backup og meta

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងតិចនិក ៤យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 21, 2021

    ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងតិចនិក ៤យ៉ាងនេះ

    យើង​ដឹង​ហើយ​ថា​ភ្នែក​មាន​សារសំខាន់​កម្រិត​ណា​នោះ ដូច​នេះ​ហើយ​ការថែទាំ​ភ្នែក​ឲ្យមាន​សុខភាព​​ល្អ គឺ​ជា​រឿង​ចាំបាច់​ដូច​គ្នា​។ វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​អាច​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មាន​សុខភាព​ល្អ​បាន​។ តើ​មាន​វិធី​អ្វីខ្លះ?​​​

    ១. របប​អាហារ​ត្រឹម​ត្រូវ

    របប​អាហារ​ល្អ​ចំពោះភ្នែក​មាន​ផ្លែឈើ បន្លែ ពិសេស​បន្លែ​ពណ៌លឿង និង​បៃតង​ចាស់ មាន​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ភ្នែក។ ដូច​គ្នា​ដែរ ត្រី ស៊ុត និង​ផ្លែ​ឈើ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដូច​ជា​ផ្លែ​បឺរ​ ក៏​មាន​សារ​សំខាន់​ចំពោះ​សុខ​ភាព​ភ្នែក​ដូច​គ្នា​។

    ​បន្លែ​ ដែល​ល្អ​ចំពោះ​សុខភាព​ភ្នែក​មាន​ដូច​ជា ដំឡូងជ្វា ប៉េងប៉ោះ ការ៉ុត ខាត់ណាខៀវ និង​បន្លែ​ស្លឹក​បៃតង​ផ្សេងទៀត​ ជាដើម។ ចំណែក​ផ្លែឈើ​រួមមាន​ផ្លែ​បឺរ ក្រូច ផ្លែគីវី និង​ទំពាំង​បាយ​ជូរ ជាដើម​។

    ថែភ្នែកមានសុខភាពល្អ

    ២. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ

    ​ទម្ងន់​ខ្លួន​ក៏​ទាក់​ទង​នឹង​សុខភាព​ភ្នែក​ដែរ។ បើ​សិន​ជា​យើង​ធាត់​ពេក អាច​នាំ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ទៀត​សោត​បើ​គ្រប់​គ្រង​មិន​បាន​ល្អ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​ភ្នែក​ដែរ​។ បញ្ហា​ប្រឈម​ចំពោះ​សុខភាព​ភ្នែក គឺ​ជំងឺ​ភ្នែក​ដោយសារ​ទឹក​នោមផ្អែម និង​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​

    ៣. ហាត់​ប្រាណ​ជា​ប្រចាំ​

    ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​មិន​មែ​ន​ល្អ​តែ​សម្រាប់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ភ្នែក​ដែរ។ ល្អ​បែប​ម៉េច​វិញ? ល្អ​ចំពោះ​ភ្នែក ត្រង់​ថា​អ្នក​ហាត់​ប្រាណ​ជា​ប្រ​ចាំ អាច​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​នាំឲ្យ​យើង​មាន​បញ្ហា​គំហើញ​។ ដូច​នេះ បើ​យើង​បាន​ហាត់​ប្រាណ​ទៀង​ទាត់​ នោះ​មានន័យ​ថា​យើង​បាន​បន្ថយ​ហានិភ័យ​បញ្ហា​ភ្នែក​ដែរ​។​

    ​៤. សម្រាក​ភ្នែក​ខ្លះ​

    បច្ចុប្បន្ន​គ្នា​យើង​ជា​ច្រើន​កំពុង​ធ្វើ​ការ​លើ​កុំព្យូរទ័រ ហើយ​បន្ត​មើល​ទូរសព្ទ​ថែម​ទៀត​ផង​។ ការ​ប្រឹង​សម្លឹង​អេក្រង់​អេឡិច​ត្រូនិក​ទាំង​នេះ​យូរ​ម៉ោង​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​ព្រិច​ភ្នែក នាំ​ឲ្យ​​យើង​រួយ​ភ្នែក​។ ដូច​នេះ​ហើយ បើ​យើង​ធ្វើ​ការ​ច្រើន​លើ​កុំព្យូរទ័រ គួរ​សម្រាក​ភ្នែក​ខ្លះ​ទើប​ជា​ការ​ល្អ។ ជា​ការ​ណែ​នាំ​យើង​គួរ​សម្រាល​ភ្នែក​រាល់​២០​នាទី​ម្ដង និង​សម្លឹង​មើល​របស់​ផ្សេង​ចម្ងាយ​ពី​ខ្លួន​ប្រហែល​៦ម៉ែត្រ ក្នុង​រយៈពេល​២០​វិនាទី​។

    ​ក្រៅពី​នេះ​ ការ​មិន​ជក់​បារី ការ​ប្រើ​ប្រាស់​វ៉ែន​តា​បាន​​​ត្រឹម​ត្រូវ​តាម​កម្រិត​ភ្នែក និង​ពិនិត្យ​ភ្នែក ពេល​ភ្នែក​មាន​បញ្ហា ក៏​សុទ្ធ​តែ​ជា​វិ​ធី​ជួយ​ឲ្យ​ភ្នែក​យើង​មាន​សុខភាព​ល្អ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម