ខណៈពេលដែលសញ្ញានៃបញ្ហាភ្នែកស្ងួត កើតឡើងនៅពេលដែលភ្នែកមិនអាចផលិតទឹកភ្នែកគ្រប់គ្រាន់ ប៉ុន្តែមូលហេតុបង្កអាចមានភាពខុសៗគ្នា។ ដូច្នេះហើយ ដើម្បីកាត់បន្ថយភាពស្ងួត និងរក្សាសំណើមនៅក្នុងភ្នែកទៅតាមតម្រូវការ គ្នាយើងចាំបាច់ស្វែងរកមូលហេតុបង្កទូទៅជាមុនសិន។
១. ចំណាយពេលនៅមុខអេក្រង់ច្រើនជ្រុល
មិនថាយើងប្រើប្រាស់បណ្ដាញសង្គមនៅលើទូរស័ព្ទ ឬអង្គុយនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះទេ មនុស្សជាច្រើនតែងតែជួបបញ្ហាដោយសារតែបច្ចេកវិទ្យាឌីជីថលទាំងនេះ។ ជាធម្មតា យើងព្រិចភ្នែកញឹកញាប់ ប៉ុន្តែនៅពេលដែលយើងផ្ដោតអារម្មណ៍ និងសម្លឹងមើលអ្វីមួយ យើងបែរជាមិនសូវព្រិចភ្នែកទៅវិញ។ ពិតណាស់ ការព្រិចភ្នែកមានសារសំខាន់ណាស់ ពីព្រោះវាអាចធ្វើឲ្យស្រទាប់ទឹកភ្នែករបស់យើងស្រស់ថ្លាឡើងវិញ និងនាំមកស្រទាប់សំណើមថ្មីមួយនៅផ្ទៃខាងលើនៃភ្នែក។ ជារួម ប្រសិនបើអត្រាព្រិចភ្នែករបស់យើងថយចុះ ផ្ទៃខាងលើនៃភ្នែកក៏ចាប់ផ្តើមស្ងួតដូចគ្នា។
វិធីដោះស្រាយ៖
- ជៀសវាងមើលឧបករណ៍អេឡិចត្រូនិកជិតពេក
- ប្ដូរពន្លឺអេក្រង់ឲ្យស្មើនឹងពន្លឺដែលនៅជុំវិញខ្លួនយើង
- បង្កើនកម្រិតពណ៌អេក្រង់
- ប្រើប្រាស់កញ្ចក់ការពារភ្នែកពីពន្លឺកុំព្យូទ័រ
២. គុណភាពទឹកភ្នែកខ្សោយ
ភ្នែកស្ងួតកើតឡើងនៅពេលដែលយើងមិនអាចផលិតទឹកភ្នែកគ្រប់គ្រាន់ ឬបាត់បង់ទឹកភ្នែកច្រើនជ្រុល។ គុណភាពទឹកភ្នែកខ្សោយកើតឡើងជាទូទៅដោយសារតែរោគរលាកត្របកភ្នែក ។ នៅពេលដែលយើងមានជំងឺរលាកត្របកភ្នែក ស្រទាប់ខ្លាញ់អាចនឹងបំបែកចេញឆាប់រហ័ស និងធ្វើឲ្យទឹកភ្នែកហួតហួសកម្រិត ហើយត្របកភ្នែករបស់យើងនឹងឡើងក្រហម ព្រមទាំងរមាស់។
វិធីដោះស្រាយ៖
- សម្រាប់អ្នកដែលមានភ្នែកស្ងួត គប្បីប្រើថ្នាំបន្តក់ភ្នែកប្រភេទផ្ដល់សំណើម ។
- សម្រាប់ដោះស្រាយជំងឺរលាកត្របកភ្នែក យើងគួរស្អំកំណាត់ក្ដៅឧណ្ហៗ និងប្រើស្ក្រាប់ត្រដុសត្របកភ្នែក ។ ក្នុងករណីមិនបានធូរស្បើយ គួរពិភាក្សាជាមួយគ្រូពេទ្យ។
៣. បរិយាកាសស្ងួតពេក ខ្យល់ ឬផ្សែងខ្លាំងពេក
នៅពេលដែលបរិយាកាសស្ងួត ផ្ទៃខាងលើនៃភ្នែករបស់យើងក៏ស្ងួតដូចគ្នា។ បន្ថែមពីអាកាសធាតុស្ងួត កត្តាខ្យល់ និងផ្សែងក៏អាចស្រូបយកសំណើមពីភ្នែករបស់យើងផងដែរ។
វិធីដោះស្រាយ៖
- ដើម្បីដោះស្រាយបញ្ហានេះ យើងគប្បីប្រើប្រាស់ថ្នាំបន្តក់ភ្នែកប្រភេទផ្ដល់សំណើមនៅពេលព្រឹក ថ្ងៃ និងយប់ ដើម្បីរក្សាសំណើមភ្នែក និងការពារផ្ទៃខាងលើនៃភ្នែក។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនប្រើថ្នាំបន្តក់ណាមួយ។
៤. លក្ខខណ្ឌសុខភាពមួយចំនួន
បញ្ហាសុខភាពមួយចំនួនដូចជាកង្វះវីតាមីនA ជំងឺភ្នែកអាលែកហ្ស៊ី សុទ្ធតែអាចធ្វើឲ្យការផលិតទឹកភ្នែករបស់យើងថយចុះ។ ដូចគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហានេះ គ្នាយើងអាចប្រើប្រាស់ថ្នាំបន្តក់ភ្នែកប្រភេទផ្ដល់សំណើមរហូតដល់ទៅ៤ដងក្នុងមួយថ្ងៃ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងពីប្រភេទថ្នាំ និងវីធីប្រើប្រាស់បានត្រឹមត្រូវ។
[embed-health-tool-ovulation]