ជាទូទៅវដ្តរដូវរបស់ស្ត្រីមានចន្លោះពី ២១-២៨ថ្ងៃ ហើយបើតាមក្បូនពេទ្យបានកំណត់ថា វដ្តវដ្តរដូវទៀងទាត់របស់ស្ត្រីមាន ២៨ថ្ងៃ។ តាមរយៈការជួបសម្ភាសជាមួយនាយិកាសេវាកម្មគ្លីនិក រ៉ាក់ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា បានឲ្យដឹងថា ស្រ្តីធ្លាប់តែមានរដូវមកទៀងទាត់ តែប្រែមិនទៀងវិញ អាចមកពីមូលហេតុ៧យ៉ាងនេះ។
លក្ខខណ្ឌធ្វើឲ្យរដូវប្រែប្រួល៖
១. ប្រើមធ្យោបាយពន្យារកំណើត៖ ដោយហេតុថា ថ្នាំពន្យារកំណើតមានសាធាតុសកម្មជាអ័រម៉ូន បែបនេះប្រើទៅធ្វើឲ្យរដូវស្ត្រីមួយចំនួនក៏ប្រែប្រួលដែរ។
២. មានផ្ទៃពោះ៖ អ័រម៉ូនប្រែប្រួលអំឡុងពេលមានផ្ទៃពោះ ក៏អាចធ្វើឲ្យស្រីៗមករដូវមិនទៀងដែរ។
៣. មានវិបត្តិផ្លូវចិត្ត៖ កាលណាស្ត្រីមានវិបត្តិផ្លូវចិត្ត ដូចជាថប់បារម្ភ បាក់ទឹកចិត្ត ធ្វើឲ្យប្រព័ន្ធបញ្ជាខួរក្បាលដំណើរការមិនល្អ អាចធ្វើឲ្យរដូវមានការប្រែប្រួល។
៤. ចំណីអាហារ៖ ស្ត្រីខ្លះដែលផ្លាស់ប្តូរចំណីអាហារ អាចតមខ្លាំងពេកក៏ជះឥទ្ធិពលដល់វដ្តរដូវដែរ។
៥. លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណខ្លាំងពេក ក៏អាចប៉ះពាល់ដល់ប្រព័ន្ធបញ្ជាខួរក្បាល ធ្វើឲ្យរដូវប្រែប្រួលដែរ។
៦. កត្តាអាយុ៖ នៅពេលស្ត្រីអាយុកាន់តែច្រើន អ៊ីចឹងរដូវមានទំនោរទៅរកភាពមិនប្រក្រតី។
៧. កត្តាវេជ្ជសាស្ត្រ៖ អាចមកពីកត្តាជំងឺ ឬកត្តាប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចធ្វើឲ្យស្ត្រីមានរដូវមិនទៀងទាត់ដែរ ដូចជាជាការលាកនៅក្នុងអាងត្រគាក ការករោគនៅក្នុងស្បូន និងដុំនៅស្បូនជាដើម។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា “ការមករដូវជាលក្ខណៈធម្មជាតិ ដោយស្ត្រីខ្លះគាត់មករដូវទៀងទាត់ចាប់តាំងពីគ្រប់ការមករហូត ប៉ុន្តែស្ត្រីខ្លះទៀតមានរដូវមិនទៀងទាត់តាំងពីគ្រប់ការរហូតមក ដែលជាលក្ខណៈធម្មជាតិរបស់គាត់។ អ៊ីចឹងយើងមិនមានអ្វីដែលត្រូវកែលម្អទេ ព្រោះនេះជាច្បាប់ធម្មជាតិរបស់មនុស្ស”។
ផ្ទុយទៅវិញ បើសិនជាស្ត្រីមានវដ្តរដូវមួយដែលទៀងទាត់ហើយ ស្រាប់តែពេលណាមួយវដ្តរដូវមានការផ្លាស់ប្តូរ ជាចំណុចដែលស្ត្រីត្រូវតែចាប់អារម្មណ៍ ហើយគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុ តើការប្រែប្រួលវដ្តរដូវបណ្តាលមកពីអ្វី?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]