backup og meta

ចេញសញ្ញាទាំងនេះ អាចថាមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 01, 2021

    ចេញសញ្ញាទាំងនេះ អាចថាមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

    ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ជា​បណ្ដុំ​រោគ​សញ្ញា​មួយ​ដែល​ឧស្សាហ៍​កើត​មាន​ ហើយ​រោគ​សញ្ញា​នេះ​អាច​មាន​ប្លែក​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ តែ​អាច​មាន​លក្ខណៈ​សម្គាល់​ប្រហាក់​ប្រហែល​គ្នា​មួយ​ចំនួន​។ អ្នក​ជំនាញ​ផ្នែក​ក្រពះ​ពោះ​វៀន​លើក​ឡើ​ង​ថា​រោគ​សញ្ញា​ទូទៅ​​របស់​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អាច​មាន​ដូច​ជា​ឈឺ​ក្នុង​ពោះ ប្ដូរ​ទម្លាប់​បត់ជើង​ធំ ហើម​ពោះ រាក ទល់លាមក និង​ហ្គាស​ក្នុង​ពោះ​ជា​ដើម​។​

    ១. ឈឺ​ក្នុង​ពោះ

    មូលនិធិ​អន្តរជាតិ​សម្រាប់​ជំងឺ​ក្រពះ​ពោះ​វៀន បាន​ឲ្យ​ដឹង​ថា​អាការៈ​​ឈឺ​ក្នុង​ពោះ​ជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​។ សម្រាប់​អ្នក​មិន​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ពោះ​វៀន​ និង​ខួរ​ក្បាល​ធ្វើ​ការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​គ្រប់​គ្រង​ការ​រំលាយ​អាហារ​ ដោយ​ផ្អែក​លើ​អ័រម៉ូន ប្រព័ន្ធ​ប្រ​សាទ និង​សញ្ញា​ពី​បាក់​តេរី​ល្អ​ក្នុង​ពោះ​វៀន​។ ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំ​រ៉ៃ​កើត​ឡើង​ សញ្ញា​ទាំង​នេះ​មិន​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​ទេ​ នាំ​ឲ្យ​កើត​មាន​ការ​រមួល​សាច់​ដុំ​ប្រព័ន្ធ​រំលាយ​អាហារ​។​

    ​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ តែង​តែ​និយាយ​ថា​មាន​ការ​ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាង​ក្រោម ​ប៉ុន្តែ​អាការៈ​ឈឺ​ចាប់​នេះ​អាច​កើត​មាន​គ្រប់​កន្លែងក្នុង​ពោះ។ ​អាការៈ​ឈឺ​ក្នុង​ពោះ​នេះ ​សម្រាប់​មនុស្ស​ខ្លះ​អាច​ធូរស្រាល​ខ្លះ​​វិញ​ក្រោយ​បត់ជើង​ធំ​រួច តែ​អ្នក​ខ្លះ​បែរ​ជា​មាន​អាការៈ​កាន់​តែ​អាក្រក់​ទៅ​វិញ​។​

    បើ​ការ​ឈឺ​ចាប់​ក្នុង​ពោះ​បែប​នេះ​តែ​ង​កើត​មាន​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​

    រលាកពោះវៀន

    ២. ទល់លាមក

    ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​មាន​សភាព​ប្លែក​គ្នា​ច្រើន ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រែ​ប្រួល​នៃ​ការ​បន្ទោបង់​របស់​មនុស្ស​ម្នាក់ៗ ក្នុង​នោះ​មាន​ទាំង​ការ​ទល់​លាមក​ ដែល​បញ្ហា​នេះ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​ដែរ​។ ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ច្រើន​កើត​លើ​មនុស្ស​ស្រី និង​ច្រើន​មាន​រោគ​សញ្ញា​ទល់លាមក​។

    បញ្ហា​ទល់​លាមក​អាច​មាន​ដូច​ជា​លាមក​រឹង​ពិបាក​បត់ជើង និង​ពេល​ខ្លះ​មាន​រាង​ដូច​សាច់ក្រក ប៉ុន្តែ​មាន​សភាព​រឹង​។ បញ្ហា​ទល់​លាមក​នេះ ធ្វើ​ឲ្យ​មនុស្ស​យើង​បត់ជើង​ធំ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។​

    ដើម្បី​ជួយ​បន្ថយ​អាការៈ​ទល់លាមក​ដោយ​សារ​ជំងឺ​រលក​ពោះ​វៀន​រ៉ាំរ៉ៃ គ្នា​យើង​គួរ​ផ្លាស់ប្តូរ​របប​អាហារ មាន​ថែម​អាហារ​សម្បូរ​ប្រូបាយអូទិក និងផ្លាស់ប្តូររបៀបរស់​នៅ​មួយ​ចំនួន​ដូច​ជា​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ និង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀសវាង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​ជក់។

    ៣. រាក

    រាក​ក៏​ជា​រោគ​សញ្ញា​មួយ​របស់​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ដែរ​។ អាការៈ​រាក​ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ទៅ​បន្ទប់​ទឹក​បន្ទាន់ ​ហើយ​លាមក​មាន​សភាព​ទន់ និង​រាវ​ ហើយ​អាច​មាន​សំបោរលាយ​ជាមួយ​ផង​ដែរ​។

    បញ្ហា​បត់​ជើង​ធំ​​ខុស​ប្រក្រតី​នេះ​អាច​កើត​មាន​យ៉ាង​តិច​​ម្ដង​ក្នុង​មួយ​ថ្ងៃ ជាង​មួយ​ភាគ​បី​នៃ​លាមក​មាន​សភាព​ទន់ និង​រាវ ហើយ​ជិត​មួយ​ភាគ​បី​មាន​សភាព​រឹង​។ អាការៈ​រាក​នេះ​អាច​កើត​មាន​ប្រហែល​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​ថ្ងៃ​។​

    ផ្លាស់ប្តូររបប​អាហារ​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា​មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​បញ្ហា​នេះ និង​ជួយ​សម្រួល​ដល់​រោគ​សញ្ញា​របស់​យើង​។

    ៤. ហើមពោះ

    អាការៈ​ហើម​ពោះ និង​មាន​ខ្យល់​ក្នុង​ពោះ​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ។ ការ​សិក្សា​កន្លង​មក​បាន​លើក​ឡើង​ថា​រោគ​សញ្ញា​នេះ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី​។ អ្នក​ជំនាញ​ខ្លះ​យល់​ថា​បរិមាណ​ហ្គាស​ច្រើន​នៅ​ក្នុង​ពោះ​ នាំ​ឲ្យ​មាន​អាការៈ​ហើម​ពោះ​។​ អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​​ អាច​មាន​ហ្គាស​ក្នុង​ពោះ​ច្រើន​ហួស​កម្រិត ដោយ​ហេតុ​ថា​រាង​កាយ​​មានការ​លំបាក​ក្នុង​ការ​បញ្ចេញ​ហ្គាស ឬខ្យល់​ទាំង​នោះ​ចេញ​ពី​ក្នុង​ពោះ​។

    អ្នក​មាន​បញ្ហា​ហ្គាស​ច្រើន​ក្នុង​ពោះ និង​ហើម​ពោះ គួរ​កាត់​បន្ថយ​អាហារ​មួយ​ចំនួន​ដូច​ជា​ពពួក​សណ្ដែក ខាត់ណាខៀវ ស្ពៃ​ក្ដោប និង​ទំពាំងបាយជូរ​ក្រៀម​។

    សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​កម្រិត​ស្រាល Mayo Clinic ពន្យល់​ថា​ ការ​ផ្លាស់​ប្ដូរ​បែប​បថ​រស់​នៅ របប​អាហារ និង​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ​នឹង​ជួយ​សម្រួល​អាការៈ​បាន​។ សម្រាប់​អ្នក​មាន​បញ្ហា​នេះ ធ្ងន់​ធ្ងរ​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំ​បាន​ត្រឹម​ត្រូវ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម