តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វីតាមីនចាំបាច់មួយ​ចំនួន សម្រាប់​សុខភាព​ស្រ្តីវ័យចំណាស់

    វីតាមីនចាំបាច់មួយ​ចំនួន សម្រាប់​សុខភាព​ស្រ្តីវ័យចំណាស់

    ស្ថិត​ក្នុង​វ័យ​ចំណាស់ ស្រីៗ​យើង​នៅតែ​ត្រូវ​ការ​វីតាមីន​ដូច​ពេល​​យើង​នៅ​វ័យ​ក្មេង​អ៊ីចឹង​ដែរ តែ​គ្រាន់​តែ​ថា​​ត្រូវ​ផ្ដោត​លើ​វីតាមីន​មួយ​ចំនួន​ជា​ពិសេស​នៅ​វ័យ​ចំណាស់​នេះ។ ការ​ប្រើ​ប្រាស់​អាហា​បំប៉ន​ប្រភេទ​វីតាមីន​​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ប្រាស់ ដូច​នេះ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​វីតាមីន​ណាមួយ​។

    ខាង​ក្រោម​នេះ​ជា​វីតាមីន​ចាំបាច់​មួយ​ចំនួន​ ដែល​ស្រីៗ​វ័យ​ចំណាស់​គួរ​ទទួលទាន​៖

    . វីតាមីន​B12 ជួយ​ប្រព័ន្ធ​ប្រសាទ​

    វីតាមីន​ B12 ជួយ​រក្សា​ប្រ​ព័ន្ធ​ប្រសាទ​កណ្ដាល បង្កើត​កោសិកា​ឈាម​ក្រហម និង​កសាងសមាសធាតុហ្សែន​ក្នុង​កោសិកា ។ វីតាមីន​B12 ត្រូវ​បាន​ណែនាំ​ឲ្យ​ស្រ្តី​វ័យ​ចំណាស់​ទទួល​បាន​ចំនួន​២,៤​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។

    ប៉ុន្តែ​រាង​កាយ​មនុស្ស​ស្រី​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​ស្រូប​យក​វីតាមីន​នេះ នៅ​ពេល​វ័យ​កាន់​តែ​ច្រើន។ វ័យ​កាន់​តែ​ចាស់ រាងកាយ​យើង​ក៏​ផលិត​អាស៊ីដ​ក្រពះ​កាន់​តែ​តិច។ ដោយ​សារ​អាស៊ី​ដ​ក្រពះ​ថយ​ចុះ ការ​ស្រូប​យក​វីតាមីនB12 របស់​រាង​កាយ​ពី​អាហារ​ក៏​ថយ​ចុះ​ដូច​គ្នា។ វីតាមីន​ B12 អាច​ឆ្លង​កាត់​​ប្រ​ព័ន្ធ​រំលាយ​អាហារ ដោយ​មិន​មាន​ការ​ស្រូប​យក​ពី​រាង​កាយ ដែល​ការណ៍​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​វីតាមីន​ក្នុង​ខ្លួន និង​អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ អស់កម្លាំង និង​ស្ពឹកដៃ​ជើង​ជា​ដើម។​​​

    អាហារ​ដែល​ជា​ប្រភព​នៃ​វីតាមីន B12 មាន​នៅ​​ត្រី សាច់ ទឹកដោះគោ ឈីស និង​ស៊ុត​ជា​ដើម។

    អាហារមនុស្សចាស់

    . វីតាមីន D ជំនួយ​ឆ្អឹង​

    ជា​ធម្មតា​ទេ​​ឈាន​ចូល​ដល់​វ័យ​ចូល​និវត្តន៍ មនុស្ស​យើង​អាច​នឹង​បាត់​បង់​ជា​លិកាឆ្អឹង​​ជាពិសេស​សម្រាប់​មនុស្ស​ស្រី។ ស្រីៗ​ក្នុង​វ័យ​នេះ​អាច​ពន្យា​ពេល​នៃការ​បាត់​បង់​ឆ្អឹង និង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ពុក​ឆ្អឹង និង​បាក់​ឆ្អឹង​បាន ដោយ​ត្រូវ​ទទួល​បាន​វីតាមីនD គ្រប់​គ្រាន់​។ ការ​ទទួល​បាន​វីតាមីន​D គ្រប់​គ្រាន់​ក៏​នឹង​ជួយ​ឲ្យ​ឆ្អឹង​ស្រូប​យក​រ៉ែកាល់ស្យូម​បាន​ល្អ ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ។

    ក្រៅពី​ជួយ​ដល់​ឆ្អឹង វីតាមីនD ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ការពារ​​យើង​ពី​ជំងឺ​ផ្សេងៗ​ដែរ​។ ពេល​ឈាន​ដល់​វ័យ​៧០​ឆ្នាំ ស្រីៗ​យើង​ត្រូវ​ការ​វីតាមីន​D​ពី​១៥​មីក្រូក្រាម ទៅ​២០​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។

    ពន្លឺ​ព្រះ​អាទិត្យ​ជា​ប្រភព​ដ៏ល្អ​នៃ​វីតាមីន D។ ក្រៅពី​ពន្លឺ​ព្រះអាទិត្យ ប្រភព​នៃ​វីតាមីនD មាន​នៅ​ក្នុង​ត្រី​សាល់​ម៉ុន ត្រីសាឌីន សាច់​ក្រហម ថ្លើម និង​ស៊ុត​ជា​ដើម​។

    . វីតាមីន C

    គ្នា​យើង​ពិត​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​វីតាមីនC ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ប៉ុន្តែ​ដឹង​ទេ​ថា​វីតាមីន​នេះ​មាន​ប្រយោជន៍​បន្ថែម​ផ្សេង​ទៀត​។ វីតាមីន​C ដើរ​តួជា​សារធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម ជួយ​បញ្ឈប់ រ៉ាឌីកាល់សេរី ដែល​អាច​បំផ្លាញ​កោសិកា និង​បង្កើត​ឱកាស​ឲ្យ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​បាន។

    វីតាមីន C ក៏​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​ខូឡាជែន ដែល​ខូឡាជែន​ជួយ​ភ្ជាប់​ជាលិកា សាច់ដុំ និង​ឆ្អឹង​ ហើយ​ក៏​ជួយ​ដល់​ការ​ជា​សះ​ ពេល​យើង​មាន​របួស​ផង​ដែរ​។ វីតាមីនC ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​ទម្រង់​ធ្មេញ និង​ឆ្អឹង និង​ជួយ​ដល់​ការ​ពង្រឹង​សរសៃឈាម​ទៀត​ផង។ ជា​ធម្មតា​យើង​ត្រូវ​ការ​វីតាមីន C ៧៤​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ប្រសិនជា​យើង​ជក់​បារីទៀត​នោះ រាង​កាយ​យើង​នឹង​មាន​កម្រិត​រ៉ាឌីកាល់​សេរី​ខ្ពស់ និង​ត្រូវ​ការ​វីតាមីនC ៣៥​មិល្លីក្រាម​បន្ថែម លើ​គោលការណ៍​ដែល​បាន​ណែ​នាំ។

    សម្រាប់​មនុស្ស​មាន​វ័យ​ចន្លោះពី​១៩ ទៅ​ដល់​៦៤​ឆ្នាំ មាន​ការ​ណែនាំ​ឲ្យ​ទទួល​បាន​វីតាមីនC ៤០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។​ ប្រភព​នៃ​វីតាមីន​C គឺ​មាន​ក្រូច ខាត់​ណាខៀវ ស្រ្ត័រ​បឺរី និង​ដំឡូង ជា​ដើម។

    . វីតាមីន A ជំនួយ​ភ្នែក​

    ស្រ្តី​យើង​ពេល​វ័យ​កាន់តែ​ចាស់ ពិសេស​ក្នុង​វ័យ​ចូល​និវត្ត​ន៍​ហើយ​នោះ ភ្នែក​ក៏​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ។ ពេល​សាច់​ដុំ​ភ្នែក​ចុះ​ខ្សោយ នឹង​ធ្វើ​ឲ្យ​មាន​ស្នាម​លឿង​តូចៗកើតមាន​នៅ​ក្រោម​ស្រទាប់​រ៉េទីន។ យូរៗ​ទៅ​វត្តមាន​ស្នាម​លឿង​ទាំង​នេះ​​នឹង​រំខាន​ដល់​គំ​ហើញ និង​អាច​បំផ្លាញ​ដល់​កោសិកា​ភ្នែក​យើង​ទៀត​ផង​។

    វីតាមីន​A ជា​ប្រ​ភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​ជា beta-carotene ដែល​អាច​ជួយ​ពន្យឺត​ការ​បាត់​បង់​គំហើញ​នេះ និង​ជួយ​ការ​ពារ​កោសិកា​ភ្នែក​បាន​ទៀត​ផង​។

    ដើម្បី​ការ​ពារ ឬ​ពន្យា​ពេល​នៃ​ការ​ខូច​ខាត ឬ​បាត់​បង់​គំហើញ​នៅ​វ័យ​កាន់​តែ​ច្រើន ជា​ការ​ណែ​នាំ​ស្រីៗ​យើង​វ័យ​ចូល​និវត្តន៍​ គួរ​ទទួល​បាន​វីតាមីន A ៧០០​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ។​ ប្រភព​របស់​វីតាមីន A មាន​​ ស៊ុត ឈីស ថ្លើម​សត្វ ខ្លាញ់ត្រី ទឹកដោះគោ និង​យ៉ាអ៊ួរ ជា​ដើម​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/286820-ideal-vitamins-for-senior-citizen-women/

    https://www.nhs.uk/conditions/vitamins-and-minerals/vitamin-b/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 26/02/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: