អ្នកឯកទេសសុខភាពមាត់ធ្មេញលើកឡើងថាក្រោយដុសធ្មេញហើយយើងអាចខ្ជាក់ថ្នាំដុសធ្មេញចេញពីមាត់បាន តែកុំទាន់ខ្ពុរមាត់ភ្លាមៗ ព្រោះថាអាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំដុសធ្មេញក្នុងការការពារធ្មេញ។
អ្នកជំនាញលើកឡើងថាការលាងសម្អាតមាត់ធ្មេញនឹងទឹកភ្លាមៗក្រោយដុសធ្មេញរួច នឹងធ្វើឲ្យធ្មេញមិនបានទទួលជាតិ fluoride មានក្នុងថ្នាំដុសធ្មេញនោះទេ។
លោក Nigel Carter OBE មានបទពិសោធន៍ជាទន្តបណ្ឌិតជាងបួនទសវត្សរ៍ និងបច្ចុប្បន្នជានាយកប្រតិបត្តិមូលនិធិសុខភាពមាត់ធ្មេញនៅចក្រភពអង់គ្លេស បានលើកឡើងថា ការលាងជម្រះមាត់ភ្លាមៗក្រោយដុសធ្មេញរួច គឺមិនល្អចំពោះធ្មេញនោះទេ ដោយថាធ្វើបែបនេះនាំឲ្យបាត់បង់ជាតិ fluorideដែលមាននៅក្នុងមាត់ក្រោយពីដុសធ្មេញ។
លោកថា ជាតិ fluoride គឺជាធាតុសំខាន់តែមួយគត់នៅក្នុងគ្រឿងផ្សំរបស់ថ្នាំដុសធ្មេញ។ លោកថាវាជួយពង្រឹងសុខភាពធ្មេញ ធ្វើឲ្យធ្មេញរឹងមាំធន់នឹងជំងឺពុកធ្មេញ។ ក្រៅពីនេះ fluoride នៅជួយកាត់បន្ថយបរិមាណអាស៊ីដដែលបញ្ចេញដោយពពួកបាក់តេរីនៅលើធ្មេញផងដែរ។
លោកបន្ថែមថា យើងអាចខ្ជាក់ថ្នាំដុសធ្មេញចេញពីក្នុងមាត់បាន តែកុំទាន់លាងសម្អាតមាត់របស់យើងភ្លាមៗ ដើម្បីឲ្យប្រាកដថាជាតិ fluoride បន្តមាននៅនឹងធ្មេញ និងបន្តការពារធ្មេញបាន។
ទោះយ៉ាងណា អ្នកជំនាញរូបនេះមិនបានបញ្ជាក់ទេថាគួរត្រូវទុករយៈពេលប៉ុន្មានក្រោយដុសធ្មេញរួច ទើបអាចខ្ពុរមាត់ចេញបាន ដោយលោកគ្រាន់បញ្ជាក់ថាកុំខ្ពុរមាត់សម្អាតថ្នាំដុសធ្មេញភ្លាមៗក្រោយដុសធ្មេញប៉ុណ្ណោះ។
[embed-health-tool-bmi]