backup og meta

តិចនិករួមភេទក្រោយសម្រាល ដើម្បីសុវត្ថិភាព កុំឲ្យឆ្លងមេរោគ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 30, 2019

    តិចនិករួមភេទក្រោយសម្រាល ដើម្បីសុវត្ថិភាព កុំឲ្យឆ្លងមេរោគ

    ក្រោយ​ប្រពន្ធសម្រាលបានប៉ុន្មានខែ កំពូលប្តីមួយចំនួនច្បាស់​ជា​អន្ទះសារខ្លាំង ចង់​ដឹង​ថា ពេលណា​រួម​ភេទ​បាន។ និយាយ​ដល់រឿង​នេះ ចាស់ៗ​ពីដើម​តម​ច្រើនណាស់ ត្រូវ​ចាំ​ដល់​ពេល​នេះ ចាំ​ដល់​ពេល​នោះទើបបាន។ ប៉ុន្តែខាង​វេជ្ជសាស្ត្រ ពេទ្យ​ក៏​មាន​ការ​ណែនាំ​ដូច​គ្នា អ្វី​ដែល​សំខាន់​បំផុត​ គឺ​គិត​ពី​សុវត្ថិភាព​រួម​ភេទ​ជាចម្បង ហើយ​បើ​ចង់​ដឹង​ច្បាស់ គួរ​រួម​ភេទ​ពេល​ណា​ល្អ ​អានអត្ថបទ​ខាង​ក្រោម​នេះ ដឹង​ហើយ។

    ១- ក្រោយ​សម្រាលពេល​ណា​អាច​រួម​ភេទ?

    ក្រោយ​ចាប់​ដៃ​គ្នា​សាង​គ្រួសារ បើ​​មាន​កូនថែម​ម្នាក់​ទៀត ប្រៀប​បាន​ដូច​ទទួល​​គ្រាប់​ពេជ្រ​យ៉ាង​តម្លៃជួយឲ្យ​គ្រួសារតូច​មួយ​នេះ កាន់​តែ​ភ្លឺថ្លា ប៉ុន្តែ​បើរវល់តែ​​មើលថែ​កូននោះ យើង​ក៏​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទរវាង​ប្តី​ប្រពន្ធ​យើង​ដូចគ្នា។​ រឿង​រួម​ភេទ ក្រោយ​សម្រាល​ស្រីៗ​ប្រហែល​ភ័យ​ខ្លាច​ច្រើន ប៉ុន្តែប្រុសៗ​អាច​អន្ទះ​សារខ្លាំង ព្រោះដាច់​យូរ​គួរសម​ដែរហើយ។ យ៉ាងណា មុន​ពេល​សម្រេច​ចិត្ត​ចង់​រួម​ភេទ​ឡើង​វិញ អ្វី​គ្នា​យើង​ត្រូវ​ដឹង និង​ត្រូវ​ការ​បំផុត គឺ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ខាងស្រី ត្រូវ​រឹង​មាំ​ជាមុនសិន។

    ក្រោយ​សម្រាល​កូន​រួច ​ក៏​ជា​ពេល​អារម្មណ៍​ផ្លូវ​ភេទ​យើង​ត្រឡប់​មក​វិញ​ដែរ មាត់​ស្បូន​ក៏​រួម​តូច ប៉ុន្តែ​ត្រូវ​សង្កេត​ពី​អាការៈ​​ធ្លាក់​ឈាម​ក្រោយ​សម្រាលសិន បើ​បញ្ចប់​ហើយ​នោះ មានន័យថា​អាច​រួមភេទ​វិញ​បាន​ហើយ ព្រោះ​បើយើង​​រួម​ភេទ ទាំង​មាន​ឈាម​ធ្លាក់ក្រោយ​សម្រាល​នៅ​ឡើយ ងាយ​ប្រឈម​ការឆ្លង​រោគ។ ចង់​រួម​ភេទ ត្រូវ​ប្រាកដ​ជា​មុន​សិន​ថា រាង​កាយ និង​ស្មារតី ​បាន​ត្រឡប់​មក​រក​សភាព​ដើម​វិញ​ហើយ។

    ជា​ធម្មតា ពេទ្យ​ភាគ​ច្រើន​ណែ​នាំ​ឲ្យ​​ស្រីៗ​អាច​រួម​ភេទ​ឡើង​វិញ យ៉ាង​ហោចរង់​ចាំ​ឲ្យ​បាន​ ៤​សប្ដាហ៍ ​ក្រោយ​ពេល​សម្រាល។ ប៉ុន្តែ​ពេល​ខ្លះ រយៈ​ពេល​នេះ ​មិន​ដូច​គ្នាសម្រាប់​ស្រីៗ​ទាំង​អស់​ទេ។ គ្នា​យើង​ខ្លះ ​អាច​រួម​ភេទ​បាន​ក្រោយ​សម្រាល​​ត្រឹម​តែ ២-៣ សប្ដាហ៍ ចំណែក​ខ្លះ​ទៀត អាច​ត្រូវ​ការ​ពេល​ច្រើន​ខែ ទើប​អាច​រួម​ភេទ​វិញ​បាន។ យ៉ាង​ណា ពេល​វេលាល្អ​បំផុតអាច​រួម​ភេទ​វិញ គឺ​ចន្លោះពី ៤-៦ សប្តាហ៍​បន្ទាប់ ព្រោះ​ដើម្បី​ទុក្ខ​ពេល​ឲ្យ​សរីរាង្គ​ស្រីៗ​វិល​មក​រក​ភាព​ដើម និង​រឹង​មាំសិន។

    រឿង​សំខាន់​មួយ​​ទៀត ទោះ​អាច​រួម​ភេទ​ក៏​ដោយ ក៏​ត្រូវ​ចេះពន្យារ​កំណើតផង ព្រោះ​ចាប់​ផ្ដើម​រួម​ភេទ មាន​ន័យ​ថា​យើង​អាច​មាន​ឱកាស មានកូន​ម្ដង​ទៀត​បាន។ ត្រូវគិត​ពី​​មធ្យោបាយ​ពន្យារ​កំណើត ​មុនសម្រេច​ចិត្ត​រួម​ភេទ ដូច​ជា ប្រើ​ស្រោម​អនាម័យ លេបថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​កង​ដាក់​ក្នុង​ស្បូន ដែល​​សុទ្ធ​​តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់។ គ្នា​យើងអាច​ពិភាក្សា​​បន្ថែមជាមួយ​គ្រូពេទ្យ ពី​វិធីពន្យារកំណើត​សក្តិ​សម​បំផុត​ចំពោះ​សុខភាព​យើង។

    ២- បំបៅកូន​ដោយ​ទឹកដោះ ប៉ះពាល់ការរួម​ភេទដែរទេ?

    បំបៅ​កូនដោយ​ទឹក​ដោះ​ ពិត​ជា​អាច​​ប៉ះ​ពាល់​ដល់​រឿង​លើ​គ្រែ​យើង​បាន​មែន។ យើង​​អាច​មាន​អារម្មណ៍​ថា ទ្វារ​មាសមិន​មាន​ទឹក​រម្អិល​មិន​គ្រប់​គ្រាន់។ ក្នុង​ករណី​នេះ ​យើង​អាច​ប្រើ​ប្រាស់​ទឹក​រម្អិល​ជំនួយ​បាន អាច​រក​ទិញតាម​កន្លែង​លក់​ស្រោម​អនាម័យ ឬ​ផ្សារ​ទំនើប ប៉ុន្តែ​គួរប្រើ​ទឹក​រម្អិល​ប្រភេទ​ទឹក ដោយ​សារ​តែ​ទឹក​រម្អិល​ប្រភេទ​ប្រេង អាច​ធ្វើ​ឲ្យ​ស្រោម​អនាម័យ​ងាយ​រហែក។

    មួយ​ទៀត ដោយ​អំឡុង​ពេល​បំបៅ​ដោះ​កូន យើង​នឹង​មាន​​អារម្មណ៍ថា​សុដន់​តឹង​ខ្លាំង ទាំង​នៅ​ពេល​យក​ដៃ​ទៅ​ប៉ះ ឬ​ពេល​​​ដាស់​អារម្មណ៍​​រួម​ភេទ នាំ​ឲ្យ​ប៉ះ​ពាល់​ដូច​គ្នា។ អ្វី​ទាំង​អស់ ​អាច​កើត​ឡើង​តាម​អារម្មណ៍​ ដូច​នេះ​អាច​ប្រាប់ប្តី​យើង​ឲ្យ​ដឹង  ឬ​ប្រាប់​បៀប​ដាស់​អារម្មណ៍​ផ្សេង​ក្រៅ​ពី​សុដន់ យើង​ចង់​បាន។ ពេល​​កំពុង​រួម​ភេទ ក៏​អាច​មាន​ចេញ​ទឹក​ដោះដូច​គ្នា ហើយ​​​បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង យើង​​អាច​បំបៅ​ដោះ​កូន ឬ​ច្របាច់​ទឹក​ដោះ​ទុក​ មុន​ពេល​អ្នក​រួម​ភេទ។

    ៣- ធ្វើ​ម៉េច​បើប្តី​មាន​អារម្មណ៍ តែយើង​គ្មាន​អារម្មណ៍​អី​បន្តិច?

    ករណី​នេះ ​កើត​ឡើង​ជា​ញឹក​ញាប់ណាស់​ចំពោះ​ស្រីៗ​ក្រោយ​សម្រាល​កូន។ គ្មាន​អារម្មណ៍រួម​ភេទ ​អាចដោយ​សារ​ស្រីៗ​ខ្វាយ​​ខ្វល់កូនតូច ច្រើន​ជាង​​រឿង​លើ​គ្រែ។ បើ​ស្រីៗ​គ្នា​យើង​ពិត​ជា​​គិត​បែប​នេះ​​មែន​ ​គួរ​ប្រាប់ប្តី​យើង​​តាម​ត្រង់​ទៅ ព្រោះភាព​ស្មោះ​ត្រង់​ ជួយ​ឲ្យ​ទំនាក់ទំនង​ផ្លូវ​ភេទ​យើង​ អាច​រក្សា​បាន​យូរ​អង្វែង ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ។ យ៉ាង​ណា ក៏​​មិន​គួរ​បណ្ដោយ​ឲ្យ​បញ្ហា​នេះ បំផ្លាញ​សុភមង្គលផ្លូវ​ភេទ​យើង​ដូច​គ្នា ត្រូវ​បង្ហាញ​ក្ដី​ស្រលាញ់​របស់​យើង​ទៅ​កាន់​ប្តី​ឲ្យ​បានច្រើន ទោះ​មិន​រួម​ភេទ ​វិធី​ជា​ច្រើន​ផ្សេង​ទៀត សម្រាប់​បង្ហាញ​ក្ដី​ស្រលាញ់ នៅ​តែ​មាន ដូច​ជា​ការ ​ថើប អោប ឬ​ញ៉ាំ​ឆ្ងាញ់​ៗជុំ​គ្នា​ជា​ដើម។

    អត្ថបទ​ពាក់ព័ន្ធ៖

    • រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
    • សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

    ៤- វិធីសាស្រ្ដល្អៗជួយ​ដល់​ការ​រួម​ភេទ​ក្រោយ​សម្រាល

    តាម​ធម្មតា​ យើង​អាច​​ត្រូវ​ចំណាយ​ពេល​រហូត​ទៅ​ដល់​មួយ​ឆ្នាំ​ឯ​ណោះ​ ទើប​អាច​​ត្រឡប់​មក​រក​សភាព​ដើម​វិញ។ ប៉ុន្តែ ស្រីៗ​​អាច​សាក​ល្បង​វិធី​ខាង​ក្រោម​ ដើម្បី​ជួយ​ឲ្យ​យើង​​អាច​រួមភេទ​វិញ។

    – មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក​ទេ ត្រូវ​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ រហូត​ដល់​​អាច​រួម​ភេទ​បាន​ដូច​ធម្មតា។

    – ពិភាក្សាគ្នា ជារឿង​ចាំ​បាច់ ​ត្រូវ​និយាយ​គ្នា​ជា​មួយ​ប្តី ពី​រឿង​លើ​គ្រែ។

    – អាច​ចាប់​ផ្ដើម​សកម្មភាព​បន្តិច​បន្តួច ដូច​ជា​ការ​ថើប ឬ​អោប ដែល​ជា​វិធី​ជួយ​ដាស់​អារម្មណ៍​យើងបន្តិច​ម្តងៗ រហូត​ដល់​អាច​​ចាប់​ផ្ដើម​រួម​ភេទ​ស៊ី​ជម្រៅ​ដូច​មុន។

    – ត្រូវ​រក្សា​សុខភាព​ ញ៉ាំ​អាហារ​ល្អ​ៗ ហាត់​ប្រាណ​ជា​ប្រចាំ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ពេល​រាង​កាយ​ និង​ស្មារតី​រឹង​មាំ អាច​ជួយ​ឲ្យ​ អាច​ចាប់​ផ្ដើម​រួម​ភេទ​ឡើង​វិញ​បាន​កាន់​តែ​ប្រសើរ។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម