backup og meta

៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 05, 2020

    ៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

    ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ​រួម​ភេទ​មានសារៈ​សំខាន់​ដល់​សុខភាព​មនុស្ស​​គ្រប់​គ្នា​។ ការសិក្សា​ខ្លះ​បាន​លើកឡើង​ថា​ រួមភេទ​អាច​ជួយ​ឲ្យ​យើង​រស់នៅ​បាន​យូរ​ ដោយសាររួម​ភេទ​​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។​

    ១. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង

    ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ​រួមភេទ​ញឹកញាប់​មាន​ទំនាក់​ទំនង​នឹង​ការ​រស់នៅ​បាន​យូរ​ ឬអាយុវែង​។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថាអាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផ្សេងៗទៀត​។

    ២. រក្សា​លំនឹង​កម្រិត​អ័រម៉ូន

    រួម​ភេទ​អាច​ជួយ​ឲ្យកម្រិត​អ័រម៉ូន​មាន​លំនឹង​ ​ល្អ​សម្រាប់​សុខភាព​ ដូចជា​ វដ្ដ​រដូវ​ទៀងទាត់ និង​បន្ថយ​អាការៈ​ពេល​អស់​រដូវ។

    ៣. បន្ថយ​អាការៈ​ឈឺក្បាល និង​ការ​ឈឺចាប់​រាងកាយ

    ទោះបី​ការ​រួមភេទ​មើល​ទៅ​ដូច​ជាមិន​ទាក់ទង​នឹង​​អាការៈ​ឈឺក្បាល​ ប៉ុន្តែ​តាម​ពិត​ ​​រួម​ភេទ​​អាច​ជួយ​បន្ថយ​អាការៈនេះ​បានដែរ​​។ នេះ​មក​ពី​ពេល​រួមភេទ រាងកាយ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន (oxytocin) ដែល​អ័រម៉ូន​នេះជួយ​កាត់​​បន្ថយ​ការ​ឈឺចាប់។

    ៤. កាត់បន្ថយ​ស្ត្រេស និង​បញ្ចុះ​សម្ពាធ​ឈាម

    ផល​ប្រយោជន៍​មួយ​ទៀត​នៃ​អ័រម៉ូន​អុកស៊ីតុស៊ីន​ គឺ​ជួយ​បន្ធូរ​អារម្មណ៍​បាន។ ការ​សិក្សា​ទៅ​លើ​កណ្ដុរ​បាន​បង្ហាញ​ថា ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​អ័រម៉ូន​ករទីសូល (cortisol) ដែល​ជា​អ័រម៉ូន​ស្ត្រេស។ ម៉្យាងទៀត ការ​រួមភេទ​ក៏​ជួយ​ឲ្យ​គេង​លក់​ស្រួល​ផង​​ដែរ។

    ៥. បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្តាត

    នៅ​ឆ្នាំ​២០១៣ អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​បង្ហាញ​ថា​ ការ​បញ្ចេញ​ទឹកកាម​ញឹកញាប់​ចន្លោះ​អាយុ​ពី​ ២០ ​ទៅ ​៥០ ​ឆ្នាំ​គឺ​មាន​ភាគរយ​តិច​ដែល​អាច​វិវត្ត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

    ៦. ប្រឆាំង​ជំងឺ​ផ្ដាសាយ

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Wilkes បាន​បង្ហាញ​ថា​ អ្នក​ដែល​រួមភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​តែង​មាន​អង់ទីករ IgA ច្រើន​ជាង​អ្នក​រួមភេទ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ហើយអង់ទីករ IgA គឺ​ជា​ប្រព័ន្ធភាព​ស៊ាំជួរ​មុខ ដែលអាច​ការពារ​យើង​ពី​​ជំងឺ​ផ្ដាសាយ​បាន។

    ៧. ដុត​កាឡូរី

    ​រួមភេទ ក៏​​ដូច​ការ​ហាត់ប្រាណ​ដែរ​ គឺអាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​កាឡូរី។ ជាមធ្យម​ រត់​រយៈពេល ​៣០ នាទី ​អាច​ដុត​បំផ្លាញ​កាឡូរី​សម្រាប់​ស្ត្រី​បាន​ ២១៣​ កាឡូរី និង​សម្រាប់​បុរស ២៧៦ កាឡូរី។ ឯ​រួមភេទ​វិញ​ អាច​ដុត​កាឡូរី​ ៦៩​ កាឡូរី​សម្រាប់​ស្ត្រី និង​ ១០១ ​កាឡូរី​សម្រាប់​បុរស ក្នុង​រយៈពេល​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម