ធ្មេញអាប់សែ (ឡើងខ្ទុះ) កើតឡើងនៅក្នុងមាត់ដែលបង្កចេញពីធ្មេញអញ្ចាញ ឬឆ្អឹង (ក្រាស) ធ្មេញដែលមានមេរោគ ព្រមទាំងមានខ្ទុះ។ បើបណ្ដោយ ឬព្យាបាលអត់ត្រឹមត្រូវស្រួលបួលទេ វាអាចនឹងមានអាការៈកាន់តែអាក្រក់ឡើង ហើយបន្តសាយភាយទៅជាលិកានៅជុំវិញ ដែលអាចប៉ះពាល់សុខភាពរាងកាយទាំងមូល។
ស្វែងយល់បន្ថែមជុំវិញរឿងអាប់សែធ្មេញ ថាម៉េចបានកើតអ៊ីចឹង ក្នុងអត្ថបទ “Hello គ្រូពេទ្យ” ខាងក្រោម៖
១- #មូលហេតុនាំឲ្យកើតអាប់សែ
– ឈឺ ហើយប្រើថ្នាំជាប្រចាំ
– ធ្មេញមានមេរោគ ហើយទុកចោលមិនព្យាបាល
– អនាម័យមាត់ធ្មេញមិនល្អ (សម្អាតធ្មេញមិនទៀងទាត់)។
អ្នកមាន “ធ្មេញអាប់សែ” ច្រើនតែឈឺ ហើយហើមក្នុងមាត់ និងមុខ។ បើករណីធ្ងន់ធ្ងរវិញ ការបង្ករោគនេះនឹងធ្វើឲ្យមិនស្រួលពោះ ក្អួតចង្អោរ គ្រុនក្ដៅ និងរាករូសក៏មាន។
បើមានអាការៈ ឬសង្ស័យថា ខ្លួនឯងកើតអាប់សែ កុំបង្អង់ ទៅពេទ្យភ្លាម។ ករណីអាប់សែ មើលទៅធំ និងជ្រៅខ្លាំង ការថតកាំរស្មីអ៊ិចប្រហែលជាចាំបាច់ដើម្បីវិភាគឲ្យដឹងពីស្ថានភាពជំងឺ។
ធ្មេញអាប់សែ អាចធ្វើការព្យាបាលដោយប្រើពពួកថ្នាំប្រឆាំងការរលាក និងថ្នាំបំបាត់ការឈឺចាប់ តែបើវាបែកធ្លាយ ត្រូវលាងមុខរបួស ដោយប្រើទឹកក្ដៅឧណ្ហនៗ។ បើអាប់សែមិនបែកដោយខ្លួនឯងទេ គ្រូពេទ្យនឹងចោះបង្ហូរខ្ទុះចេញ ហើយសម្រាប់អាប់សែលក្ខណៈធ្ងន់ធ្ងរវិញ ពេទ្យអាចនឹងវះកាត់ដោយប្រើថ្នាំសណ្ដំ។ ក្រោយសម្អាតចប់សព្វគ្រប់ ពេទ្យនឹងបន្តតាមដានស្ថានភាពអ្នកជំងឺ។
វិធីបង្ការជំងឺធ្មេញអាប់សែ គឺត្រូវព្យាយាមសម្អាតមាត់ធ្មេញឲ្យមានអនាម័យល្អ និងទៅព្យាបាលរោគពុកធ្មេញ បើឃើញចំណុចខ្មៅនៅលើធ្មេញ។ ត្រូវកាត់បន្ថយគ្រឿងស្រវឹង និងជក់បារី។
ធ្មេញអាប់សែ អាចមានការឈឺចាប់ខ្លាំងដែលមិនអាចទ្រាំបាន និងអាចបង្កគ្រោះថ្នាក់ទៀតផង។ ហេតុនេះ បើសង្ស័យថាមានអាប់សែ នៅក្នុងមាត់ ត្រូវទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យធ្មេញបានកាន់ឆាប់កាន់តែល្អ ព្រោះការព្យាបាលអាចមានលក្ខណៈសាមញ្ញ ដូចជា ការចោះបង្ហូរខ្ទុះ និងប្រើប្រាស់ថ្នាំ ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]