backup og meta

Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ)

Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ)

និយមន័យ

១- អ្វី​​ជា​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​បង្ករោគ?

ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារបង្ក​រោគ ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Infectious Colitis គឺ​ជា​ការ​រលាក​ទៅ​លើ​ពោះ​វៀន​ធំ ដោយ​សារ​តែ​ការ​បង្ក​រោគ​ពី ពពួក​បាក់តេរី វីរុស ពពួក​ប្រូតូហ្សូអែ  ឬ​ពពួក​ផ្សិត ហើយ​វា​ច្រើន​តែ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ចុក​រមួលភ្លាម​ៗ​លើ​ពោះ​ផ្នែក​ខាង​ក្រោម និង​បង្ក​ឲ្យ​មាន​អាការៈ​រាក​រូស។

ជំងឺរលាក​ពោះវៀន​ធំដោយ​សារបង្ក​រោគ ពិសេស​ករណី​ពុល​អាហារ ជា​ទូទៅ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ក្រពះ​និង​ពោះវៀន​តូច (Gastroenteritis) ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ពី​ខាង​លើ​ពោះ​ រហូត​ដល់​រន្ធ​គូទ (Rectum) ដែល​ជា​ផ្នែក​ខាង​ចុង​របស់​ពោះ​វៀន​ធំ។

ភាគ​ច្រើន​ជំងឺ​នេះ ​ជា​ជំងឺ​ស្រួច​ស្រាវ ដោយ​រោគ​សញ្ញា​របស់​ ​គឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​នឹង​ធូរ​ស្រាល​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​ត្រឹម​ការ​ព្យាបាល​បន្តិច​បន្តួច ខណៈ​បញ្ហា​ប្រឈម​ខ្លាំង​នោះនៅ​ពេល​មាន​ជំងឺ​រលាក​ពោះ​វៀន​ធំដោយ​សារ​ឆ្លង​រោគ គឺបញ្ហា​​បាត់បង់​ជាតិ​ទឹក។

តែ​ទោះ​ជា​យ៉ាង​ណា ប្រភេទ​ខ្លះ​នៃអា​ការៈ​រាករូស​ដោយ​សារ​មាន​ការ​បង្ក​រោគ គឺ​ធ្ងន់​ធ្ងរ​ខ្លាំង អាច​នាំ​ឲ្យ​មានអាការៈ​រាក​លាយ​ឡំ​ជា​មួយ​​ឈាម  អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈពេល​យ៉ាង​ខ្លី។

២- ​ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារ​បង្ករោគកើត​ឡើង​ញឹក​ញាប់​ដែរទេ?

ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារបង្ក​​រោគ ​កើត​មាន​ញឹក​ញាប់ មិន​ថា​ក្មេង​ មិន​ថា​ចាស់ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- រោគ​សញ្ញា​ជំងឺ​រលាក​ពោះវៀន​ធំ​ដោយ​សារបង្ក​រោគ​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ទូទៅ​របស់​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​បង្ក​រោគ (Infectious Colitis) រួម​មាន៖

– រាកច្រើន​ជាង​ ៣ ដង​ក្នុង​មួយ​ថ្ងៃ

– បត់​ជើង​ធំមាន​ឈាម​ ឬ​ស្លេស្ម

– ឈឺ​ក្បាល ​ឈឺ​ខ្លួន​

– គ្រុន​ក្ដៅ​ក្នុង​កម្រិត​ទាប (តិច​ជាង ៣៨ ​អង្សារ​សេ)

– ឈឺ​ពោះ ហើម​ពោះ និង​ចុក​រមួល​ពោះ។

អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញាណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាម បើ​មាន​បញ្ហា​ដូច​ខាង​ក្រោម៖

– ទឹកនោមតិច​ជាង​ធម្មតា ឬ​មិន​នោម​ទាល់​តែ​សោះ

– ឈឺ​ក្បាល វិលមុខ ឬ​វង្វេងវង្វាន់

– ដក​ដង្ហើម​ខុស​ប្រក្រតី ឬ​ញាប់ ​ចង្វាក់​បេះដូង​លោត​ញាប់​ ឬ​ខ្លាំង

– ស្រក​ទម្ងន់​ភ្លាម​ៗ​។

មូលហេតុបង្ក

៥- ​មូល​ហេតុបង្ក​ឲ្យមាន​ជំងឺ​រលាក​ពោះ​វៀន​ធំ​ដោយសារ​បង្ក​រោគ​មាន​អ្វីខ្លះ?

វីរុស បាក់តេរី និង​ពពួក​ប្រូតូហ្សូអែ គឺ​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​មាន​ជំងឺ​នេះ ប៉ុន្តែក្នុង​ករណី​កម្រ ពពួក​ផ្សិត​ប្រភេទ​ខ្លះ ​ក៏​អាច​ជា​មូល​ហេតុ​បង្ក​ជំងឺ​ដូច​គ្នា។ ដង្កូវ​ប៉ារ៉ាស៊ីត ​រូម​មាន ពពួក​ព្រូនតម្ពក់ ឬ​ព្រូន​ក្នុង​ពោះវៀន​តូច ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពោះ​វៀន​យើង (infestation) ប៉ុន្តែ​នេះ​ មិន​អាច​ថា​ជា​ការ​បង្ក​រោគ​ទេ។ ដូច​នេះ​ ហើយ​ទើប​ពពួក​ព្រូន​ពោះ​វៀន​នេះ មិន​ត្រូវ​គេ​​យក​មក​ពិភាក្សា​បន្ថែម​ទៀត​ឡើយ។

ភ្នាក់ងារ​បង្ក​រោគ​ខាង​ក្រោម​នេះ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដោយ​ផ្ទាល់​ទៅ​លើ​ស្រទាប់​ភ្នាស និង​ជាលិកា​ជ្រៅ​​ក្នុង​ជញ្ជាំង​ពោះវៀន​ធំ ឬអាច​បង្ក​គ្រោះ​ថ្នាក់​ដោយ​មិន​ផ្ទាល់​ តាម​រយៈ​សកម្មភាព​ និង​ជាតិ​ពុល​របស់​វា។ ភ្នាក់ងារ​បង្ក​រោគ​ទាំង​នោះ ​អាច​នឹង​រាល​ដាល​តាម​វិធី​សាស្ត្រ​ខុសៗ​គ្នា ហើយ​ភាគ​ច្រើន ​ចម្លង​តាម​រយៈ​ម្ហូប​អាហារ ឬ​ទឹក​ ដែល​មានពួក​វា​រស់​នៅ ឬ​ជាតិ​ពុល​របស់​វា។

– ​រលាក​ពោះ​វៀន​ធំ​ដោយ​សារ​ពុល​អាហារ៖ គ្នា​យើង​មាន​​ជំងឺនេះ ​នឹង​រាក​ខ្លាំង​ហើយ​ភ្លាម​ៗ នៅ​រយៈពេល​ចន្លោះ ១២-៧២​ ម៉ោងក្រោយ​ញ៉ាំ​អាហារ​មាន​បាក់តេរី ដូច​ជា E.coli, Shigella, Salmonella, Yersinia ឬ Campylobacter spp ដែល​សុទ្ធ​សឹង​ជា​ភ្នាក់​ងារ​បង្ក​រាគ ជា​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ពោះវៀន​ ដោយ​សារ​តែ​បាក់តេរី ហើយ​​ជា​ប្រភេទ​រលាក​ពោះវៀន​ ​កើត​មាន​ញឹក​ញាប់​ជាង​គេ។

  • មេរោគ E.coli៖ គឺ​ជា​មូលហេតុ​បង្ក​អាការៈ​រាក​រូស​ ខណៈ​មេរោគ Shigella ​មាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ ជា​ទូទៅ​ បង្ក​ជំងឺ​កម្រិត​ស្រាល និង​មាន​រយៈ​ពេល​កំណត់ (Self-limiting) ប៉ុន្តែ​ចំពោះ​តំបន់​ក្រី​ក្រ​វិញ វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ការ​បង្ក​រោគ អាច​ឈាន​ដល់​ស្លាប់​ ដែល​ភាសាបច្ចេក​ទេស​គេ​ហៅថា Bacillary dysentery។
  • ពពួក​បាក់តេរី​ ដូច​ជា Cholerae vibrio ដែល​បង្ក​​ជំងឺ​អាសន្នរោគ (Cholera) អាច​ធ្វើ​ឲ្យ​អាការៈ​រាក​ មាន​សុទ្ធ​តែ​ទឹក​យ៉ាង​ច្រើន ហើយជា​ទូទៅ​អាការៈ​រាក​នេះ មាន​ពណ៌​ស ហើយ​ស្រដៀង​ទៅ​នឹង​ទឹក​អង្ករ។ ជំងឺ​អាសន្នរោគ  ​ជា​ទម្រង់​ជំងឺ​រលាក​ពោះវៀន​ធំ​ ដែល​កើត​មាន​ញឹក​ញាប់ ​ពិសេសអាចបណ្តាល​​ឲ្យ​ស្លាប់ ដោយ​សារ​​បាត់​បង់​ជាតិ​ទឹក (Dehydration) នៅ​ពេល​មិន​បាន​ព្យាបាល និង​គ្រប់​គ្រងស្ថាន​ភាព​ជំងឺ​​ត្រឹម​ត្រូវ។

– រលាក​ពោះវៀន​ធំ​ដោយ​ពពួក​ប្រូតូហ្សូអែ

អាការៈ​រាក ​ដែល​វិវត្ត​កាន់​តែ​ធ្ងន់​ទៅ ម្ដង​បន្តិចៗ ដោយ​មាន​អម​ជាមួយ​ស្លេស្ម និង​ហើម​ពោះ​ រយៈពេល​ ២-​៣​ ថ្ងៃ ឬ​ដល់​រាប់​អាទិត្យ បន្ទាប់​ពី​ហូប​អាហារ ​មានផ្ទុក​ពពួក​ប្រូតូហ្សូអែ គឺ​សុទ្ធ​តែ​ជា​រោគ​សញ្ញា​ជំងឺរលាក​ពោះវៀន​ធំ​ដោយ​សារ​ ពពួក​ប៉ារ៉ាស៊ីត។ មូល​ហេតុ​ញឹក​ញាប់​​នាំ​ឲ្យ​មាន​ជំងឺ​នេះ ដោយ​សារ​ពពួក​ប៉ារ៉ាស៊ីត Entameba hystolytica ដែល​មាន​កោសិកា​តែ​មួយ ហើយ​ចម្លង​តាម​រយៈ​ទឹក​ ​នាំ​ឲ្យយើង​​មាន​​ជំងឺរលាក​ពោះ​វៀន​ធំ​ស្រួច​ស្រាវ ឬ​ឈាន​ដល់​ធ្ងន់ធ្ងរ។ ការ​បង្ក​រោគ​ ក៏​​អាច​ឈាន​ដល់​ស្លាប់​បាន ដោយ​ត្រូវ​បាន​គេ​ហៅ​ថា Amebic dysentery។

– ជំងឺ​រលាក​ពោះវៀន​ធំ Pseudomembranous៖ ជាការ​លូតលាស់​ខ្លាំង​របស់ បាក់តេរី Cl. Difficile បន្ទាប់​ពី​ប្រើ​ថ្នាំ​ផ្សះ​ច្រើន។ ពពួក​បាក់តេរី Clostridium difficile ជា​ធម្មតា​មាន​វត្តមាន​នៅ​ក្នុង​ពោះវៀន​ធំ​យើង ដោយ​វា​ជា​ផ្នែក​នៃ​ពពួក​បាក់តេរី​ល្អរបស់​ពោះវៀន (Normal intestinal flora)។ ប៉ុន្តែការ​លូតលាស់​នៃ​បាក់​តេរី​ល្អ​នេះ ​គឺ​ត្រូវ​បាន​កម្រិត​ដោយ​ពពួក​បាក់តេរី​ល្អ​ផ្សេង​ទៀត។ នៅ​ពេលបាក់តេរី​ល្អ​ ត្រូវ​បំផ្លាញ​ដោយ​ថ្នាំ​ផ្សះលេប​តាម​មាត់ ដូច​ជា​ថ្នាំអាម៉ុកស៊ីក្លីន និង​ក្លាំងដាមីស៊ីន នោះបាក់តេរី Clostridium difficile នឹង​លូតលាស់​កាន់​តែ​ខ្លាំង ហើយ​​បញ្ចេញ ជាតិ​ពុល​បង្ក​ឲ្យ​មាន​ការ​រលាក​ពោះវៀន​ធំ​ ជា​ភាសា​បច្ចេក​ទេសហៅ​ថា ជំងឺ​រលាក​ពោះវៀន​ធំ Pseudomembranous។ រោគ​សញ្ញាមាន​ដូច​ជា ​រាក​លក្ខណៈ​ទឹក​រាវ ឈឺ​ពោះ​ខាង​ឆ្វេង​ផ្នែក​ខាង​ក្រោម ឬ​ហើម​ពោះ លាមក​ និង​ផោម មាន​ក្លិនស្អុយ​ខ្លាំង និង​មាន​គ្រុន​ក្ដៅ។

– ជំងឺ​រលាក​ពោះវៀន​ធំ​ដោយ​សារ​វីរុស៖ ជំងឺ​នេះ​អាច​បណ្ដាល​មក​ពី​វីរុស​មួយ​ចំនួន ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពោះវៀន​តូច និង​ក្រពះ។ វីរុស Cytomelovirus (CMV) អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ពោះ​វៀន​ធំ​ ចំពោះ​គ្នា​យើង​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ (ដោយ​សារ​តែ​ការ​ព្យាបាល​ដោយ​ជាតិ​គីមី មេរោគ​ហ៊ីវ/ជំងឺ​អេដស៍ និង​ផ្សេងៗទៀត)។ ជំងឺ​រលាក​ពោះវៀន​ធំ​ដោយ​សារ​តែ​វីរុស​ ពិសេមេរោគ​រើម (Herpes simplex Virus) ដែល​ហៅ​ថា Herpetic Colitis ច្រើន​កើត​មាន​ចំពោះ​ប្រុស​ៗស្រលាញ់​ភេទ​ដូច​គ្នា ហើយ​ជំងឺ​នេះ​កើត​មាន​ នៅ​ពេល​មាន​ការ​រួម​ភេទ​តាម​រន្ធគូទ។

– រលាក​ពោះវៀន​ធំ​ដោយ​ពពួក​ផ្សិត៖ ជំងឺ​នេះ​ច្រើន​ បង្ក​ដោយ​ពពួក​ផ្សិត ដូច​ជា ផ្សិត Candida albicans ឬ​ពពួក​ផ្សិត​ប្រភេទ​ផ្សេង​ទៀត។ វា​ច្រើន​កើត​មាន​ចំពោះ​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ជាពិសេស​អ្នក​ជំងឺ​អេដស៍។

កត្តា​ប្រឈម

៦- កត្តា​ប្រឈមរលាក​ពោះវៀន​ធំដោយសរ​បង្ក​រោគមាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​​បង្ក​រោគ មាន​ច្រើន ប៉ុន្តែ​កត្តា​ប្រឈម​ចម្បង​មាន​ដួច​ជា៖

– ​រស់​នៅ ឬ​ធ្វើ​ការ​ងារ​ថែទាំ​អ្នកជំងឺ

– ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​មើល​ថែ​ក្មេង (Daycare center) ឬ​ក្មេងៗ​ដែល​ស្នាក់​​នៅ​កន្លែង​ថែ​ទាំ

– មិន​លាង​សម្អាត​ដៃ ​បន្ទាប់​ពី​ប្រើ​ប្រាស់​បន្ទប់​ទឹក ឬ​មុន​ពេល​ញ៉ាំ​អាហារ

– ញ៉ាំ​ទឹក​មិន​ស្អាត ឬ​ញ៉ាំ​អាហារ​គ្មាន​អនាម័យ

– ញ៉ាំ​ថ្នាំ​ផ្សះ​ច្រើន​

– ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មានទាំង​នេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ អាច​ចាប់​ផ្ដើម​ពី​ប្រវត្តិ​​ជំងឺ ​ថា​តើយើង​​ធ្លាប់​មានអាការៈ​រាក​លាយ​ឈាម​ថ្មីៗនេះ ឬអត់? ហើយ​អាការៈ​រាក ​ចាប់​ផ្ដើមកើត​​ឡើង​​នៅប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​អាហារ​ ជា​ករណី​គួរ​ឲ្យ​សង្ស័យ ពិសេសបើ​នរណ​ម្នាក់​ផ្សេង​ទៀត​​​ញ៉ាំ​អាហារ​ដូចយើង បង្ក​ឲ្យ​មាន​អាការៈ​ជំងឺ​ដូច​គ្នា។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូពេទ្យ​នឹង​ធ្វើ​តាម​តេស្ត​មួយ​ចំនួន​​ដូច​ខាង​ក្រោម៖

– ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នឹង​កំណត់​បាន​ ដោយ​ការ​ធ្វើ​តេស្ត​បណ្ដុះ​មេរោគ​ពី​លាមក (Stool culture)។

– ចំពោះ​ប៉ារ៉ាស៊ីត អាច​កំណត់​បាន​ដោយ​ការ​ធ្វើ​តេស្ត O&P (Ova និង Parasites ឬវិធី​ធ្វើ​តេស្ត​លើ​លាមក ​ដោយ​លាយ​ជាមួយ​សូលុយស្យុង​ម្យ៉ាង ​រួច​យក​ទៅ​បង្វិល​ក្នុង​ម៉ាស៊ីន​ រួច​យក​ទៅ​ពិនិត្យ​រក​មើល​ប៉ារ៉ាស៊ីត​ និង​ពង​វា​ក្រោម​មីក្រូទស្សន៍)។ ​ពេល​ខ្លះ​លទ្ធ​ផល​តេស្ត​នេះ អាច​មើល​មិន​ច្បាស់ ឬ​ចេញ​មក​ខុស​ (False negative) ដូច​នេះ​ហើយ​ ​ការ​ធ្វើ​តេស្ត​នេះ​ តម្រូវ​ឲ្យ​ធ្វើ​ម្ដង​ហើយ ​ម្ដង​ទៀត​បើ​គ្រូពេទ្យ​ត្រូវ​ការ ដោយ​សារ​តែ​​សង្ស័យ​ទាក់​ទង​នឹង​ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត។

– តេស្ត​ឈាម ដើម្បី​ពិនិត្យ​មើល​កំណើន​គ្រប់​ឈាម​ស ព្រោះ​អាចបង្ហាញ​ពី​ការ​រលាក​នៅ​កន្លែង​ណា​មួយ​ក្នុង​រាង​កាយ ប៉ុន្តែក៏​មិន​អាច​បញ្ជាក់​ថា​ ការ​បង្ក​រោគ​នៅ​លើ​ពោះវៀន​ធំនោះ​ទេ។ ការ​កើន​ឡើងគ្រាប់​ឈាម​ស​ប្រភេទ Eosinophils និងអង់ទីករ IgE ជាទូទៅ​ ដោយ​សារ​តែ​ការ​បង្ក​រោគ​ដោយ​ពពួកប៉ារ៉ាស៊ីត។ មីក្រុប នឹង​រក​ឃើញ​មាន​នៅ​ក្នុង​ឈាមគ្នា​យើង​មាន​​ជំងឺ​ និង​មាន​អាការៈ​រាកលាយ​​ឈាម ដោយ​សារ​ការ​រលាក​ពោះវៀនធំបាន​រាល​ដាល​​ធ្ងន់​ធ្ងរ (Invasive colitis)។

មូល​ហេតុ​ផ្សេង​ទៀត​នៃ​អាការៈឈឺ​ពោះ​ផ្នែក​ខាង​ឆ្វេង ​ពិសេ ជំងឺ​រលាក​ផ្នែក​ពោះវៀន​ធំ Diverticula (Diverticulitis) ឬឈឺ​ពោះ​ផ្នែក​ខាង​ស្ដាំ ដូច​ជា​ ការ​រលាក​ដោយ​ជំងឺ Crohn (ជំងឺ​រលាក​ពោះ​វៀន​ធំ​ ​រលាក​ជា​ច្រើន​ផ្នែក​របស់​ពោះវៀន) និង​មូល​ហេតុ​​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក និង​មានអា​ការៈរាក​ស្រួច​ស្រាវ​ភ្លាម​ៗ សុទ្ធ​តែ​ត្រូវ​គ្រូពេទ្យ​ពិចារណា។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជំងឺ​នេះ ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ ឬថ្នាំ​ប្រឆាំង​ពពួក​ប៉ារ៉ាស៊ីត ដែល​ថ្នាំ​ទាំង​នេះ ចាំ​បាច់​​ត្រូវ​តែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ និង​ដោយ​ផ្អែក​លើ​លទ្ធផល​តេស្ត​លាមក។ ការ​បង្ក​រោគ​ដោយ​វីរុស ជា​ទូទៅ​ មិន​ត្រូវ​ការ​ការ​ព្យាបាល​​ពិសេស​ដើម្បី​កម្ចាត់​ការ​បង្ក​រោគ​នោះទេ ហើយ​វា​នឹង​ធូរ​ស្បើយ​​ទៅ​វិញ​។

ដើម្បី​បង្គ្រប់​ជាតិ​ទឹក និង​រ៉ែ​បាត់​បង់ គ្នា​យើង​មាន​ជំងឺ​ត្រូវ​ញ៉ាំ​សូលុយស្យុងបង្គ្រប់​ជាតិ​ទឹក (Rehydration solution) ឡើង​វិញ។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​បញ្ចុះ​កម្តៅ អាច​នឹង​ត្រូវ​ប្រើ​ ​បើ​ការ​បង្ក​រោគ​​ធ្ងន់ធ្ងរ ហើយ​ជាតិ​ដែក​ ក៏​អាច​តម្រូវ​ឲ្យ​ប្រើដូច​គ្នា ដើម្បី​បង្កើត​គ្រាប់​ឈាម ​ក្នុង​ករណី​មាន​ការ​ហូរ​ឈាម​ច្រើន​ និង​រយៈពេល​យូរ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ និង​វិធីព្យាបាល​នៅ​ផ្ទះ​ ដូច​ខាង​ក្រោម អាច​ជួយ​ឲ្យ​យើង​​អាច​គ្រប់​គ្រង​ជំងឺ​បាន ​ដូច​ជា៖

– ញ៉ាំ​ទឹក​ឲ្យ​ច្រើន ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក (Dehydration)។ សួរ​គ្រូពេទ្យ​ពី​បរិមាណ​ជាតិ​ទឹកត្រូវញ៉ាំ​ប្រចាំ​ថ្ងៃ និង​សារធាតុ​រាវ​អ្វី​ ល្អ​សម្រាប់​យើង​កំពុង​មាន​ជំងឺ។ ពេទ្យ ​អាច​នឹង​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក​អូរ៉ាលីត្រ (ORS- oral rehydration solution) ព្រោះទឹក​អូរ៉ាលីត្រ មាន​តុល្យភាព​ជាតិ​ទឹក អំបិល ​និង​ស្ករ ដើម្បី​ជំនួស​ជាតិ​ទឹក​​បាត់​បង់​ពី​រាង​កាយ​ អំឡុង​ពេល​រាករូស។ សួរ​គ្រូពេទ្យ​ពី​ប្រភេទ​ទឹក​អូរ៉ាលីត្រ​​ត្រូវ​ប្រើ កម្រិត​ត្រូវ​ផឹក និង​រក​វា​នៅ​កន្លែងណា។

– មិន​ត្រូវ​ញ៉ាំ​ថ្នាំ​​រាក​ទេ ព្រោះ​ថ្នាំ​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កើត​មាន​កាន់​តែ​យូរ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infectious Colitis. https://www.drugs.com/cg/infectious-colitis.html. Accessed May 4, 2018.

Infectious Colitis – Symptoms, Causes, Types and Treatment. https://www.healthhype.com/infectious-colitis-causes-treatment.html. Accessed May 4, 2018.

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ឡើងមុនលើថ្ងាស និងថ្ពាល់ អាចជាសញ្ញាខ្សោយពោះវៀន

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម