backup og meta

រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2020

    រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

    ថ្ងៃ​ធ្លាក់​មេជីវិត​ញី(Ovulation) គឺ​ជា​ពេល​ដែល​អូវែ​បញ្ចេញ​ស៊ុត​​មេជីវិត​ញី ហើយ​មេជីវិត​ឈ្មោល​អាច​ជ្រៀត​ចូល​ក្នុង​ស៊ុត​ដើម្បី​បង្ក​កំណើត​។ ស្រីៗ​យើង​ភាគ​ច្រើន​ទំនង​ជា​អាច​មានផ្ទៃ​ពោះ​បាន​បើ​រួម​ភេទ​ ដោយ​មិន​ការពារ​​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មុន ឬ​ថ្ងៃធ្លាក់​​​​​មេ​ជីវិញីនេះ។

    តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​វដ្ដ​រដូវ?

    ជា​ធម្មតា​ស្រីៗ​យើង​មាន​រយៈពេល​នៃ​វដ្ដ​រដូវ​មិន​ដូច​គ្នា​ទេ ហើយ​ក្នុង​ករណី​នេះ​​យើ​ង​និយាយ​ពី​វដ្ដ​រដូវ​ដែល​មាន​រយៈពេល២៨​ថ្ងៃ។ ថ្ងៃ​ទី១ នៃ​វដ្ដ​រដូវ​ត្រូវ​ចាប់​រាប់​ពី​ថ្ងៃ​ដំបូង​ដែល​យើង​ចាប់​ផ្ដើម​មក​រដូវ។ ឈាម និង​ជាលិកា​ជញ្ជាំង​ស្បូន​បាន​ដាច់ និង​ធ្លាក់​ចុះ ដែល​យើង​ហៅ​ថា​ឈាម​រដូវ។ ជា​ធម្មតា​ស្រីៗ​យើង​​មាន​ធ្លាក់​ឈាម​រដូវ​ពី​៤​ទៅ​៨​ថ្ងៃ។ ការ​ធ្លាក់​ឈាម​រដូវ​ក៏​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ធ្លាក់​ចុះ​ទាប​ដែរ ដែល​ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​នេះ​ធ្វើ​ឲ្យ​ស្រីៗ​ខ្លះ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​មួម៉ៅ​ជា​ដើម​។​

    ក្នុង​អំឡុង​ថ្ងៃទី១​ដល់​ថ្ងៃទី​៥​នៃ​វដ្ដ​រដូវ​របស់​យើង ថង់​ជាច្រើន​​ដែល​មាន​ដោយ​ទឹក(ទឹក​រម្អិល)​នឹង​វិវត្ត​ឡើង​នៅ​ក្នុង​​អូវែ​ ដែល​គេ​ហៅ​ថា follicles ដែល​ថង់​នីមួយៗ​មាន​ផ្ទុក​ស៊ុត​មួយ​នៅ​ក្នុង​នោះ។

    រួមភេទ

    ចន្លោះ​ថ្ងៃ​ទី៥ និង​ទី​៧ មាន ​follicleតែ​មួយ​ប៉ុណ្ណោះ​នៅ​បន្ត​លូត​លាស់ ខណៈ​folliclesផ្សេង​ទៀត​ឈប់​លូត​លាស់ និង​បាន​ជ្រាប​ចូល​ទៅ​ក្នុង​អូវែ​វិញ។ ក្នុង​ពេល​នេះ​ដែរ កម្រិត​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ចាប់​ផ្ដើម​កើន​ឡើង​វិញ។ លុះ​ដល់ថ្ងៃទី៨ follicleបាន​បញ្ចេញ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូ​ហ្សែន​កាន់​តែ​ច្រើន និង​លូត​លាស់​ធំជាង​មុន។ ជា​ធម្មតា​ដល់​ថ្ងៃទី​៨ នឹង​លែង​មាន​ធ្លាក់​ឈាម​រដូវ​ទៀត​ហើយ​។

    ការ​កើន​ឡើង​នៃ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ពី​ follicleជួយ​ឲ្យ​ជញ្ជាំង​ស្បូន​រីកធំ​ និង​ក្រាស។ ជញ្ជាំង​ស្បូន​គឺ​ជា​ប្រ​ភព​នៃ​ឈាម និង​សារធាតុចិញ្ចឹម​ ហើយ​នឹង​ជួយ​ចិញ្ចឹម​អំប្រីយ៉ុង(embryo) បើ​សិន​ជា​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ។ អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ជួយ​បង្កើន​សារធាតុគីមី​ម្យ៉ាង​ក្នុង​ខួរ​ក្បាល ឈ្មោះ​ថា​endorphins ដែល​គេ​ស្គាល់​ថា​ជា​ធាតុ​គីមី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។

    របៀបគណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ពីរ​បី​ថ្ងៃ​មុន​ថ្ងៃទី១៤ នៃ​វដ្ដរដូវ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​នឹង​ឡើង​ខ្ពស់​ ហើយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​luteinizing hormone (LH)ឡើង​ខ្លាំង​ដែរ។ អ័រម៉ូនLH នឹង​ធ្វើឲ្យ​ follicle ពេញ​វ័យ​បែក និង​បញ្ចេញ​ស៊ុត​មេជីវិត​ញី​ពី​អូវែ ដែល​គេ​ហៅថា​ធ្លាក់​មេជីវិតញី(ovulation)។ ស្រីៗ​យើង​អាច​នឹង​មាន​ផ្ទៃពោះ​​បើ​រួម​ភេទ​នៅ​ពេល​នេះ ឬ​អំឡុង​បី​ថ្ងៃមុន​មេ​ជីវិត​ញី​នេះ​ធ្លាក់​មក ដោយ​ហេតុ​ថា​មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​សរី​រាងបន្ត​ពូជ​របស់​ស្រីៗ​បាន​ពី​៣​ទៅ​៥​ថ្ងៃ ខណៈ​ស៊ុត​មេ​ជីវិត​ញី​អាច​រស់​បាន​ត្រឹម​១២​ម៉ោង​ទៅ​២៤​ម៉ោង​។ ពី​រ​បី​ថ្ងៃ​មុន​ធ្លាក់​មេ​ជីវិត​ញី កម្រិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ដែល​ពេល​នេះ​ស្រីៗ​យើង​អាច​នឹង​មាន​អារម្មណ៍​ល្អ​ផង​ដែរ​។

    បើ​សិន​ជា​រយៈពេល​នេះ មិន​មាន​ការ​បង្ក​កំណើត​ទេ​ស៊ុត​នឹង​បែក​ជា​ចំណែកៗ​ ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៤ នៃ​វដ្ដ​រដូវ​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​បើ​យើង​មិន​មាន​ផ្ទៃពោះ​នោះ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម