គ្នាយើងមួយចំនួននៅមិនទាន់ចាប់អារម្មណ៍ទៅលើអាការៈពុលចំណីអាហារនៅឡើយទេ ខ្លះឲ្យតែឃើញចំណីចំណុកដឹងតែពីញ៉ាំហើយឲ្យតែជារបស់ឆ្ងាញ់ៗ។ បើយើងញ៉ាំអាហារផ្ដេសផ្ដាស ដ្បិតតែឆ្អែតមែន ប៉ុន្តែវាអាចបង្កឲ្យឈឺពោះ រាក ក្អួត ឬបង្កជាការពុលចំណីអាហារកើតឡើង។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងថា ការពុលអាហារកើតឡើងនៅពេលដែលយើងញ៉ាំអាហារដែលមានផ្ទុកមេរោគដូចជា ពពួកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត។ល។ រោគសញ្ញានៃអាការៈពុលចំណីអាហារខុសគ្នាទៅតាមប្រភពនៃការចម្លងមេរោគ តែភាគច្រើនវាមានសញ្ញាដូចជា៖
– ចង្អោរ ក្អួត
– រាករូសខ្លាំង (ទឹកៗ ឬមានលាយឈាម)
– ឈឺ ចុកពោះ
– ក្ដៅខ្លួន
រោគសញ្ញាទាំងនេះអាចកើតមានក្នុងរយៈ១ម៉ោង ឬលើសនេះ បន្ទាប់ពីយើងញ៉ាំអាហារដែលមានផ្ទុកមេរោគហើយ។ ការឈឺចាប់ដែលបង្កឡើងដោយការពុលចំណីអាហារអាចធ្វើឲ្យយើងឈឺច្រើនម៉ោង ឬច្រើនថ្ងៃក៏មាន។
វេជ្ជបណ្ឌិតរូបនេះបន្តថា ភាគច្រើននៃការពុលអាហារមានសភាពស្រាល ហើយអាចបាត់ទៅវិញដោយមិនចាំបាច់ព្យាបាល។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន ត្រូវការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺមានអាចពុលចំណីខ្លាំង ហើយចេញរោគសញ្ញាដូចជា៖
– ក្អួតញឹកញាប់
– រាករូស លើសពី៣ថ្ងៃ
– ឈឺចុកចាប់ពោះខ្លាំង
– ខ្សោះជាតិទឹក (ស្ងួតមាត់ ស្រេកទឹកខ្លាំង មិនមានទឹកនោម…)
– ស្រវាំងភ្នែក ឬខ្សោយសាច់ដុំជាដើម។
បើយើងជាមនុស្សធម្មតា សុខភាពល្អ មាំទាំពុលចំណីអាហារ វាមិនសូវជាបង្កហានិភ័យខ្ពស់ដល់សុខភាពទេ។ ផ្ទុយទៅវិញ ក្នុងករណីដែល មនុស្សចាស់ ស្ត្រីពពោះ ទារក ឬកូនក្មេង ឬអ្នកមានជំងឺរ៉ាំរ៉ៃមានបញ្ហាពុលចំណីអាហារ វាអាចគំរាមកំហែងដល់សុខភាពព្រោះ៖
មនុស្សចាស់៖ នៅពេលវ័យកាន់តែចាស់ទៅៗ ប្រព័ន្ធការពាររាងកាយមិនខ្លាំងក្លា អាចការពារខ្លួនពីការឆ្លងមេរោគដូចកាលនៅក្មេងបានឡើយ។
ស្ត្រីពពោះ៖ អំឡុងពេលពពោះ ការប្រែប្រួលប្រព័ន្ធរំលាយអាហារ និងចលនាឈាមរត់អាចបង្កើនហានិភ័យនៃការពុលអាហារ។ ស្ត្រីពពោះអាចមានប្រតិកម្មខ្លាំងជាងអ្នកដទៃៗ ហើយបើក្នុងករណីកម្រខ្លះ វាអាចប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃផងដែរ។
ទារក ឬក្មេងតូចៗ៖ ដោយសារនៅតូច ប្រព័ន្ធការពាររាងកាយ នៅមិនទាន់លូតលាស់ពេញលក្ខណៈនៅឡើយ។
មនុស្សមានជំងឺរ៉ាំរ៉ៃ៖ មានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ថ្លើម អេដស៍ ឬមួយទទួលការព្យាបាលដោយគីមី ឬការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីក កាត់បន្ថយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។
[embed-health-tool-bmr]