វ័យកាន់តែជ្រេ ហាត់ប្រាណក៏មិនអាចដូចក្មេងដែរ។ ក្មេងមានការហាត់របៀបក្មេង ឯមនុស្សវ័យចំណាស់ក៏ដូចគ្នា។ យើងហាត់ខ្លួនឯង ឬមានចាស់ៗក្នុងផ្ទះ ដែលឧស្សាហ៍ហាត់ប្រាណ យើងគួរណែនាំការហាត់ដែលអត់ប៉ះពាល់ ឬលើសកម្លាំង។ បើយើងជាមនុស្សវ័យចំណាស់គួរជ្រើសការហាត់ណាដែលល្អសម្រាប់បេះដូង ឆ្អឹង ឬអវយវៈ អ៊ីចឹង “Hello គ្រូពេទ្យ” សូមណែនាំឲ្យសាកប៉ុន្មានវិធីនេះ៖
១- ប្រភេទ ឬជម្រើស
លំហាត់ប្រាណសម្រាប់មនុស្សវ័យចំណាស់មាន ៣ ប្រភេទធំៗ៖
-លំហាត់ប្រាណបែបអ៊ែរ៉ូបិក (Aerobic)៖ ល្អសម្រាប់បេះដូង និងសួត
-លំហាត់ប្រាណពង្រឹងរាងកាយ៖ ល្អសម្រាប់ឆ្អឹង និងសាច់ដុំ
-លំហាត់ប្រាណរក្សាតុល្យភាពរាងកាយ៖ ជួយរក្សាតុល្យភាពរាងកាយ ទប់ស្កាត់ការដួល និងរបួសដាច់រលាត់។
ភាគច្រើនចាស់ៗទើបចាប់ផ្ដើមហាត់ ច្រើនបារម្ភឈឺខ្លួនខ្លាំង។ បើហាត់ប្រាណបានត្រឹមត្រូវ វាអាចទប់ទល់ស្ទើរតែគ្រប់ជំងឺទាំងអស់។
២- ហាត់បែបAerobic
ការហាត់បែបនេះមិនសូវដាក់សម្ពោធលើសន្លាក់ និងឆ្អឹងនោះទេ។ ការហាត់ប្រាណបែប Aerobic មានដូចជា ដើរ រត់តិចៗ ហែលទឹក ឬជិះកង់។ ពេលហាត់ ចង្វាក់បេះដូងដើរលឿនជាងមុន បង្កើនលំហូរឈាមដែលមានអុកស៊ីសែន និងសារធាតុចិញ្ចឹមរាងកាយ។ គួរចាប់ផ្ដើមពីជំហានតិចៗងាយៗ ទៅលំបាកបន្តិចម្ដងៗ។
– កំណត់គោលដៅមុនហាត់ ថាតើគួររើសយកការហាត់របៀបណា
– ព្យាយាមហាត់ឲ្យបានយូររៀងរាល់សប្ដាហ៍ ដើម្បីឲ្យរាងកាយអាចទម្លាប់នឹងសកម្មភាពទាំងនោះ។
៣- ហាត់បែបពង្រឹងរាងកាយ
ពេលរាងកាយខ្សោយ សាច់ដុំក៏ខ្សោយ ឯឆ្អឹងក៏បាត់បង់ទម្ងន់ ហើយសរសៃពួរសន្លាក់ភ្ជាប់ឆ្អឹងនឹងឆ្អឹង និងសរសៃពួរភ្ជាប់សាច់ដុំនឹងឆ្អឹង កាន់តែខ្សោយ។
ហាត់ពង្រឹងរាងកាយ អាចជួយឲ្យឆ្អឹងរឹងមាំ ហើយសាច់ដុំខ្លាំងជាថ្មី ហើយជួយពង្រឹងរាងកាយ និងការពារដង់ស៊ីតេឆ្អឹងធ្លាក់ទាប ដែលងាយនឹងបាក់ឆ្អឹងនោះឡើយ។ ហាត់ប្រាណបែបពង្រឹងរាងកាយ មិនមែនមានន័យថា ជួយឲ្យក្លាយជាអ្នកលើកទម្ងន់ ឬមានសាច់ដុំធំៗនោះទេ។
សកម្មភាពងាយៗ មាន ងើបអង្គុយ អង្គុយងើបៗ ដោយមានកាន់ដបទឹក។ បើយើងជាមនុស្សវ័យចំណាស់ ធ្វើម៉េចឲ្យហាត់ប្រាណបែបនេះ ហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែមិនមែនហាត់ពីរថ្ងៃជាប់គ្នាទេ សម្រាប់ពេលដំបូងៗ។ យើងអាចហាត់ញឹក ឬច្រើនថ្ងៃជាងនេះបាន ពេលរាងកាយស៊ាំ។
នេះជាតិចនិក៖ គួរប្រើខ្សែទាញពិសេសដែលអាចបត់បែនបាន (Band) ជាជាងលើករបស់ធ្ងន់ផ្សេងៗ។
៤- ហាត់រក្សាតុល្យភាពរាងកាយ
ការហាត់ប្រាណបែបនេះ អាចរក្សាតុល្យភាពរាងកាយ និងការពារកុំឲ្យយើងងាយដួល។ វ័យកាន់តែច្រើន បើដួលអាចនាំឲ្យមានបញ្ហាសាច់ដុំធ្ងន់។ ការហាត់បែបនេះ មានដូចជា ឈរជើងមួយលាតដៃត្រដាង ឬងើបឈរឡើងចុះជាដើម ។ គួរហាត់ដើម្បីឲ្យសាច់ដុំ និងសរសៃយឺតល្អ អាចកម្ពៅសាច់ដុំ មុន ឬក្រោយពីហាត់បែប Aerobic (ដើរ រត់ ហែលទឹក ជិះកង់)។
– ហាត់ជិតជញ្ជាំង ឬកៅអី ដើម្បីបង្ការក្រែងលោដួល
– ហាត់ល្មមៗ ឬមធ្យមបានហើយ កុំដាក់សម្ពោធលើរាងកាយខ្លាំងពេក
– គួរមានស្បែកជើងកីឡា កង់ ឬ ឧបករណ៍ហាត់ផ្សេងទៀតឲ្យបានត្រឹមត្រូវ
– បើមានអាការៈឈឺចាប់ ឈឺទ្រូង សន្លាក់ ពិបាកដកដង្ហើម ឬមានអារម្មណ៍ថាមិនស្រួល ហើយខ្សោយ កុំទ្រាំហាត់ទៀត។
ភាពសកម្ម គឺល្អសម្រាប់សុខភាព ដូច្នេះគួរមានទម្លាប់ហាត់ប្រាណ និងស្វែងយល់ពីដំបូន្មានល្អៗ ដើម្បីឲ្យមានផលល្អ។
[embed-health-tool-bmi]