backup og meta

ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ...

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jan 22, 2020

    ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ...

    គ្នា​យើង​នរណា​ៗ​ក៏​ធ្លាប់​ផ្ដាសាយ​ដែរ ឲ្យ​តែ​ចាប់​ផ្ដើម​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ គ្រុន​ក្ដៅ​ស្រៀវ​ស្រាញ​ក្នុង​ខ្លួន ឈឺ​បំពង់​ក អស់​កម្លាំង ដឹង​ភ្លាម​ម៉ង​ថា​ខ្លួន​កំពុង​ផ្ដាសាយ​ហើយ។ ប៉ុន្តែ​ដឹង​អត់​ គ្រុន​ផ្ដាសាយ​បណ្ដាល​មក​ពី​អី ហេតុអ្វី​រោគ​សញ្ញា​ទាំងនេះ​កើត​ឡើង និង​អាច​ធ្ងន់ធ្ងរ? ​ចាំ “Hello គ្រូពេទ្យ’ លម្អិត​ឲ្យ​ខ្ទេច​ពេល​នេះ​តែ​ម្តង។

    ១- អ្វី​ជា​អាការៈ​សញ្ញា​ជំងឺ​ផ្តាសាយ?

    អាការៈ​ហៀរ​សំបោរ ឈឺ​ក និង​ឈឺ​ខ្លួន សុទ្ធ​តែ​ជា​សញ្ញា​​រាង​កាយ​របស់​យើង​កំពុង​ប្រឆាំង​នឹង​មេរោគ​ផ្ដាសាយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ Stephen Turner នៃ​សាកល​វិទ្យាល័យ Monash ប្រទេស​អូស្ត្រាលី។

    ជំងឺ​ផ្ដាសាយ​ បណ្ដាល​មក​ពី​វីរុស​តូច​ៗ​ ​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា ​ដើម្បី​ចម្លង ​និង​ផលិត​វីរុស​បន្ថែម​ទៀត។ មេរោគ​គ្រុន​ផ្ដាសាយ ​ចម្លង​មេរោគ​ទៅ​កោសិកា​​តាម​ផ្លូវ​ដង្ហើម ហើយ​វា​ងាយ​ឆ្លង​ណាស់ ​តាម​រយៈ​ការ​សាយ​ភាយ​តំណក់​តូច​ៗ​ បញ្ចេញ​ពេល​យើង​ក្អក ឬ​កណ្ដាស់។ បន្ទាប់​ពី​ឆ្លង​មេរោគ​នេះ​ រាងកាយ​នឹង​ធ្វើ​ការ​ធ្ងន់​ជាង​ធម្មតា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​មេរោគ​។

    ២- មាន​អ្វី​កើត​ឡើង​ចំពោះ​រាង​កាយ​ក្រោយ​ឆ្លង​មេរោគ​ផ្តាសាយ?

    នៅ​ពេល​មេរោគ​គ្រុន​ផ្ដាសាយ​ចូល​ក្នុង​រាង​កាយ​យើង ប្រព័ន្ធ​ការពារ​រាងកាយចាប់​ផ្ដើម​ធ្វើការ​ភ្លាម ចុង​សរសៃ​ប្រសាទ​ បាន​បញ្ជូន​សញ្ញា​អាសន្ន​ភ្លាមៗ​ ឲ្យ​រាងកាយ​ដឹង​ពី​វត្តមាន​មេរោគ។ នេះ​ជា​ការ​ឆ្លើយ​តប​រហ័ស​មួយ តែ​វា​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ ការ​រលាក​ទាំងនេះ​ កើត​ចេញ​ពី​សកម្មភាពសារធាតុ​គី​មី​ចេញ​ពី​កោសិកា​ ​គេ​ហៅ​ថា Cytokines ។ តួនាទី​សំខាន់របស់ Cytokines  គឺ​ជួយ​​កំណត់​ការ​ចម្លង​មេរោគ​ដំណាក់​កាល​ដំបូង​នៅ​ក្នុង​សួត ហើយ​សារធាតុ​នេះ​ អាច​បញ្ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម​ ​ពង្រីក​ខ្លួន​ពេញ​រាងកាយ ​ដើរ​តួ​ជាភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ និង​ព្រមាន​ដល់​ប្រព័ន្ធ​ភាព​សុាំ​ផ្សេង​ទៀត​ ពី​វត្តមាន​របស់​មេរោគ។ ជា​អកុសល ការ​ឆ្លើយ​តប​របស់​រាងកាយ ​ទៅ​នឹង​ការ​រលាក​​កើត​មាន​អំឡុង​ពេល​ព្យាយាម​ប្រឆាំង​នឹង​មេរោគ ​បណ្ដាល​ឲ្យ​រោគ​សញ្ញា​គ្រុនផ្ដាសាយយើង​តែង​ជួប​ប្រទះ​ លេច​ចេញ​ឡើងតែ​ម្តង។

    ៣- មាន​អ្វី​កើត​ឡើង​ពេល​រាង​កាយ​រង​ការ​រលាក?

    អាការៈរលាក អាច​បណ្ដាល​ឲ្យ​រាង​កាយ​ផលិត​ស្លេស្ម​កាន់​​កើន​ឡើង។ ស្លេស្ម ឬ​សំបោរ ជា​សារធាតុ​ស្អិត​ ​ជួយ​ចាប់​យក​មេរោគ​នៅ​ក្នុង​សួត និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ហើយ​នៅ​ពេល​ណា​បរិមាណ​​ស្លេស្ម ឬ​សំបោរ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ផ្លូវ​ដង្ហើម យើង​នឹង​ចាប់​ផ្ដើម​ក្អក កណ្ដាស់ ឬ​ហូរ​សំបោរ​ ដែលការ​ពិត​នេះ ​ជា​ការ​ជួយ​យក​មេរោគ​ចេញ​ពី​រាងកាយ​មុន ​ពេល​វា​ឆ្លង​ទៅ​កោសិកា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។

    លើស​ពី​នេះ ការ​រលាក​បណ្ដាល​ឲ្យ​សីតុណ្ហភាព​រាងកាយ​ឡើង​កម្ដៅ ឬ​គ្រុន​ក្ដៅ ដើម្បី​ធ្វើ​ឲ្យ​​បរិយាកាស​អាប់អួ​ដល់ពពួក​​មេរោគ​ផ្ដាសាយ ​មិន​ឲ្យ​​បង្កើត​មេរោគ​បន្ថែមទៀត។ ការ​​បង្កើន​កម្ដៅរាងកាយ នឹង​នាំ​សាច់​ដុំ​​កន្ត្រាក់​ខ្លាំង​ និង​កាន់​តែ​ញាប់ ជា​មូលហេតុ​ធ្វើ​ឲ្យ​យើង​រងា​ញាក់​ញ័រ ​ខ្លួន​ឡើង​ក្ដៅ​ដូច​ភ្លើង នេះ​ក៏​ព្រោះ​តែ​សីតុណ្ហភាព​ក្នុង​រាង​កាយ ​និង​ខាង​ក្រៅ មាន​ភាព​ខុស​គ្នា​ខ្លាំង។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្រៅ​ពី​នេះ ម៉ូលេគុល​រលាក​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ការ​កម្ចាត់​មេរោគ​ដោយ​ផ្ទាល់ ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្ហិតល្ហៃ មិន​ឃ្លាន​បាយ​ទឹក និង​ឈឺ​សាច់​ដុំ​ពេញ​ខ្លួន។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​យើង​គិត​ថា ជា​រោគ​សញ្ញា​មេរោគ​បង្ក​ឡើង តែ​ផ្ទុយ​ទៅ​វិញ ​គឺ​ជា​បណ្ដាល​មក​ពី​ប្រព័ន្ធ​ការពារ​រាង​កាយ ​ឬ​ភាព​សុាំ​​យើង ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​មេរោគ​ប៉ុណ្ណោះ។

    ៤- ផ្តាសាយអាច​បង្ក​ឲ្យ​សុខភាព​ធ្ងន់​ធ្ងរ

    ផ្តាសាយ​អាច​រឿង​សាមញ្ញ​ៗ​ ក៏​អាច​បង្ក​ទៅ​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ដូច​បាន​រៀប​រាប់​ខាងលើ ​ប្រព័ន្ធ​ការពារ​រាងកាយ ​ធ្វើ​ការ​ច្រើន​មុខ​ណាស់ ដើម្បី​​ទប់​ស្កាត់​ និង​កម្ចាត់​មេរោគ តែ​បើ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ ឬ​ផ្នែក​ណា​មួយ​មិន​ដំណើរការ​នោះ មេរោគ​​នៅ​ក្នុង​រាងកាយ​បាន​យូរ​ បំផ្លាញ​កោសិកា​ផ្សេង​ៗ​ ​ពិសេស​ធ្វើ​ឲ្យ​រលាក​សួត អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹក​ក្នុង​សួត និង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។

    ដូច្នេះ​ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​គ្រុន​ផ្ដាសាយ គប្បី​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត ត្រូវ​ខ្ទប់​មាត់​ឲ្យ​ជិត ​រាល់​ពេល​ក្អក ឬ​កណ្ដាស់​ ចៀសវាង​ចម្លង​ទៅ​អ្នក​ដទៃ នេះ​ជា​វិធី​ងាយ​ៗ​យើង​អាច​ធ្វើ​បាន​ ដើម្បី​ការពារ​ខ្លួន​យើង​ និង​មនុស្ស​ជុំវិញ​ខ្លួន។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jan 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម