ជំងឺឫសដូងបាតគឺជាការរីកប៉ោងនៃសរសៃវ៉ែននៅផ្នែកខាងក្រោមរន្ធគូទដែលអាចរលាក និងហើម ហើយជំងឺឫសដូងបាតមាន ២ប្រភេទ។ ប្រភេទទី១ គឺជំងឺឫសដូងបាតខាងក្នុងមានទីតាំងក្នុងរន្ធគូទដែលពេលខ្លះអាចលៀនចេញមកក្រៅ។ ចំណែកប្រភេទទី២ គឺជំងឺឫសដូងបាតខាងក្រៅដែលដុំអ្វីមួយនៅរន្ធគូទ និងបង្កការឈឺចាប់។ ជំងឺឫសដូងបាតទាំងពីរប្រភេទសុទ្ធតែបង្កឲ្យហូរឈាមពេលបត់ជើងធំ និងអាចកើតលើទាំងស្រីទាំងប្រុសមិនថាចាស់ ឬក្មេង។ ចុះបើយើងមានជំងឺឫសដូងបាត ការជិះកង់ហាត់ប្រាណធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ?
ជំងឺឫសដូងបាតភាគច្រើនបង្កដោយសារការចំណាយពេលយូរ និងប្រឹងខ្លាំងពេលបត់ជើងធំ ឬអាចមកពីរាករូស និងទល់លាមកញឹកញាប់។ បញ្ហានេះបង្កដោយការញ៉ាំអាហារជាតិសរសៃមិនគ្រប់គ្រាន់។ ក្រៅពីមូលហេតុទាំងនេះ ជំងឺឫសដូងបាតក៏កើតមានអំឡុងពេលពពោះ ព្រោះមានការសង្កត់ពីស្បូន។ មនុស្សវ័យចំណាស់ងាយប្រឈមនឹងជំងឺនេះ ព្រោះជាលិកានៅរន្ធគូទចុះខ្សោយពេលចាស់ទៅ។
នៅពេលមានជំងឺនេះ សកម្មភាពមួយចំនួនអាចធ្វើឲ្យអាការៈឈឺចាប់កាន់តែធ្ងន់ធ្ងរសូម្បីលំហាត់ប្រាណ។ ការហាត់ប្រាណជាប្រចាំអាចជួយដល់ការរំលាយអាហារ ប៉ុន្តែអាចធ្វើឲ្យស្ថានភាពជំងឺឫសដូងបាតកាន់តែធ្ងន់ធ្ងរប្រសិនជាយើងធ្វើលំហាត់ប្រាណមួយចំនួនដូចជាការជិះកង់ និងលើកទម្ងន់។ ការជិះកង់អាចបង្កការឈឺចាប់ អាការៈហើមកាន់តែខ្លាំង និងអាចហូរឈាមបាន ព្រោះការអង្គុយលើកែបកង់បន្ថែមសម្ពាធទៅលើតំបន់ឫសដូងបាត។ ចំណែកឯការលើកទម្ងន់ក៏អាចបង្កបញ្ហាដែរព្រោះវាប៉ះពាល់ដល់ខ្នងផ្នែកខាងក្រោម ដែលធ្វើឲ្យស្ថានភាពឫសដូងបាតកាន់តែធ្ងន់ធ្ងរ។ បើយើងមានជំងឺឫសដូងបាត យកល្អគួរជ្រើសរើសលំហាត់ប្រាណស្រាលៗដូចជាដើរ រត់ ហែលទឹក ឬយ៉ូហ្កាវិញ។
ប៉ុន្តែយើងអាចសម្រាលអាការៈឈឺចាប់ក្រោយជិះកង់បានដោយអង្គុយត្រាំទឹកក្ដៅឧណ្ហៗ ឬប្រើគ្រីមពពួក ករទីកូស្តេរ៉យ (corticosteroid) ដើម្បីបន្ថយអាការៈរមាស់បាន។
[embed-health-tool-bmr]