ការរួមភេទ ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទាំងរាងកាយ និងផ្លូវចិត្ត។ ជាពិសេស វាបង្កើននូវអារម្មណ៍ល្អៗ ក៏ដូចជាភាពស្និទ្ធស្នាលជាមួយនឹងដៃគូទ្វេដង ប្រសិនបើយើងទាំងពីរទទួលបាននូវភាពសុខស្រួលខ្លាំងនៅពេលរួមភេទ។
ជាការពិតណាស់ មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ជីវិតស្នេហារបស់យើង មិនថាសរីរាង្គភេទ កម្រិតអ័រម៉ូនចំណង់ផ្លូវភេទ និងសមត្ថភាពដាស់អារម្មណ៍ផ្លូវភេទនោះទេ កត្តាខួរក្បាលក៏រួមចំណែកបំពេញបន្ថែមផងដែរ។
យ៉ាងណាមិញ ដើម្បីជួយដល់ការរួមភេទឲ្យទទួលបាននូវភាពសុខស្រួលដល់ចំណុចកំពូល គ្នាយើងគួរតែស្វែងរកពីកត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការរួមភេទ និងរកវិធីកែខៃជាមួយនឹងដៃគូភ្លាមៗដែរ។
១.កត្តាទំនាក់ទំនង
ភាពតានតឹង និងគម្លាតផ្លូវចិត្ត អាចបំផ្លាញដល់ជីវិតស្នេហាយើងបាន។ កត្តាចម្បងដែលជាឫសគល់នាំឲ្យកើតមានបញ្ហាទាំងនេះឡើង នោះអាចជារឿងហិរញ្ញវត្ថុ ឬការចិញ្ចឹមកូន។បើយើង និងដៃគូ មិនឆាប់រកវិធីដោះស្រាយទេនោះ ទំនាក់ទំនងស្នេហាយើងនឹងពុំមានសេចក្ដីសុខឡើយ។
២.ថប់បារម្ភពេលប្រតិបត្តិការ
នៅពេលដែលមនុស្សម្នាក់មានក្តីព្រួយបារម្ភច្រើនក្នុងពេលប្រតិបត្តិការ នោះនឹងគ្មានភាពរីករាយជាមួយនឹងជីវិតផ្លូវភេទទៀតឡើយ។ បញ្ហានេះ ច្រើនតែកើតឡើងចំពោះបុរស និងស្រ្តីដែលចូលដល់វ័យ៥០ឆ្នាំឡើង។
៣.រូបរាង និងការគិតចំពោះខ្លួនឯង
មានកត្តាជាច្រើនដែលធ្វើឲ្យយើង មានអារម្មណ៍ថាខ្លួនយើងគ្មានភាពទាក់ទាញដូចកាលពីមុនទៀត។ ការសម្រាលកូន របបអាហារមិនត្រឹមត្រូវ ឡើងទម្ងន់ ឬជ្រុះសក់ សុទ្ធតែផ្ដល់នូវផលអវិជ្ជមានដល់ចំណង់ផ្លូវភេទរបស់យើង។
៤.ការរំពឹងទុក និងបទពិសោធន៍មុនៗ
មនុស្សយើងម្នាក់ៗ សុទ្ធតែមានចំណង់ផ្លូវភេទនេះចាប់តាំងពីយើងចាប់កំណើតមកម្ល៉េះ។ប៉ុន្តែកត្តាគ្រួសារ វប្បធម៌ សង្គម សាសនា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដែលនៅជុំវិញខ្លួន អាចធ្វើឲ្យយើងកែប្រែឥរិយាបថថ្មីមួយទៀតចំពោះបញ្ហាផ្លូវភេទ។
៥.ស្ត្រេស និងការផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ
ស្រ្តេស និងភាពហត់នឿយ បានកាត់បន្ថយនូវចំណង់ផ្លូវភេទរបស់យើង នាំឲ្យយើងលែងមានភាពត្រេកត្រអាលនឹងការរួមភេទដូចមុនទៀត។ស្រ្តេសកើតឡើងចេញពីកត្តាជាច្រើន ដូចជាបញ្ហាកូនៗ ហិរញ្ញវត្ថុ ប៉ាម៉ាក់វ័យចំណាស់ សុខភាព មុខរបរ និងបញ្ហាជាច្រើនទៀត។ ទំនាក់ទំនងស្នេហារបស់យើង និងដៃគូ នឹងកាន់តែសោះអង្គើយទៅៗ ប្រសិនបើយើងពុំអាចគ្រប់គ្រងបញ្ហាស្រ្តេសបាន។
ដូចនេះ ប្រសិនបើយើងចង់ឲ្យរឿងលើគ្រែរបស់យើង និងដៃគូមានភាពល្អប្រសើរ និងទទួលបានភាពសុខស្រួលដល់កំពូល យើងគួរតែពិភាក្សាជាមួយនឹងដៃគូ ក៏ដូចជារកដំណោះស្រាយជាមួយគ្នា។
ចូរសាកល្បងបំភ្លេចចោលនូវរាល់ភាពសៅហ្មង រួចចាប់ផ្តើមប្រតិបត្តិការដោយភាពជឿជាក់ និងទំនុកចិត្តវិញម្តង នោះយើងនឹងទទួលបានអារម្មណ៍ស្រស់បំព្រងជាមួយនឹងរឿងលើគ្រែសារជាថ្មីមិនខាន។
[embed-health-tool-ovulation]