១- អ្វីទៅជាជំងឺឫសដូងបាត?
ឫសដូងបាត មកពីពាក្យបច្ចេកទេស Hemorrhoids សំដៅលើការហើម និងរលាកសរសៃវ៉ែននៅជុំវិញ រន្ធគូទ និងដំបន់ខាងក្រោមចុងពោះវៀនធំ (Rectum) ។ វាអាចនៅ ឃើញនៅក្នុងចុងពោះវៀនធំ ឬនៅជុំវិញរន្ធគូទ ហើយបញ្ហានេះ ជាទូទៅធ្វើឲ្យពិបាកបន្ទោរបង់ ខណៈប្រភេទជំងឺឫសដូងបាត គឺអាស្រ័យលើទីតាំងដែលកើតដូចជា៖

– ឫសដូងបាតនៅខាងក្នុង (Internal hemorrhoids)៖ ឫសដូងបាតប្រភេទនេះ នឹងរកឃើញនៅខាងក្នុងចុងពោះវៀន។ ឫសដូងបាតនៅខាងក្នុង ជាទូទៅ មិនមានឈឺចាប់ទេ ប៉ុន្តែវាធ្វើឲ្យយើងបត់ជើងធំចេញឈាម ទាំងមិនមានការឈឺចាប់។
– ឫសដូងបាតខាងក្រៅ (External hemorrhoids)៖ ឫសដូងបាត ប្រភេទនេះ មានឃើញនៅខាងក្រៅ ជុំវិញ រន្ធគូទ ហើយអាចធ្វើឲ្យរមាស់ ឬឈឺចាប់ ពេលខ្លះអាចដាច់រហែកទៀតផង។
ជំងឺឫសដូងបាត មិនមែនជាជំងឺឆ្លងទេ ហើយក៏មិនធ្ងន់ធ្ងរអ្វីដែរ។ បញ្ហាទាំងនេះអាចនឹងជាដោយខ្លួនឯង ឬអាចព្យាបាលដោយប្រើថ្នាំ។
២- ជំងឺឫសដូងបាតកើតមានញឹកញាប់ដែរទេ?
ជំងឺឫសដូងបាត កើតមានញឹកញាប់ណាស់។ យោងតាមការស្រាវ ទៅលើមនុស្ស អាយុ ៥០ឆ្នាំ ជាងពាក់កណ្ដាលធ្លាប់មានកើតជំងឺឫសដូងបាត យ៉ាងហោចណាស់ម្ដងក្នុងជីវិត។ ជំងឺឫសដូងបាត អាចកើតទាំងប្រុសទាំងស្រី ប៉ុន្តែស្រីៗមានផ្ទៃពោះ និងគ្នាយើងមានបញ្ហាទល់លាមករ៉ាំរ៉ៃ ឬរាករ៉ាំរ៉ៃ ប្រឈមកើតជំងឺនេះច្រើនជាងធម្មតា។
៣- អ្វីទៅជារោគសញ្ញាជំងឺឫសដូងបាត?
រោគសញ្ញាទូទៅ នៃជំងឺឫសដូងបាត មានដូចជា៖
– ហូរឈាមអំឡុងពេលបត់ជើងធំ មានពណ៌ក្រហមស្រស់ និងមិនឈឺ
– រមាស់ និងស្កៀបនៅជុំវិញរន្ធគូទ
– ឈឺ និងនៅមិនសុខ
– ហើមនៅជុំវិញរន្ធគូទ
– មានដុំពក ហើយឈឺនៅជុំវិញរន្ធគូទ
ជំងឺឫសដូងបាតខាងក្រៅ (External hemorrhoids) គឺធ្វើឲ្យឈឺ និងពិបាកទ្រាំខ្លាំងបំផុត ឯជំងឺឫសដូងបាតខាងក្នុង (Internal hemorrhoids) ជាទូទៅមិនបង្កឲ្យមានការឈឺចាប់ទេ។
ប្រហែលអាចមានរោគសញ្ញាដទៃទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនេះបើមានចម្ងល់ ឬមានរោគសញ្ញាគួរឲ្យព្រួយបារម្ភ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
សូមទាក់ទងទៅគ្រូពេទ្យភ្លាម ប្រសិនបើ៖
– ឫសដូងបាត បង្កឲ្យឈឺខ្លាំង ហើយមិនអាចធ្វើឲ្យធូរស្រាលដោយការព្យាបាលនៅផ្ទះ
– បើលាមកមានពណ៌ខ្មៅ និងមើលទៅដូចជាជ័រកៅស៊ូខ្មៅ
– បើមានឃើញឈាមនៅក្នុងលាមក
– បើមានវិលមុខ ឬមានអារម្មណ៍ស្រាលក្បាល។
ព្រោះសញ្ញាទាំងអស់នេះ អាចជាសញ្ញាបង្ហាញថា ជំងឺឫសដូងបាត អាចនឹងធ្ងន់ធ្ងរ ខណៈអ្នកជំងឺត្រូវតែទៅជួបពេទ្យដើម្បីពិនិត្យភ្លាម។
៥- មូលហេតុអ្វីខ្លះបណ្ដាលឲ្យកើតជំងឺឫសដូងបាត?
ឫសដូងបាត បណ្ដាលមកពីការហើមសរសៃវ៉ែន ដែលវិវត្តមកពីការកើនឡើងសម្ពាធនៅផ្នែកខាងក្រោមចុងពោះវៀនធំ ហើយមូលហេតុនាំឲ្យមានសម្ពាធទាំងនោះរួមមាន៖
– ប្រឹងខ្លាំងនៅពេលបត់ជើងធំ
– អង្គុយរយៈពេលយូរពេក
– មានបញ្ហាទល់លាមក ឬរាករ៉ាំរ៉ៃ
– ធាត់លើសទម្ងន់
– មានផ្ទៃពោះ
– ញ៉ាំអាហារមានជាតិសរសៃតិច
៦- កត្តាប្រឈមជំងឺឫសដូងបាតមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើន នាំឲ្យយើងមានជំងឺឫសដូងបាត ដូចជា៖
– ការងារដែលតម្រូវឲ្យអង្គុយ ឬឈរយៈពេលយូរ
– រាក ឬទល់លាមករ៉ាំរ៉ៃ
– មានផ្ទៃពោះ
– រួមភេទតាមរន្ធគូទ
– របបអាហារមានជាតិខ្លាញ់ច្រើន និងជាតិសរសៃតិច
– មានអាយុច្រើនជាង ៦០ឆ្នាំ
អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ គ្រូពេទ្យនឹងអាចពិនិត្យ និងធ្វើតេស្តដូចជា៖
– ពិនិត្យមើលសុខភាព និងរាងកាយ
– ពិនិត្យមើលរន្ធគូទ ហើយជាទូទៅ គេប្រើឧបករណ៍ពេទ្យ ដើម្បីអាចមើលឃើញនៅក្នុងរន្ធគូទបាន (Anoscope, Proctoscope ឬ Sigmoidoscope)។
៨- ព្យាបាលដោយវិធីណា?
ជំងឺឫសដូងបាត ពេលខ្លះអាចនឹងជាទៅវិញដោយខ្លួនឯង។ ប៉ុន្តែពេលខ្លះទៀត ដែលមានបង្ករោគសញ្ញា អាចនឹងត្រូវការការព្យាបាល ហើយជម្រើសក្នុងការព្យាបាលរួមមាន៖
– អាហារបំប៉នមានជាតិសរសៃ ដូចជា Psyllium (Metamucil) ឬ Methylcellulos (Citrucel) អាចជួយបន្ទន់លាមក និងបន្ថយបញ្ហាទល់លាមក។
– ក្រែមលាបមិនត្រូវការវេជ្ជបញ្ជា និងថ្នាំសុល អាចបន្ថយការឈឺចាប់បណ្ដោះអាសន្ន និងរមាសដោយសារឫសដូងបាត ។
– វះកាត់ចោលឫសដូងបាត គេស្គាល់ជាពាក្យបច្ចេកទេសថា Hemorrhoidectomy អាចនឹងធ្វើប្រសិនបើវិធីផ្សេងទៀតបរាជ័យ។
៩- ផ្លាស់ប្តូរទម្លាប់រស់នៅ
ទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខ្លះ អាចទប់ទល់ បង្ការ នឹងជំងឺឫសដូងបាតបាន ដូចជា៖
– ញ៉ាំអាហារសម្បូរជាតិសរសៃ និងញ៉ាំទឹកឲ្យច្រើន
– អង្គុយក្នុងអាង មានទឹកក្ដៅឧណ្ហៗ រយៈពេល ១០នាទី ២-៣ ដង/ថ្ងៃ
– ហាត់ប្រាណឲ្យបានច្រើន
– រក្សាកន្លែងនៅជុំវិញរន្ធគូទឲ្យស្អាត
– មិនត្រូវប្រើក្រដាសអនាម័យស្ងួត ដើម្បីសម្អាតគូទបន្ទាប់ពីបន្ទោបង់រួចឡើយ ត្រូវប្រើកន្សែងសើម ឬក្រដាសអនាម័យសើម មិនមានក្លិន ឬជាតិអាល់កុល។
– ស្អំរបស់ត្រជាក់ ដូចជាទឹកកក ឬបង់រុំត្រជាក់ទៅលើរន្ធគូទ ដើម្បីបន្ថយការហើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 305
Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 185
Hemorrhoids .http://www.mayoclinic.org/diseases-conditions/hemorrhoids/basics/definition/con-20029852. Accessed July 14, 2016.
Hemorrhoids .http://www.niddk.nih.gov/health-information/health-topics/digestive-diseases/hemorrhoids/Pages/facts.aspx. Accessed July 14, 2016.
Hemorrhoids .http://familydoctor.org/familydoctor/en/diseases-conditions/hemorrhoids.printerview.all.html. Accessed July 14, 2016.
Hemorrhoids .https://www.nlm.nih.gov/medlineplus/ency/article/000292.htm. Accessed July 14, 2016.
កំណែប្រែបច្ចុប្បន្ន
19/07/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ