ចាស់ៗ បើមានជំងឺជាប់ខ្លួន អ្វីដែលសម្រាប់គឺត្រូវលេបថ្នាំ តាមវេជ្ជបញ្ជាជាប្រចាំ ឲ្យបានទៀងទាត់បំផុត។ និយាយស្រួល ប៉ុន្តែនៅពេលដែលសុខភាពបានល្អបន្តិច ហាក់ព្រងើយ ឬបន្ថយការយកចិត្តទុកដាក់លេបថ្នាំ ឲ្យទៀងភ្លាម។ ការគេចវេស មិនចង់លេប ឬពិបាកលេបម្ដងៗ ទាល់តែយើងហ្នឹងឯង ជាកូនជាចៅ ក្នុងផ្ទះ ជួយ។ គួរម៉េច?
ត្រូវច្បាស់ក្នុងចិត្តថា ថ្នាំដែលកំពុងប្រើរាល់ថ្ងៃ ជាថ្នាំអី ហើយប្រើប៉ុន្មានគ្រាប់ ប្រើពេលណាខ្លះ។ ចាស់ៗអាចឧស្សាហ៍ភ្លេច ក្រៅពីរំលឹកផ្ទាល់ហើយ យើងគួរសរសេរ ឬកត់ចំណាំ ថាត្រូវលេបថ្នាំអីខ្លះ ប៉ុន្មានគ្រាប់ ឬចម្លងតាមវេជ្ជបញ្ជា បន្ទាប់មក យកទៅបិទ នៅកន្លែងដែល(ប៉ាម៉ាក់–យាយកុង) ឧស្សាហ៍ចេញចូល ឬដើរកាត់បំផុតមិនថា តុ ទូទឹកកក ទ្វារ ជាដើម។
ម៉ោងពេលណាត់ជួបពេទ្យ ឬរាល់ការផ្លាស់ប្ដូរថ្នាំ គួរតែកត់ចំណាំ។ វេជ្ជបញ្ជានៅតែសំខាន់បំផុតដែលត្រូវអនុវត្តន៍តាម ក្រៅពីនេះ ដំបូន្មាន ឬការណែនាំ ក៏គួរធ្វើឲ្យបានខ្ជាប់ខ្ជួនដែរ។ បើកត់ចំណាំហើយ នៅតែមានអារម្មណ៍ថាខ្វះចន្លោះ គួរធ្វើតាមចំណុចទី មួយ ហើយថត(អាត់) ជាសំឡេង សម្រាប់ឲ្យប៉ាម៉ាក់ស្ដាប់។
៣– #រក្សាស្លាក
ស្នើសុំនូវស្លាកធំៗ ងាយស្រួលអាននៃឱសថដែលអ្នកប្រើប្រាស់ពីវេជ្ជបណ្ឌិត ឬឱសថការី ដូចជាប្រអប់(ថ្នាំ) ដើម អានស្លាកដោយប្រុងប្រយ័ត្ន ឬប្រើប្រអប់ជ័រ ឬប្លាស្ទិកពិសេសដើម្បីរៀបចំ ទុកដាក់ថ្នាំដែលប៉ាម៉ាក់ត្រូវលេប។ ការច្រឡំ ឬប្រើប្រាស់បរិមាណថ្នាំ ខុសវេជ្ជបញ្ជា ជារឿងគ្រោះថ្នាក់បំផុត។
៤– #របៀបទុកដាក់ថ្នាំ
ឱសថខ្លះត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពទាប។ ខ្លះទៀតមិនគួរដាក់នៅក្រោមព្រះអាទិត្យឡើយ ព្រោះសីតុណ្ហភាពខ្ពស់ ឬពន្លឺថ្ងៃអាចបំផ្លាញឱសថឲ្យខូចបាន ឬកាត់បន្ថយឥទ្ធិពលវា។ ហេតុនេះសួរវេជ្ជបណ្ឌិតអំពីរបៀបដែលគួរតែរក្សាទុកដាក់ឱសថ ដើម្បីកុំឲ្យប៉ះពាល់ដល់គុណភាព។ បន្ទប់ទឹក មិនមែនជាកន្លែងសម្រាប់ទុកថ្នាំទេ (ពេលខ្លះយើងអាចច្រឡំថាទីនោះត្រជាក់) ព្រោះ សំណើម និងភាពមានកម្តៅនៃបរិស្ថានអាចធ្វើឲ្យឱសថបែកធាតុបាន។
៥– #គោរពតាមវេជ្ជបញ្ជា
ជានិច្ចកាលសូមគោរពយ៉ាងម៉ឺងម៉ាត់តាមសេចក្ដីណែនាំនៃវេជ្ជបណ្ឌិតដើម្បីចៀសវាងផលរំខានបន្ទាប់បន្សំ ឬផលវិបាកជាក់លាក់ខ្លះ។ ពេលប្រើថ្នាំផ្សះ ការគោរពតាមវេជ្ជបញ្ជាអាចជួយបង្ការភាពស៊ាំនឹងឱសថផ្សះបាន។ អ្នកអាចឈប់ប្រើប្រាស់ឱសថពេលវេជ្ជបណ្ឌិតអ្នកនិយាយថាអាចឈប់បានមិនអីទេ។
បើចាស់ៗ ត្រូវចេញទៅក្រៅ គួររៀបចំថ្នាំឲ្យកាបូប ឬហោប៉ៅ របស់ពួកគាត់អោយហើយកុំខាន បើដឹងខ្លួនថា អាចទៅយូរ ឬដល់ម៉ោងលេបថ្នាំនៅក្រៅផ្ទះ។
៧– #ចាំរំលឹក
ចាស់ៗក្រៅពីឆាប់ភ្លេចហើយ គឺខូចមិនចង់ញ៉ាំថ្នាំ។ អ៊ីចឹងត្រូវមានអ្នកចាំ រំលឹក។ ដូចបញ្ជាក់ ធ្វើតាមវេជ្ជបញ្ជាជារឿងល្អបំផុត សម្រាប់ដោះស្រាយបញ្ហាក្នុងខ្លួន។ ត្រូវប្រគល់តួនាទីនេះ ទៅឲ្យអ្នកនៅកៀកគាត់បំផុត មិនឆាប់ភ្លេច យកចិត្តទុកដាក់ខ្ពស់ ហើយនិយាយទៅគាត់អាចស្ដាប់ ហើយព្រមធ្វើតាម។ វិធីក្រៅពីនេះ អាចដាក់ម៉ោងរោទិ៍ ដើម្បីកំណត់ ឬបញ្ជាក់ថា ដល់ម៉ោងញ៉ាំថ្មីហើយប៉ា/ម៉ាក់។
ការគ្រប់គ្រងឱសថគឺចាំបាច់ដើម្បីចៀសវាងការប្រើលើសកម្រិត ឬមានផលវិបាក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕