ជំងឺហឺត អាចមានជាករណីស្រាល និងធ្ងន់ធ្ងរ ហើយវាក៏ជាជំងឺមួយដែលបង្កផលវិបាកមិនតិចទេទៅដល់អ្នកជំងឺ។ យើងឃើញថា អ្នកកើតជំងឺហឺត ពិបាកក្នុងការធ្វើសកម្មភាពអ្វីលើសលប់ ដែលបណ្ដាលឲ្យហត់ដង្ហក់បាន តែជំងឺនេះអាចព្យាបាលឲ្យជាដាច់តែម្ដងបានទេ?
តាមមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា រហូតមកដល់សព្វថ្ងៃនេះ ត្បិតតែមិនទាន់មានថ្នាំព្យាបាលជាដាច់ តែគ្រូពេទ្យអាចគ្រប់គ្រងជំងឺហឺតបានប្រសើរ មានន័យថា អ្នកជំងឺអាចរស់នៅបានធម្មតាដោយមិនមានរោគសញ្ញារំខាន។ ចំណែក ករណីហឺតខ្លះទៀតអាចព្យាបាលជាដាច់បានទាល់តែហឺតនោះបង្កឡើងដោយអាឡែកហ្សែនជាក់លាក់។ ឧទាហរណ៍ បើហឺតបង្កដោយអាឡែកហ្សែនរោមឆ្មា ហើយអ្នកជំងឺមិនប៉ះពាល់នឹងសត្វឆ្មានោះជំងឺនឹងជាដាច់។
តើអាឡែកហ្សែនជាអ្វី?
អាឡែកហ្សែនជាសារធាតុទាំងឡាយណាដែល អាចបង្កអោយមានប្រតិកម្មអាឡែកហ្ស៊ី។ ក្នុងនោះ អាឡែកហ្ស៊ីផ្លូវដង្ហើមអាចមានដូចជា៖
– រោមសត្វ ជាពិសេសឆ្មា
– សត្វល្អិតតូចៗដែលនៅតាមផួយ មុង កន្ទេល
– លំអងផ្កា
– ផ្សែងបារី អូស ម៉ូតូឡាន ឬផ្សែងធូប
– អាកាសធាតុត្រជាក់ ក្លិនឈួលខ្លាំង ឬសារធាតុគីមីផ្សេងៗ
មន្ទីរពេទ្យ កាល់ម៉ែត បានពន្យល់ឲ្យដឹងថា ហឺត ជាជំងឺរលាកសួតរ៉ាំរ៉ៃដែលបង្កឡើងដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន បន្ទាប់មកធ្វើអោយមានការត្បៀតទងសួតជាហេតុដែលបណ្ដាលអោយមានការលំបាកក្នុងការដកដង្ហើមចេញ។ អ្នកជំងឺហឺត តែងមានរោគសញ្ញាមួយចំនួនគួរឲ្យយកចិត្តទុកដាក់ដូចជា ហត់ ដកដង្ហើមចេញពិបាក ក្អក ណែនទ្រូង ឬផ្ដាសាយញឹកញាប់។ល។
[embed-health-tool-vaccination-tool]