មធ្យោបាយពន្យារកំណើតមានច្រើនណាស់ តែក្នុងនោះកងដាក់ក្នុងស្បូនជាវិធីល្អមួយ និងមិនចំណាយច្រើនឡើយ ហើយមិនងាយភ្លេចហួសថ្ងៃទៀតផង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងណែនាំស្រីៗយើងឲ្យលម្អិតពីកងដាក់ក្នុងស្បូន។
១- កងដាក់ក្នុងស្បូន ជាឧបករណ៍តូចមួយមានជាតិទង់ដែង ជាកងផ្លាស្ទិកតូច ហើយទន់ ដែលមានបន្ទះ ឬសរសៃទង់ដែងរុំជុំវិញ។
២- កងដែលគេប្រើប្រាស់ច្រើននៅកម្ពុជាបច្ចុប្បន្ន គឺ Copper T 380A មានរាងជាអក្សរ T។
៣- វិធីដាក់ គឺត្រូវធ្វើឡើងដោយអ្នកផ្ដល់សេវាមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ដោយស៊កកងនោះបញ្ចូលទៅក្នុងស្បូនតាមទ្វារមាស និងរន្ធមាត់ស្បូន។
៤- កងដាក់ក្នុងស្បូនមានសមត្ថភាពដូចជា ៖
- ជំរុញការបង្កើតប្រូតេអ៊ីន និងកោសិកាដែលធ្វើឲ្យមេជីវិតឈ្មោលស្លាប់ ហើយមិនឲ្យចូលទៅក្នុងដៃស្បូន
- មានឥទ្ធិពលទៅលើស៊ុតមិនទាន់បង្កកំណើតនៅក្នុងស្បូន
- ធ្វើឲ្យស៊ុតមិនអាចបង្កកំណើតបាន។
៥- មានប្រសិទ្ធិភាពខ្ពស់ ស័ក្ដិសមនឹងអ្នកមមាញឹកលេបថ្នាំមិនបានទៀងទាត់ ហើយដាក់ម្ដងមានប្រសិទ្ធភាពរហូតដល់ ១០ ឆ្នាំ។
៦- មិនមានផលរំខានធ្វើឲ្យដៃគូធុញទ្រាំពេលរួមភេទ។
៧- ស្ត្រីអាចដាក់កងក្នុងស្បូនបានក្នុងអំឡុងពេល៖
- ថ្ងៃទី១ ដល់ទី ១២ នៃវដ្ដរដូវ
- ក្រោយពីរលូតកូន
- ៦ សប្ដាហ៍ក្រោយសម្រាល
- នៅពេលណាក៏បានតែច្បាស់ថា មិនមានផ្ទៃពោះ។
៨- មានតម្លៃសមរម្យអាចទទួលយកបាន ស័ក្ដិសមសម្រាប់ស្ត្រីចង់ពន្យារកំណើតរយៈពេលយូរ និងមានប្រសិទ្ធភាពខ្ពស់។
៩- អាចមានកូននៅពេលយកកងចេញមកវិញ និងមិនមានការយឺតយ៉ាវ។
១០- មានធ្លាក់ឈាមច្រើនជាងមុន និងឈឺពោះពេលមករដូវ អ្នកខ្លះអាចមានធ្លាក់សតិចតួច។
សម្រាប់អ្នកចង់ប្រើមធ្យោបាយពន្យារកំណើតណាមួយ ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិភាក្សា ក៏ដូចជាស្វែងយល់ពីវិធីដទៃ ថាតើមួយណាស័ក្ដិសមនឹងយើង ព្រោះគ្រប់ស្រ្តីទាំងអស់មិនប្រាកដថាអាចដាក់កងក្នុងស្បូនទាំងអស់ឡើយ។
[embed-health-tool-ovulation]