និយាយដល់រឿងផ្លូវភេទ គិតជាគួរឲ្យខ្មាសអៀនមែនហើយ ប៉ុន្តែសម័យនេះហើយ គ្នាយើងគួរបើចំហចិត្តឲ្យទូលាយ ស្វែងយល់ពីរឿងនេះឲ្យបានច្បាស់ ព្រោះបើមិនយល់ច្បាស់ពីរឿងផ្លូវភេទ នឹងបង្កឲ្យយើងប្រព្រឹត្តរឿងនេះទាំងស្រពិចស្រពិល អសុវត្ថិភាព នាំឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃទៀតផង។ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីចំណុចសំខាន់ៗសរុប ១៤ ពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ គ្នាយើងស្រីៗគួរស្វែងយល់ ដើម្បីកុំឲ្យចាញ់បោកប្រុសៗ។
១- រួមភេទលើកដំបូងអាចធ្វើឲ្យមានកូនបាន
មានផ្ទៃពោះ មិនចាំបាច់ត្រូវមានរហូតរួមភេទលើកទី ២ លើកទី ៣ នោះទេ ឲ្យតែក្មេងស្រីដល់ដល់វ័យអាចធ្លាក់មេជីវិតញី នោះនឹងមានផ្ទៃពោះបើរួមភេទមិនការពារ ខណៈក្មេងស្រីមួយចំនួន ក៏អាចមានផ្ទៃពោះ មុនពេលមានរដូវដំបូងទៀតផង។ ដូចនេះមិនត្រូវខ្វះការការពារទេ ត្រូវប្រាកដថា បានប្រើវិធីពន្យារកំណើតផ្សេងៗ ហើយស្រោមអនាម័យ ក៏ជាវិធីល្អបំផុត មិនត្រឹមតែការពារកុំឲ្យមានកូនទេ ថែមទាំងអាចការពារពីជំងឺកាមរោគ (STDs) ផងដែរ។
២- ដកចេញមិនមានសុវត្ថិភាពគ្រប់គ្រាន់ទេ
ដៃគូយើងប្រាកដជាប្រាប់កុំឲ្យព្រួយបារម្ភ ព្រោះគេនឹងដកចេញទាន់ពេលវេលា ប៉ុន្តែក៏មិនត្រូវជឿពាក្យនេះដែរ ទោះបីជាគេអាចដកលិង្គ មុនពេលចេញទឹកកាមក៏ដោយ ខាងស្រីនៅតែអាចមានកូនបាន។ ពេលប្រុសៗដល់ចំណុចកំពូល រាងកាយនឹងបញ្ចេញសារធាតុរាវម្យ៉ាង មុននឹងចេញទឹកកាម ហើយសារធាតុរាវនោះ ក៏អាចមានមេជីវិតឈ្មោល និងវីរុសបង្កជំងឺកាមរោគផ្សេងទៀត។ ហេតុនេះ ត្រូវតែប្រើស្រោមអនាម័យជានិច្ច។
៣- ក្បាច់រួមភេទមួយចំនួនអាចការពារកុំឲ្យមានកូនបាន
នេះគឺជារឿងកុហក ដែលថាស្រីៗនឹងមិនមានផ្ទៃពោះនោះ ទោះបីប្រើក្បាច់រួមភេទដោយឈរ ឬអង្គុយនៅក្នុងបន្ទប់ទឹកក៏ដោយ ពេលខ្លះស្តាប់ទៅអាចទំនង ប៉ុន្តែត្រូវចាំថា មេជីវិតឈ្មោល មានកម្លាំងខ្លាំងណាស់ ដោយកោសិកាទាំងនោះ អាចហែលឡើងទៅលើរកមេជីវិតញីបាន។ មិនថាយើងប្រើក្បាច់ណាឡើយ ទោះជាឈរ ទោះជាអង្គុយ ឬក៏លោតក៏ដោយ ដៃគូខាងស្រីនៅតែមានផ្ទៃពោះ បើមិនប្រើវិធីពន្យារកំណើតទេនោះ។
៤- រួមភេទតាមមាត់នឹងមិនធ្វើឲ្យមានកូនទេ
ពាក្យនេះគឺត្រឹមត្រូវ ការរួមភេទប្រភេទនេះ នឹងមិនធ្វើឲ្យមានកូនទេ ទោះបីជាលេបទឹកកាមចូលពោះក៏ដោយ ព្រោះទឹកកាមទាំងនោះ នឹងត្រូវរំលាយដោយក្រពះ។ ទោះយ៉ាងនេះក្ដី ជំងឺកាមរោគ នៅតែឆ្លងតាមការ រួមភេទតាមមាត់ ហើយដើម្បីសុវត្ថិភាពត្រូវរួមភេទដោយប្រើស្រោមអនាម័យការពារជានិច្ច។
៥- ស្បោងមិនអាចជំនួសឲ្យស្រោមអនាម័យបានទេ
គ្មាននរណាដឹងថាគំនិតឆ្កួតនេះមកពីណាឡើយ តែយើងនៅតែធ្លាប់ឮគេនិយាយពីវាម្ដងម្កាល។ ប៉ុន្តែចម្លើយ គឺមិនអាចទៅរួចនោះទេ ទោះបីជាផ្លាស្ទីកប្រភេទណាក៏ដោយ ក៏មិនអាចជំនួសស្រោមអនាម័យបានដែរ។ មានតែស្រោមអនាម័យប៉ុណ្ណោះ ទើបជួយឲ្យយើងមានសុវត្ថិភាព ពីការមានផ្ទៃពោះ និងជំងឺកាមរោគ។
៦- លិង្គខាងប្រុសនឹងផ្ទុះបើមិនបានរួមភេទ
មិនត្រូវចាញ់បោកពាក្យទាំងនេះទេ ព្រោះលើលោក ក៏គ្មាននរណាម្នាក់ធ្លាប់ជួបមានបញ្ហាទេ បើទោះមិនបានរួមភេទ។ រាងកាយមនុស្សប្រុស ផលិតមេជីវិតឈ្មោលរៀងរាល់ថ្ងៃ ហើយមេជីវិតឈ្មោលដែលមិនប្រើ នឹងស្រូបចូលទៅកន្លែងផលិតវិញ។
៧- ស្រោមអនាម័យមិនអាចម្តងទៀតបានទេ
ស្រោមត្រូវបានគេធ្វើឡើងដើម្បី គឺប្រើតែម្ដងប៉ុណ្ណោះ មិនត្រូវលាងហើយប្រើវាម្ដងទៀតនោះទេ។ ដោយសារតែការកកិតអាចធ្វើឲ្យស្រោមខូច ធ្វើឲ្យវាបែក ហើយជាការល្អ ត្រូវដូរស្រោមថ្មីភ្លាម ពេលរួមភេទបាន ៣០ នាទី នៅមិនទាន់ដល់ចំណុចកំពូល។
៨- ទំហំមិនមែនជាបញ្ហាទេ
គ្មានអ្វីដែលធានាថា លិង្គធំ នឹងធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ផ្លូវភេទល្អនោះទេ។ មានលិង្គធំ ខាងប្រុស ក៏គ្មានភាពងាយស្រួល ដើម្បីរកចំណុច G-spot របស់មនុស្សស្រីនោះដែរ។ ផ្ទុយទៅវិញ នឹងធ្វើឲ្យខាងស្រីឈឺចាប់ ប្រសិនបើលិង្គខាងប្រុសប៉ះស្បូនខាងស្រី អំឡុងពេលរួមភេទ។ អ្វីដែលសំខាន់ ត្រូវចេះប្រើក្បាច់ និងតិចនិកពិសេសខ្លះៗ ដើម្បីភ្ញោចអារម្មណ៍ទាំងសងខាង។
៩- ស្រីៗចូលចិត្តរួមភេទដូចប្រុសៗដែរ
ជាទូទៅ គេជឿថា ការរួមភេទដែលល្អ មិនត្រូវគិតរឿងមនោសញ្ចេតនាស្នេហានោះទេ ហើយដោយសារតែការវាយតម្លៃក្នុងសង្គម ក៏ដូចជាការអប់រំពីផ្លូវភេទ សុទ្ធអាចធ្វើឲ្យមនុស្សស្រីអៀន មិនហ៊ាននិយាយពីអ្វីនាងចង់បាន។ ទាំងនេះហើយជាហេតុនាំឲ្យ គិតខុសបែប ដែលថាមានតែមនុស្សប្រុសប៉ុណ្ណោះ ចូលចិត្តរួមភេទ។
១០- មិនមែនប្រុសខ្ទើយសុទ្ធតែរួមភេទតាមរន្ធគូទនោះទេ
មិនថាមនុស្សប្រុសពេញលក្ខណៈ ឬក៏ខ្ទើយទេ ការរួមភេទតាមរន្ធគូទ គឺជារសនិយមរបស់មនុស្សម្នាក់ៗ ខ្លះចូលចិត្ត ខ្លះមិនចូលចិត្ត ទៅតាមអារម្មណ៍ខុសៗគ្នា។ បើតាមការបោះពុម្ពផ្សាយរបស់ភ្នាក់ងារស្រាវជ្រាវ ពីឥរិយាបថរួមភេទ និងរបៀបរស់នៅ (Third National Survey of Sexual Attitudes and Lifestyles ) បង្ហាញថា មានតែ ១៨,៥% ក្នុងចំណោមប្រុសអាយុពី ១៦-២៥ ឆ្នាំ ធ្លាប់រួមភេទតាមរន្ធគូទ។
អត្ថបទពាក់ព័ន្ធ៖
- ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
១១- ស្រីស្រលាញ់ស្រីក៏អាចកើតជំងឺកាមរោគ
មិនប្រាកដថា ស្រីរួមភេទជាមួយស្រីៗដូចគ្នា មានសុវត្ថិភាពជាងរួមភេទសប្រុសៗនោះទេ ព្រោះជំងឺកាមរោគ អាចចម្លងតាមទឹករំអិលយោនីរបស់ស្រី ឈាម ឬការទាក់ទងជិតស្និត ហើយជាការណែនាំ ត្រូវពាក់ស្រោមលើឧបករណ៍សិចប្រើរួមគ្នាជានិច្ច។
១២- ជំងឺកាមរោគមិនងាយបញ្ចេញរោគសញ្ញាឡើយ
ស្ដាប់ទៅគួរឲ្យខ្លាចណាស់មែនទេ គ្នាយើងមិនអាចដឹងថា ដៃគូ ឬក៏ខ្លួនយើងផ្ទាល់ មានជំងឺកាមរោគ ឬអត់ទេ។ មនុស្សជាច្រើន ផ្ទុកជំងឺកាមរោគ ក៏មិនសម្គាល់ឃើញ មានរោគសញ្ញាឡើយ រហូតទាល់តែវាយឺតពេល ទើបដឹង។ ជំងឺកាមរោគដែលមិនព្យាបាល អាចធ្វើឲ្យខូចខាតដល់សុខភាពរាងរហូត ហើយវិធីតែមួយគត់អាចដឹង ត្រូវធ្វើតេស្តសុខភាព។
១៣- មានជំងឺកាមរោគមិនអាចធ្វើឲ្យស្លាប់ទេ
ជំងឺកាមរោគជាច្រើន ងាយព្យាបាលឲ្យជា ដោយគ្រាន់តែប្រើថ្នាំផ្សះ ពិសេសជំងឺកាមរោគបង្កដោយបាក់តេរី។ យ៉ាងណា ជំងឺកាមរោគ បង្កដោយវីរុស ដូចជា ជំងឺហ៊ីវ (HIV) ជំងឺរើម ដែលបង្កដោយ HPV គឺមិនអាចព្យាបាលឲ្យជាដាច់នោះទេ តែជំងឺទាំងនេះអាចគ្រប់គ្រងបាន ដោយប្រើថ្នាំត្រឹមត្រូវ ខណៈគ្នាយើងមានជំងឺកាមរោគបង្កដោយវីរុសនេះ នឹងមានជីវិតរស់នៅយូរ និងអាចបំពេញការងារជីវិតបានដូចធម្មតា។
១៤- សម្រេចកាមដោយខ្លួនឯងមិនប៉ះពាល់ប្រដាប់ភេទ
មនុស្សជាច្រើនជឿថា ការសម្រេចកាមដោយខ្លួនឯងនឹងធ្វើឲ្យខូចអវយវៈភេទ ដែលនាំឲ្យកើតជំងឺអារ មិនអាចមានកូនបាន។ ការលើកឡើងនេះ គឺពិតជាខុស ដោយសារតែការសម្រេចកាមខ្លួនឯង គ្រាន់តែជាការរួមភេទមិនមានដៃគូរប៉ុណ្ណោះ។
នៅមានរឿងកុហកមួយចំនួនទៀត មិនបានរៀបរាប់ក្នុងអត្ថបទនេះ ដូចនេះមិនគួរជឿ ឬធ្វើតាមអ្វីដែលយើងគ្រាន់តែឮ ឬឃើញនោះទេ។ ដើម្បីសុខភាពខ្លួនឯង ត្រូវទទួលយកព័ត៌មានមានប្រភពច្បាស់លាស់ និងមិនត្រូវខ្មាសអៀន ទៅជួបគ្រូពេទ្យដើម្បីទទួបានព័ត៌មានត្រឹមត្រូវនោះដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]