backup og meta

កុំលេងឆ្មាប្រយ័ត្នកើតហឺត! រោមឆ្មាពិតជាមូលហេតុនាំឲ្យកើតហឺតមែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 14, 2020

    កុំលេងឆ្មាប្រយ័ត្នកើតហឺត! រោមឆ្មាពិតជាមូលហេតុនាំឲ្យកើតហឺតមែនទេ?

    ចាស់ៗ​ពី​ដើម​តែង​ហាម​ប្រាម​មិន​ឲ្យ​ក្មេងៗ​លេង​សត្វ​ឆ្មា​នោះ​ទេ បារម្ភ​ខ្លាច​កើតជំងឺហឺត។ ការ​លេង​សត្វឆ្មា​ពិត​ជា​មូលហេតុ​នាំ​ឲ្យ​យើង​កើត​ជំងឺ​ហឺត ​មែន​ឬ​យ៉ាង​ណា?

    ឱសថការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន​ជីវវិទ្យា​នៅ​សាលា​ជំនាន់​ថ្មី បាន​បកស្រាយ​ថា សត្វ​ឆ្មា​មិន​ធ្វើ​ឲ្យ​មនុស្ស​កើត​ហឺត​នោះ​ទេ តែ​សត្វ​ឆ្មា​ជា​ប្រភព​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ហឺត​កើត​មាន​រោគ​សញ្ញា​ហឺត។ លោក​ថា តាម​ពិត​ឆ្មា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​ហឺត​កើត​ឡើង​ចំពោះ​អ្នក​ជំងឺ​ហឺត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផង​ដែរ។ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ចំណោម​អ្នក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី ១០នាក់ មាន​៣នាក់​អាលែកហ្ស៊ី​ជាមួយ​ឆ្មា ឬឆ្កែ ដែល​ក្នុង​នោះ ឆ្មា​អាច​ឲ្យ​មនុស្ស​អាលែកស៊ី​ច្រើន​ជាង​ឆ្កែ២ដង។

    ហេតុអ្វី​ឆ្មា​អាច​ឲ្យ​មនុស្ស​អាលែក​ហ្ស៊ី?

    ខុស​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​គិត រោមឆ្មា​មិន​មែន​ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​ឡើយ។ យើង​អាលែកស៊ី​នឹង​សត្វ​ឆ្មា គឺ​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​មាត់ ទឹកនោម ឬ​អង្កែ (កម្ទេចស្បែក) ហើយ​រោម​របស់​ឆ្មា​អាច​ជាប់​ប្រូតេអ៊ីន​ទាំង​នេះ។ សមាសធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី ហៅថា អាលែកហ្សែន (Allergen)។

    ប្រតិកម្ម​អាលែកហ្ស៊ី​គឺ​ជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​​ការពារ​ខ្លួន​ប្រាណ​យើង​ឆ្លើយ​តប​ទៅ​នឹង​សមាសធាតុ​គីមី ដែល​មក​ពី​ខាង​ក្រៅ​ខ្លួន​យើង ប្រៀប​ដូច​ទៅ​នឹង​ការ​ជ្រៀត​ចូល​របស់​មេរោគ​ផង​ដែរ។ អាលែកហ្សែន​អាច​ធ្វើ​ឲ្យ​កោសិកា​ម្យ៉ាង​ហៅ​ថា Mast cell (កោសិកា​មួយ​ប្រភេទ​នៃ​ប្រព័ន្ធស៊ាំ) បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​អ៊ីស្តាមីន និង​សារធាតុគីមី​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​តំណប​រលាក ។ លទ្ធផល​នៃ​ប្រតិកម្ម​តំណប​រលាក​នេះ​អាស្រ័យ​ទៅ​នឹង​ទីតាំង​ដែល​អាលែកហ្សែន​ជួប​ជាមួយ​កោសិកា Mast cell ដែល​ជា​ទូទៅ​មាន​ដូចជា សរសៃ​ឈាម​រីកធំ​ធ្វើ​ឲ្យ​ឡើង​ក្រហម​នៅ​កន្លែង​ប្រតិកម្ម និង​មាន​ការ​បញ្ចេញ​ធាតុរាវ (ដូចជា​សម្បោរ​ក្នុង​ករណី​អាលែកហ្សុី​នៅ​ផ្លូវ​ដង្ហើម)។

    ដោយសារ​តែ​អាលែកហ្សែន​ដែល​ចេញ​ពី​សត្វឆ្មា​អាច​ធ្លាក់​ទៅ​ភ្នាស​ច្រមុះ ឬ​ភ្នែក ហេតុនេះ​ប្រតិកម្ម​អាលែកហ្សុីឆ្មា អាចឲ្យ​ជា​រោគសញ្ញា​ដូចជា ​តឹងច្រមុះ ហៀរសម្បោរ ឬ​ភ្នែក​ក្រហម​ជា​ដើម។ ក្នុង​ករណី​ខ្លះ​ដែល​អាលែកហ្សែន​ធ្លាក់​ទៅ​ដល់​សួត អ្នកអាលែកហ្សុី អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូច​ជាក្អក ដក​ដង្ហើមផុតៗ​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម