វីតាមីនK គឺជាសារធាតុចិញ្ចឹមមួយ ដែលយើងមិនសូវយកចិត្តទុកដាក់ ប៉ុន្តែបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សវ័យចំណាស់ដែលមានកម្រិតវីតាមីនKទាប អាចមានហានិភ័យខ្ពស់នៃការឆាប់ស្លាប់។
វីតាមីនK គឺជាសារធាតុចិញ្ចឹមមួយ ដែលយើងមិនសូវយកចិត្តទុកដាក់ ប៉ុន្តែបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សវ័យចំណាស់ដែលមានកម្រិតវីតាមីនKទាប អាចមានហានិភ័យខ្ពស់នៃការឆាប់ស្លាប់។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការអង្កេតទៅលើមនុស្សពេញវ័យចំនួន៤០០០នាក់ ដែលមានអាយុចន្លោះពី៥៤ដល់៧៦ឆ្នាំ។ អ្នកទាំងនោះមិនមានជំងឺបេះដូងទេ នៅពេលចាប់ផ្ដើមការវិភាគ។ ពួកគេត្រូវបានបែងចែកទៅតាមកម្រិតឈាមនៃវីតាមីនK ហើយធ្វើការប្រៀបធៀបព័ត៌មាននោះជាមួយអត្រាជំងឺបេះដូង និងមរណភាពក្នុងរយៈពេល១៣ឆ្នាំ។ លទ្ធផលបានបង្ហាញថា មិនមានទំនាក់ទំនងច្បាស់លាស់រវាងកម្រិតវីតាមីន K និងជំងឺបេះដូងទេ។ ប៉ុន្តែ អ្នកដែលមានវីតាមីនK ទាបបំផុត គឺងាយនឹងស្លាប់រហូតដល់១៩%នៅអំឡុងពេលសិក្សា ជាងអ្នកដែលមានកម្រិតK គ្រប់គ្រាន់។
ថ្វីត្បិតតែមូលហេតុជាក់លាក់នៃការពាក់ព័ន្ធរវាងកម្រិតវីតាមីនKទាប និងអត្រាមរណៈខ្ពស់ គឺនៅមិនទាន់អាចបកស្រាយបានក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានដឹងថា វីតាមីនមួយប្រភេទនេះ អាចជួយការពារការកកើតជាតិកាល់ស្យូមនៅក្នុងសរសៃឈាម ដែលទាក់ទងទៅនឹងការថយចុះលំហូរឈាមទៅពាសពេញរាងកាយ។

ជាមួយគ្នានេះដែរ ការសិក្សាផ្សេងទៀតបានបង្ហាញអំពីការពាក់ព័ន្ធរវាងកម្រិតវីតាមីនK ទាប និងហានិភ័យខ្ពស់នៃជំងឺរលាកសន្លាក់ឆ្អឹងថា ស្ថានភាពនេះអាចជះឥទ្ធិពលដល់ការចល័ត និងការកើនឡើងនៃការដួល ដែលអាចរួមចំណែកដល់ការឆាប់ស្លាប់។
ជាទូទៅ មនុស្សពេញវ័យគួរញ៉ាំវីតាមីនK ឲ្យបាន១២០មីក្រូក្រាមជារៀងរាល់ថ្ងៃ ប៉ុន្តែ៦០%នៃមនុស្សដែលមានវ័យ៧០ឆ្នាំ និងលើសពីនេះ គឺមិនធ្វើតាមការណែនាំនេះឡើយ។ វីតាមីនK ត្រូវបានរកឃើញនៅក្នុងបន្លែបៃតង និងប្រេងបន្លែ ដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.pharmacytimes.com/news/study-suggests-vitamin-k-may-offer-protective-health-benefits-in-older-age
https://www.health.harvard.edu/staying-healthy/vitamin-k-may-offer-protective-health-benefits-in-older-age
កំណែប្រែបច្ចុប្បន្ន
25/01/2021
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ