backup og meta

ជំងឺខ្លាច​កន្លែង​​ចង្អៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 04, 2019

    ជំងឺខ្លាច​កន្លែង​​ចង្អៀត

    ជំងឺ​ខ្លាច​កន្លែង​ចង្អៀត (Claustrophobia) ជា​អាការៈ​ភ័យ​ពេល​នៅ​កន្លែង​បិទ​ជិត ឬ​តូច​ចង្អៀត​មិន​មាន​ច្រក​ចេញ។ គេ​ឲ្យឈ្មោះ​ថា “ជំងឺ​ថប់​បារម្ភ” ហើយ​បង្ក​ឡើង​ដោយ​កន្លែង​តូច​ចង្អៀត មាន​ដូច​ជា ជណ្តើរ​យន្ត បន្ទប់​គ្មាន​បង្អួច ឬ​សូម្បី​តែសម្លៀក​បំពាក់​តឹង​ពេក​ក៏​ដោយ។ គេ​ចាត់​ទុក​ថា​ជា​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុ​ផល នាំ​ឱ្យ​មាន​ការ​ស្លន់ស្លោ​ទៀត។

    មាន​មនុស្ស​ត្រឹម ៥% ទៅ ៧% ប៉ុណ្ណោះ​លើ​ពិភព​លោក​ដែល​កើត​ជំងឺ​នេះ ហើយ​ក្នុង​នោះ​មាន​ចំនួន​តិច​ណាស់​ដែល​បាន​ព្យាបាល ឬ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។

    ១- រោគសញ្ញាជំងឺខ្លាចកន្លែងចង្អៀត

    កើត​ដោយសារ​មាន​ការ​ដាក់​កម្រិត សម្ពាធ និង​ការ​ថប់​អារម្មណ៍​ច្រើន។ អ្នក​កើត​ជំងឺ​នេះ មក​ពី​ការ​ទទួល​បទពិសោធ​ប៉ះ​ទង្គិច​រន្ធត់ៗ​កាល​ពី​នៅ​តូច ដូចជា ត្រូវ​គេ​ធ្វើ​បាប ឬ​ចាប់​ដាក់​កន្លែង​តូច​ចង្អៀត ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​មិន​បាត់​ ទោះ​មិន​បង្ក​គ្រោះថ្នាក់​ក៏​ដោយ។

    នេះ​ជា​សញ្ញា​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត ពេល​មាន​អារម្មណ៍​តាន​តឹង​ណា​មួយ ចាប់​ផ្តើម​បង្ហាញ​ឡើង៖

    – វិលមុខ

    – បើកញើស

    – ឈឺក្បាលតិចតួច

    – ឈឺដើមទ្រូង

    – មាត់ឡើងស្ងួត

    – សម្ពាធឈាមកើនឡើង

    – អាការៈញ័រខ្លួន

    – អាការញ័រជង្គង់

    – ដួលសន្លប់

    – ចង់ក្អួត

    – ចង្វាក់បេះដូងលោតលឿន

    – វង្វេងវង្វាន់។

    ទោះ​មិនមែន​ជា​កន្លែង​ដែល​មនុស្ស​ត្រូវ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ស្ទះៗ និង​ខ្វះ​អុកស៊ីហ្សែន ធ្វើ​ឲ្យ​ភ័យ​ញាប់ញ័រ​ឡើង។

    ២- ដំណាក់កាលកើតជំងឺខ្លាចកន្លែងតូចចង្អៀត

    ការ​សិក្សា​ភាគច្រើន​បង្ហាញ​ថា ការ​កើត​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត កើត​ឡើង​ដោយសារ​បទពិសោធ​កាល​ពី​នៅ​ក្មេង មាន៖

    – ធ្លាប់លង់ទឹក

    – ត្រូវ​គេ​ឃុំ​ទុក​នៅ​ក្នុង​ទូ ឬ​កន្លែង​តូច​ចង្អៀត

    – ត្រូវ​គេ​ទុក​ចោល​តែ​ម្នាក់​ឯង​នៅ​ក្នុង​ឡាន ឬ​បន្ទប់​ក្រោម​ដី

    – ធ្លាប់​វង្វេង​ឪពុកម្តាយ​នៅ​កន្លែង​​មាន​មនុស្ស​អ៊ូអរ

    – ត្រូវ​គេ​ចាក់​សោ​ឲ្យ​នៅ​ក្នុង​បន្ទប់​ងងឹត​ចេញ​មិន​បាន។

    ៣- ការព្យាបាល

    យើង​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​គេច​ឲ្យ​ផុត​ពី​ស្ថានភាព​ទាំង​នោះ។ នេះ​ជា​គោលការណ៍​ណែនាំ​របស់​អូស្រ្តាលី ពី​របៀប​ឲ្យ​ចៀស​ផុត​ពី​អារម្មណ៍​ភ័យ​ខ្លាច​ទាំង​នេះ៖

    – ចៀសវាងការស្កេន MRI

    – ចៀសវាងធ្វើដំណើរបែបប្រញាប់ៗ

    – ត្រូវដើរជណ្តើរជើង ជំនួសជណ្តើរយន្ត ប្រអប់

    – ពិនិត្យមើលច្រកចេញ និងបើកទ្វារភ្លាមៗ ពេលចូលបន្ទប់

    – ចៀសវាងបើកបរច្រើនម៉ោង និងបញ្ហា​កក​ស្ទះ​ចរាចរណ៍

    – នៅ​ជិត​ច្រកចេញ ដើម្បី​ស្រួល​ចេញ​ពី​កន្លែង​មាន​មនុស្ស​ច្រើន។

    ពេល​ចាប់​ផ្តើម​ព្យាបាល​ជំងឺ​នេះ ពេទ្យ​ជំនាញ​ចិត្តសាស្រ្ត​តែង​ឲ្យ​អ្នក​ជំងឺ​រៀបរាប់​ពី​រោគសញ្ញា ដើម្បី​ដឹង​ពី​ស្ថានភាព​ថា​កើត​ញឹក​ញាប់​ប៉ុនណា ហើយ​ឧស្សាហ៍​កើត​ម៉េច​ដែរ។

    បន្ទាប់ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​ហើយ អ្នក​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត​នេះ ត្រូវ​ការ​ព្យាបាល​ដោយ​ចិត្តសាស្ត្រ ព្យាបាល​ដោយ​ថ្នាំ និង​តម្រូវ​ឲ្យ​ហាត់​ប្រាណ ឬ​ប្រើ​ថ្នាំ​ធម្មជាតិ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម