោគសញ្ញាផ្សេងៗមិនបានរៀបរាប់នៅខាងលើ។ បើមានការក្តីបារម្ភពីរោគសញ្ញាណាមួយនោះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤‑ ពេលណាត្រូវទៅជួបពេទ្យ?
បើសិនជាអាការៈមិនបានធូរស្រាល គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហាទាំងនេះ។ ប្រាប់ពេទ្យរាល់បញ្ហាយើងកំពុងជួបប្រទះ ពិសេសថ្នាំមួយចំនួនយើងកំពុងប្រើ ដូចជា អាស្ពេរីន និងថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ។ លើសពីនេះ បើមានឈាមក្នុងលាមក ឬក្អួតឈាមនោះ ត្រូវទៅឲ្យគ្រូពេទ្យពិនិត្យរកមូលហេតុពិតប្រាកដឲ្យឃើញ។
មូលហេតុបង្ក
៥‑ មូលហេតុនាំឲ្យរលាកប្រពះ
មូលហេតុឧស្សាហ៍កើតមានបំផុត ដូចជា៖
– ប្រើថ្នាំមួយចំនួន មានថ្នាំ អាសេ្ពរីន ឬថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ
– ផឹកស្រា
– មានមេរោគ Helicobacter pylori ក្នុងក្រពះ
មូលហេតុផ្សេង៖
– ជំងឺប្រព័ន្ធការពារ (ដូចជាជំងឺស្លេកស្លាំងជាដើម)
– ច្រាលអាស៊ីដក្រពះ
– ប្រើគ្រឿងញៀន (កូកាអ៊ីន)
កត្តាប្រឈម
៦‑ កត្តាប្រឈមកើតជំងឺរលាកក្រពះ
កត្តាប្រឈមរួមមាន៖
– ឧស្សាហ៍ប្រើថ្នាំបំបាត់ការឈឺចាប់
– អាយុច្រើន
– ស្រ្តេស
– ផឹកស្រា
– ជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺអេដស៍ (HIV) ជំងឺ Crohn’s Disease និងជំងឺបង្កដោយបាក់តេរីផ្សេងៗ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាធម្មតា រោគវិនិច្ឆ័យ អាស្រ័យលើអាការៈជំងឺ តែដើម្បីឲ្យកាន់តែច្បាស់នោះ គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដូចជា៖
– ឆ្លុះមើលក្រពះ
– ច្រឹបសាច់រកមើលមេរោគ H. pylori ក្នុងក្រពះ
– ពិនិត្យឈាម ឬលាមករកមើលមេរោគ។
៨‑ ព្យាបាលដោយវិធីណា?
ថ្នាំផ្សះ និងថ្នាំទប់ទល់អាស៊ីដក្រពះ ត្រូវគេប្រើដើម្បីព្យាបាលជំងឺរលាកក្រពះរ៉ាំរ៉ៃ ដោយសារមេរោគHelicobacter pylori។ យើងខ្លួនឯង ត្រូវចៀសវាងផឹកស្រា ក៏ដូចជាប្រើថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ អំឡុងពេលព្យាបាល ខណៈថ្នាំបន្ថយអាស៊ីដក្រពះអាចប្រើបានរួមមាន៖
– ក្រុមថ្នាំ Antihistamine-2 (H2)៖ Famotidine, Cimetidine, Ranitidine និងថ្នាំ Nizatidine។
– ក្រុមថ្នាំ Proton pump inhibitors (PPI)៖ Omeprazole, Esomeprazole, Iansoprazole, Rabeprazole និង Pantoprazole។
បើជំងឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ យើងអាចប្រើថ្នាំចាក់តាមសរសៃ និងថ្នាំបន្ថយអាស៊ីតក្រពះផ្សេងៗទៀត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩‑ ផ្លាស់ប្តូរទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលដោយខ្លួនឯង អាចជួយព្យាបាល និងបង្ការជំងឺបានដូចជា៖
– ញ៉ាំអាហារតិចៗ តែច្រើនដង
– ញ៉ាំអាហារបានចម្អិនត្រឹមត្រូវ
– លាងសម្អាតដៃមុនញ៉ាំអាហារ ដើម្បីការពារករណីឆ្លងមេរោគ
ធ្វើតាមការណែនាំរបស់គ្រូពេទ្យ មិនត្រូវប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ឬឈប់ដោយគ្មានការអនុញ្ញាតនោះទេ។
[embed-health-tool-bmr]