ហឺតជាបញ្ហាប្រព័ន្ធដង្ហើម ហើយធ្វើទុក្ខខ្លាំង។ ជំងឺនេះ អាចថាស្រាលក៏បាន ឬធ្ងន់ក៏បាន ពេលវាធ្វើទុក្ខម្ដងៗ។ ដើម្បីឲ្យកាន់តែច្បាស់ ថាជំងឺនេះ យ៉ាងម៉េច ថ្ងៃនេះ ស្វែងយល់លម្អិត ជាមួយ “Hello គ្រូពេទ្យ” ទាំងអស់គ្នា។
១- មានក្អក ឬហត់ពេលយប់
ជំងឺហឺតនៅទងសួត ជាជំងឺរលាករ៉ាំរ៉ៃមួយរបស់ផ្លូវដង្ហើម ហើយវានឹងស្តែងចេញរោគសញ្ញាដូចជា៖ ក្អក ហត់ ដកដង្ហើមលឺ សំឡេងដូចហូច និងតឹងថប់ ក្នុងទ្រូង។ រោគសញ្ញាទាំងអស់នេះ ច្រើនកើតឡើងនៅពេលយប់ និងនៅពេលព្រឹកព្រលឹម ដោយសារតែទងសួតស្ទះ។ បើក្អក ឬពិបាកដកដង្ហើមពេលយប់ ប្រហែលអាចកើតជំងឺហឺតហើយ។ បើសង្ស័យគួរ ប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់។
២- សញ្ញាបែបណាគួរយកអ្នកកើតហឺតទៅពេទ្យ?
– ហត់ខ្លាំង
– ដកដង្ហើមចូលមិនគ្រប់
– ពេលស្ដាប់សួត មិនមានលឺសំឡេង
– ចង្វាក់ដង្ហើម លើសពី ២៥ដង ក្នុងមួយនាទី
– ជីពចរ លោត លើសពី ១១៥ដង ក្នុងមួយនាទី
– ឡើយស្វាយតាមចុងដៃ បបូរមាត់ បែកញើស។
សញ្ញាទាំងអស់ខាងលើ បញ្ជាក់បានថាអ្នកជំងឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយ ត្រូវយកទៅមន្ទីពេទ្យជាបន្ទាន់ ដើម្បីកុំឲ្យមានផលលំបាកកើតឡើង។
៣- កើតហឺតគួរហាត់ប្រាណឬទេ?
ការហាត់ប្រាណមានសារៈសំខាន់ចំពោះសុខភាព ហើយគ្នាយើងកើតហឺតក៏គួរហាត់ប្រាណដែរ។ បើកើតហឺតអាចហាត់ប្រាណធម្មតាដូចជា៖ ដើរយឺតៗ ធាក់កង់ ហែលទឹក ឬហាត់ក្បាច់គុនបន្តិចបន្តួចបាន។ ប៉ុន្តែមិនត្រូវហាត់ប្រាណខ្លាំងៗ ដូចជា រត់ ឬហាត់ក្បាច់គុនធ្ងន់បានទេ។ មិនត្រូវហាត់ប្រាណនៅ កន្លែងមានអាកាសធាតុត្រជាក់ ឬនៅកន្លែងអាកាសធាតុស្ងួតឡើយ។ មុនហាត់ គួរពិភាក្សាជាមួយពេទ្យ ថាគួរហាត់របៀបណាបាន របៀបណាមិនបាន។
៤- តើជំងឺហឺតកើតតពូជមែនទេ?
ជំងឺហឺតមានទាក់ទងជាមួយហ្សែន។ បើប៉ាម៉ាក់ឈឺជំងឺនេះ កូនអាចកើតជំងឺនេះ រហូតទៅដល់ ៣០-៥០ ភាគរយឯណោះ។ ហើយបើទាំងប្តី និងប្រពន្ធកើតហឺតទាំងពីរនាក់ នោះកូនរបស់គេអាចកើតហឺត រហូតដល់ ៥០-៧០ ភាគរយ។ ប៉ុន្តែបើក្នុងផ្ទះមិនមានសមាជិកណាម្នាក់កើតហឺតទេនោះ អាអូនតូចនៅតែអាចកើតហឺតក្នុងចន្លោះ ១០-១៥ ភាគរយ។
៥- ម៉េចក្មេងតូចមិនងាយធ្វើរោគវិនិច្ឆ័យឃើញអ៊ីចឹង?
ការបែងចែករវាងជំងឺហឺត ជាមួយជំងឺផ្លូវដង្ហើមដទៃលើអូនតូច មិនងាយស្រួលទេ។ ការឆ្លងរោគនៅផ្លូវដង្ហើម មានអាការៈដូចគ្នាជាមួយជំងឺហឺតដែរ គ្រាន់តែខុសគ្នាដោយសារហឺត មានការរលាករ៉ាំរ៉ៃជាង។
៦- ការព្យាបាល និងការរស់នៅ
ដោយសារតែជំងឺមួយប្រភេទនេះ កើតឡើងដោយសារខ្លួនប៉ះជាមួយសារធាតុបណ្ដាលឲ្យមានអាលែកហ្ស៊ី ដូចនេះបើព្យាបាលត្រឹមត្រូវ និងជៀសពីសារធាតុធ្វើឲ្យមានអាលែកហ្ស៊ីទាំងអស់បាន នោះអាចរស់នៅបានធម្មតាដូចមនុស្សដទៃផ្សេងដែរ។
៧- អាចប្រើថ្នាំហឺតពេលមានផ្ទៃពោះបានទេ?
ការគ្រប់គ្រងជំងឺហឺត អំឡុងពេលមានផ្ទៃពោះ គឺជារឿងសំខាន់សម្រាប់ម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ថ្នាំព្យាបាលជំងឺហឺត អាចមានផលប៉ះពាល់បន្តិចបន្តួច ជាមួយទារក ប៉ុន្តែនៅតែអាចប្រើប្រាស់បាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី គួរពិភាក្សាជាមួយគ្រូពេទ្យសិន មុនពេលចាប់ផ្តើមប្រើថ្នាំ។
៨- ពេលធ្វើទុក្ខភ្លាមគួរធ្វើម៉េច?
ពេលមានរោគសញ្ញាជំងឺហឺតដូចបានបញ្ជាក់ខាងលើ ត្រូវបញ្ឈប់ការហាត់ប្រាណ ឬសកម្មភាពនានា ហើយរត់ទៅសម្រាកភ្លាម។ ទន្ទឹមនេះត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យ។
[embed-health-tool-vaccination-tool]