ភ្នែកជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់យើង ហេតុនេះហើយ យើងចាំបាច់ធ្វើការថែទាំឲ្យបានដិតដល់ ដើម្បីបញ្ចៀសពីបញ្ហាភ្នែកផ្សេងៗ។ ខាងក្រោមនេះ ជាវិធីសាស្ត្រងាយៗដែលអាចជួយឲ្យសុខភាពភ្នែករបស់យើងប្រសើរឡើង។
តិចនិកថែទាំសុខភាពភ្នែក
ពិតណាស់ ការថែទាំសុខភាពទាំងមូលក៏ជះឥទ្ធិពលចំពោះសុខភាពភ្នែកដូចគ្នា។ ដូច្នេះហើយ គ្នាយើងគប្បីអនុវត្តទម្លាប់ល្អៗ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺភ្នែក។
១. ញ៉ាំរបបអាហារសុខភាព
ការញ៉ាំបន្លែស្លឹកបៃតងដូចជាស្ពៃពួយឡេង ខាត់ណាខៀវ និងស្ពៃក្ដោប សុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពភ្នែករបស់យើង។ បន្ថែមពីនេះ គ្នាយើងគប្បីញ៉ាំត្រីដែលមានអាស៊ីដអូមេហ្គា៣ខ្ពស់ ដូចជាត្រីសាល់ម៉ុន និងត្រីធូណាជាដើម។
២. បញ្ចេញសកម្មភាពឲ្យបានច្រើន
ការបញ្ចេញសកម្មភាពរាងកាយជាប្រចាំ មិនត្រឹមតែជួយឲ្យសុខភាពយើងល្អប្រសើរនោះទេ វាក៏អាចកាត់បន្ថយបញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ូលខ្ពស់ដែលអាចប៉ះពាល់ដល់សុខភាពភ្នែករបស់យើងដូចគ្នា។
៣. បញ្ឈប់ការជក់បារី
ការជក់បារីប៉ះពាល់ដល់សួតយ៉ាងខ្លាំង ហើយវាក៏អាចផ្ដល់ផលអវិជ្ជមានដល់ភ្នែកផងដែរ ពីព្រោះវាបង្កើនហានិភ័យនៃជំងឺភ្នែកចុះខ្សោយ និងជំងឺភ្នែកឡើងបាយ ដែលអាចប៉ះពាល់ដល់សរសៃប្រសាទអុបទិក។
វិធីសាស្ត្រការពារភ្នែកឲ្យមានសុខភាពល្អ
ក្រៅពីការថែទាំភ្នែក គ្នាយើងមិនត្រូវភ្លេចការពារភ្នែកឡើយ។
១. ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ
ជាមួយគ្នានេះដែរ យើងគប្បីពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ និងត្រូវជ្រើសរើសប្រភេទវ៉ែនតាដែលអាចការពារពីកាំរស្មីUVA និងUVBពី៩៩ភាគរយដល់១០០ភាគរយ។
២. សម្រាកភ្នែក
នៅពេលដែលយើងមើលកុំព្យូទ័ររយៈពេលយូរ ភ្នែករបស់យើងនឹងហត់នឿយ។ ដូច្នេះហើយ យើងចាំបាច់ត្រូវសម្រាកភ្នែកជារៀងរាល់២០នាទីម្ដង ដោយមើលអ្វីផ្សេងចំនួន២០វិនាទី ទើបជាការប្រសើរ។
៣. រក្សាអនាម័យនៅពេលប្រើប្រាស់Contact lenses
ចូរលាងសម្អាតដៃឲ្យបានស្អាតមុនពេលពាក់ ឬដោះContact lenses និងត្រូវសម្លាប់មេរោគContact lenses ក៏ដូចជាផ្លាស់ប្ដូរវាជាទៀងទាត់។
[embed-health-tool-ovulation]