backup og meta

ថ្ងៃ​នេះ​មក​ស្វែងយល់​លម្អិត​ពីជំងឺ​ “ហឺត” កុំ​ឲ្យ​ឆ្ងល់​ទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 09, 2021

    ថ្ងៃ​នេះ​មក​ស្វែងយល់​លម្អិត​ពីជំងឺ​ “ហឺត” កុំ​ឲ្យ​ឆ្ងល់​ទៀត

    ហឺត​ជា​បញ្ហា​ប្រព័ន្ធ​ដង្ហើម ហើយ​ធ្វើ​ទុក្ខ​ខ្លាំង។ ជំងឺ​នេះ អាច​ថា​ស្រាល​ក៏​បាន ឬ​ធ្ងន់ក៏​បាន ពេល​វា​ធ្វើ​ទុក្ខ​ម្ដងៗ។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ ថា​ជំងឺ​នេះ យ៉ាង​ម៉េច ថ្ងៃ​នេះ ស្វែងយល់​លម្អិត ជាមួយ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។

    ១- មានក្អក​ ឬហត់ពេលយប់

    ជំងឺ​ហឺត​នៅ​ទង​សួត ជា​ជំងឺ​រលាក​រ៉ាំ​រ៉ៃ​មួយ​របស់​ផ្លូវ​ដង្ហើម​ ហើយ​វា​នឹង​ស្តែង​ចេញ​រោគ​សញ្ញា​ដូច​ជា៖ ក្អក ហត់ ដកដង្ហើម​លឺ សំឡេង​ដូច​ហូច និង​តឹង​ថប់ ​ក្នុង​ទ្រូង។ រោគ​សញ្ញា​ទាំង​អស់​នេះ​ ច្រើន​កើត​ឡើង​នៅ​ពេល​យប់ និង​នៅ​ពេល​ព្រឹក​ព្រលឹម ដោយ​សារ​តែ​ទង​សួត​ស្ទះ។ បើ​​​ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​ពេល​យប់ ​​ប្រហែល​អាច​កើត​ជំងឺ​ហឺត​ហើយ។ បើ​សង្ស័យ​គួរ ប្រញាប់​​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់។

    ២- សញ្ញាបែបណាគួរយកអ្នកកើតហឺតទៅពេទ្យ?

    – ហត់​ខ្លាំង

    – ដក​ដង្ហើម​ចូល​មិន​គ្រប់

    – ពេល​ស្ដាប់​សួត​ មិន​មាន​លឺ​សំឡេង

    – ចង្វាក់​ដង្ហើម​​ លើស​ពី​ ២៥​ដង​ ក្នុង​មួយ​នាទី

    – ជីព​ចរ លោត លើស​ពី ១១៥​ដង ក្នុង​មួយ​នាទី

    – ឡើយ​ស្វាយ​តាម​ចុង​ដៃ​​ បបូរ​មាត់ បែក​ញើស។

    សញ្ញា​ទាំង​អស់​ខាង​លើ​​ បញ្ជាក់​បាន​ថា​អ្នក​ជំងឺ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ហើយ ​​ត្រូវ​យកទៅ​មន្ទី​ពេទ្យ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ផល​លំបាក​កើត​ឡើង។

    ៣- កើតហឺតគួរហាត់ប្រាណឬទេ?

    ការ​ហាត់​ប្រាណ​មាន​សារៈសំខាន់​ចំពោះ​សុខភាព ហើយគ្នា​យើង​កើត​ហឺត​ក៏​គួរ​ហាត់​ប្រាណ​ដែរ។ ​បើ​កើត​ហឺត​អាច​ហាត់​ប្រាណ​ធម្មតា​​ដូចជា៖​ ដើរ​យឺតៗ ធាក់​កង់ ហែល​ទឹក ឬ​ហាត់​ក្បាច់​គុន​បន្តិច​បន្តួច​បាន។ ប៉ុន្តែ​​​មិន​ត្រូវ​ហាត់​ប្រាណ​ខ្លាំង​ៗ ដូច​ជា​ រត់​ ឬ​ហាត់​ក្បាច់​គុន​ធ្ងន់​បានទេ។​ ​មិន​ត្រូវ​ហាត់​ប្រាណ​នៅ​​ កន្លែង​មាន​អាកាសធាតុ​ត្រជាក់ ឬ​នៅ​កន្លែង​អាកាសធាតុ​ស្ងួត​ឡើយ។ មុន​​ហាត់​​​ ​គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ ថា​​​គួរ​ហាត់​​របៀប​ណា​បាន របៀប​ណា​មិនបាន។

    ៤- តើជំងឺហឺតកើតតពូជមែនទេ?

    ជំងឺ​ហឺត​​មាន​ទាក់​ទង​ជា​មួយ​ហ្សែន។​ បើ​ប៉ាម៉ាក់​​ឈឺ​ជំងឺ​នេះ​ កូន​​អាច​កើត​ជំងឺ​នេះ​ រហូត​ទៅ​ដល់​ ៣០​-៥០ ​ភាគ​រយ​ឯ​ណោះ។ ហើយ​បើ​ទាំង​ប្តី​ និង​ប្រពន្ធ​កើត​ហឺត​ទាំង​ពីរ​នាក់ នោះ​កូន​របស់​គេ​អាច​កើត​ហឺត រហូត​ដល់ ៥០-៧០ ​ភាគ​រយ។​ ប៉ុន្តែ​បើ​ក្នុង​ផ្ទះ​មិន​មាន​សមា​ជិក​ណា​ម្នាក់​កើត​ហឺត​ទេ​នោះ អាអូ​ន​តូច​​នៅ​តែ​អាច​កើត​ហឺត​ក្នុង​ចន្លោះ ១០-១៥ ​ភាគ​រយ។

    ៥- ម៉េចក្មេងតូចមិនងាយធ្វើរោគវិនិច្ឆ័យឃើញអ៊ីចឹង?

    ការ​បែង​ចែក​រវាង​ជំងឺ​ហឺត ជាមួយ​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​លើអូនតូច មិន​ងាយ​ស្រួល​ទេ។​ ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ដង្ហើម​ មាន​អាការៈ​ដូច​គ្នា​ជាមួយ​ជំងឺ​ហឺត​ដែរ គ្រាន់​តែ​ខុស​គ្នា​ដោយ​សារ​ហឺត​ មាន​ការ​រលាក​រ៉ាំ​រ៉ៃ​ជាង។

    ៦- ការព្យាបាល និង​ការ​រស់នៅ

    ដោយ​សារ​តែ​ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​ខ្លួន​​​ប៉ះ​ជាមួយ​សារធាតុ​បណ្ដាល​ឲ្យ​មាន​អាលែកហ្ស៊ី ដូច​នេះ​បើ​​​​ព្យាបាល​ត្រឹម​ត្រូវ​ និង​ជៀស​ពី​សារធាតុ​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី​ទាំង​អស់​បាន នោះ​​​អាច​រស់​នៅ​​បាន​ធម្មតា​ដូច​មនុស្ស​ដទៃ​ផ្សេង​ដែរ។

    ៧- អាចប្រើថ្នាំហឺតពេលមានផ្ទៃពោះបានទេ?

    ការ​គ្រប់​គ្រង​ជំងឺ​ហឺត អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​ជា​រឿង​សំខាន់​សម្រាប់ម៉ាក់ៗ​ និងបេប៊ី​ក្នុង​ផ្ទៃ។​ ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​ អាច​មាន​ផល​ប៉ះ​ពាល់​បន្តិច​បន្តួច​ ជាមួយ​ទារក ប៉ុន្តែ​​​នៅ​តែ​អាច​ប្រើ​ប្រាស់​​​បាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ គួរ​​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​ មុន​ពេល​ចាប់​ផ្តើម​ប្រើ​​​ថ្នាំ។

    ៨- ពេលធ្វើទុក្ខភ្លាមគួរធ្វើម៉េច?

    ពេល​​​មាន​រោគ​សញ្ញា​ជំងឺ​ហឺត​ដូច​បាន​បញ្ជាក់​ខាង​លើ ​​ត្រូវ​បញ្ឈប់​ការ​ហាត់​ប្រាណ​ ឬ​សកម្មភាព​នានា ហើយ​រត់​ទៅ​សម្រាក​ភ្លាម។ ទន្ទឹម​នេះ​ត្រូវ​ប្រើ​ថ្នាំ​ហឺត​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម