backup og meta

រឿង ៤យ៉ាង គួរធ្វើ ដើម្បី​សុខភាព​ប្រព័ន្ធរំលាយអាហារ

រឿង ៤យ៉ាង គួរធ្វើ ដើម្បី​សុខភាព​ប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធ​រំលាយអាហារ មាន​តួនាទី​រំលាយ​អាហារ​ដែល​យើង​បាន​ញ៉ាំ ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ប្រើ​ប្រាស់​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ជា​ថាមពល និង​រក្សា​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ល្អ​។

ប្រព័ន្ធ​រំលាយអាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​សុខភាព​ទូ​ទៅ​របស់​មនុស្ស​យើង​។ មួយ​វិញ​ទៀត ប្រព័ន្ធ​រំលាយអាហារ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ខួរ​ក្បាល និង​ដើរ​តួ​សំខាន់​ក្នុង​ប្រព័ន្ធ​ការពារ​រាង​កាយ​ដែរ​។ តាម​ការ​ស្រាវ​ជ្រាវ កោសិកា​ប្រព័ន្ធ​ភាព​សាំ​ជាង​៧០​ភាគ​រយ មាន​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​។ ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​តួនាទី​សំខាន់​បែប​នេះ​ហើយ បាន​ជា​យើង​ត្រូវ​ដឹង​តិច​និក​មួយ​ចំនួន​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាព​ល្អ​។

១. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ និង​probiotics​

កាក​សរសៃ​នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ជា​សារធាតុ​ចិញ្ចឹម​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មេតាប៉ូលិស ដោយ​ជួយ​រំញោច​ដល់​ការ​លូត​លាស់ និង​បង្កើត​ភាព​ចម្រុះ​របស់​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះ​វៀន​​។ ដំឡូងជ្វា ស្ពៃ​ពួយ​ឡេង ការ៉ុត សុទ្ធ​តែ​ជា​បន្លែ​ដែល​មាន​ជាតិ​សរសៃ​ល្អ​សម្រាប់​ពោះ​វៀន​។ ក្រៅ​ពី​នេះ បន្លែ និង​ផ្លែ​ឈើ​ផ្សេង​ទៀត ក៏​សុទ្ធ​សឹង​តែ​មាន​ជាតិ​សរសៃ​ល្អ​ចំពោះ​​ពោះ​វៀន​ដូច​គ្នា​។​

អាហារ​ប្រ​ភេទ​ជ្រក់​ ឬ​ផ្អាប់​ដូច​ជា​យ៉ាអ៊ួ គីម​ឈី គឺ​សុទ្ធ​តែ​មាន​លទ្ធ​ភាព​ជំរុញ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ ដោយសារ​តែ​មាន​វត្ត​មាន​ជាតិ​probiotics។ យ៉ាអ៊ូ ត្រូវ​គេ​ដឹង​ថា​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ក្រពះ​ពោះ​វៀន ដូច​ជា​រាករូស ជំងឺ​រលាក​ពោះ​វៀន និង​ទល់​លាមក​ជា​ដើម​។

សុខភាពប្រព័ន្ធរំលាយអាហារ

​​២. ហាត់​ប្រាណ​ជា​ប្រចាំ

ការ​ធ្វើ​ចលនា​រាង​កាយ ជា​ឱសថ​ជួយ​ដល់​រាង​កាយ​របស់​យើង និង​រួម​ទាំង​មីក្រូ​សារពាង្គ​កាយ​​ក្នុង​ខ្លួន​យើង​ផង​ដែរ​។ ការ​សិក្សា​ទាំង​លើ​មនុស្ស និង​សត្វ​បាន​រក​ឃើញ​ថា ការ​បញ្ចេញ​កម្លាំង​ពល​កម្ម និង​ហាត់​ប្រាណ​ជាប្រចាំ​ ជួយ​ឲ្យ​បង្កើត​បាក់តេរី​ល្អ​ច្រើន​ប្រភេទ​ក្នុង​ពោះ​វៀន​។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ការ​មាន​របប​អាហារ​​ត្រឹម​ត្រូវ និង​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ពោះ​វៀន​ឲ្យ​មាន​សុខ​ភាព​ល្អ​។

៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​ដែរ​។ ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​រលាក​ក្រពះ មាន​បញ្ហា​ពោះ​វៀន​ អាច​នាំ​ឲ្យ​រលាក​បាន​។ ការ​រលាក​ពោះ​វៀន​អាច​នាំ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង ឧស្សាហ៍​មិន​ស្រួល​ក្នុង​ខ្លួន និង​អាច​មាន​ដំបៅ ឬ​ឆ្លង​រោគ​នៅ​ពោះ​វៀន​ផង​ដែរ​។

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​រលាក​ពោះវៀន​តូច ដែល​អាច​ជា​សញ្ញា​នៃ​សុខ​ភាព​មិន​ល្អ​លើ​ប្រព័ន្ធ​រំលាយអាហារ​។ ការ​សិក្សា​បង្ហាញ​ថា ការ​រលាក​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប្រែ​ប្រួល​​តួនាទី​របស់​បាក់តេរី​ក្នុង​ពោះ​វៀន និង​បាត់​បង់​តុល្យភាព​ផង​ដែរ​។​

៤. កាត់​បន្ថយ​ស្រ្តេស​

បញ្ហា​ស្រ្តេស​មិន​មែន​គ្រាន់​តែ​ជា​រឿង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​។ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​រំលាយអាហារ​បាន​​អះអាង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រព័ន្ធ​រំលាយអាហារ និង​ខួរក្បាល​ និង​បាន​ចាត់​ទុក​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ខួរក្បាល​ទី​ពីរ​ផង​ដែរ​។

អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​បញ្ហា​ថប់បារម្ភ និង​បាក់​ទឹក​ចិត្ត អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រព័ន្ធ​រំលាយអាហារ ហើយ​ផ្ទុយ​មក​វិញ​បញ្ហា​ក្រពះ​ពោះ​វៀន ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ថប់បារម្ភ​នេះ ​ដែរ​។​ ការ​សិក្សា​បញ្ជាក់​ទៀត​ថា អ្នក​មាន​បញ្ហា​បាក់​ទឹក​ចិត្ត ប្រឈម​កាន់​តែ​ខ្ពស់​នៃ​បញ្ហា​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ហើយ​អ្នក​មាន​បញ្ហា​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ក៏​អាច​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។

ចូរ​ស្វែង​រក​វិធី​ដែល​អាច​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ បើ​សិន​ជា​គ្នា​យើង​ជួប​បញ្ហា​នេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​ថែម​ទៀត​។ វិធី​កាត់​បន្ថយ​ស្ត្រេស​ងាយៗ​​មាន​ដូច​ជា​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ អាច​ដើរ​ហាត់​ប្រាណ ក៏​ជា​ការ​ល្អ​។ ការ​សិក្សា​បង្ហាញ​ថា​ការ​ហាត់​ប្រាណ​ជួយ​បង្កើន​បរិមាណ និង​គុណ​ភាព​បាក់តេរី​ល្អ​​ក្នុង​ពោះ​វៀន​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How To Improve Your Gut Health, https://www.forbes.com/health/nutrition/how-to-improve-gut-health/

A plant-based diet can improve health, https://www.pcrm.org/health-topics/gut-bacteria

Tips for a healthier gut, https://www.piedmont.org/living-better/10-tips-for-a-healthier-gut

 

កំណែ​ប្រែបច្ចុប្បន្ន

31/08/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រលាកក្រពះពោះវៀនរ៉ាំរ៉ៃ ទុកចោលយូរអាចកើតជំងឺផ្សេងទៀត

រាកញឹក ក្រពះពោះវៀនខ្សោយ យកល្អគួរបន្ថយញ៉ាំអាហារទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 31, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម